សមាគមឧស្សាហកម្មពិភពលោក SEMI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននៅលើពិភពលោកនឹងបង្កើនការវិនិយោគរបស់ពួកគេថែមទៀតដោយសារមានតម្រូវការបន្ទះឈីបលើសកម្រិតនៅក្នុងតំបន់ ចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន និងតម្រូវការបន្ទះឈីបសិប្បនិមិត្ត និងបន្ទះឈីបពាក់ព័ន្ធផ្សេងទៀត។
របាយការណ៍របស់សមាគមនេះ បានប៉ាន់ប្រមាណថា ការចំណាយរបស់ក្រុមហ៊ុនទាំងនេះនឹងកើនឡើង២៤% ពោលគឺនឹងឡើងដល់១២៣ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ហើយនឹងបន្តកើនឡើងរហូតដល់៤០០ពាន់លានដុល្លារនៅក្នុងចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧។
សមាគមដដែលនេះ បានឱ្យដឹងដែរថា ក្រុមហ៊ុនផលិតបន្ទះឈីបនៅប្រទេសចិន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ បាននាំមុខគេនៅលើពិភពលោកក្នុងការវិនិយោគលើឧស្សាហកម្មផលិតបន្ទះឈីបកុំព្យូទ័រនៅក្នុងចន្លោះពេលនោះ ដោយគេបានព្យាករថា ចិននឹងរក្សាជំហររបស់ខ្លួនចំណាយច្រើនជាងគេរហូតដល់ជាង១០០ពាន់លានដុល្លារក្នុងរយៈពេល៣ឆ្នាំខាងមុខនេះទោះបីជាការចំណាយរបស់ចិន នៅឆ្នាំនេះកំពុងធ្លាក់ចុះ បើធៀបនឹងឆ្នាំមុនៗក៏ដោយ។
សមាគមនេះបានបន្តទៀតថា ក្រុមហ៊ុនកូរ៉េខាងត្បូង ដូចជាក្រុមហ៊ុនសាំស៊ុង និងក្រុមហ៊ុន អេសខេ ហ៊ីនិក (SK Hynix) ជាដើម នឹងវិនិយោគ៨១ពាន់លានដុល្លារនៅក្នុងពេលដូចគ្នានេះ ចំណែកក្រុមហ៊ុន TSMC របស់តៃវ៉ាន់នឹងវិនិយោគចំនួន៧៥ពាន់លានដុល្លារ ខណៈក្រុមហ៊ុននេះកំពុងបង្កើតរោងចក្រមួយចំនួននៅសហរដ្ឋអាម៉េរិក ជប៉ុន និងអឺរ៉ុប។
ក្រៅពីនេះ ក្រុមហ៊ុននៅអាម៉េរិក នឹងវិនិយោគប្រមាណ៦៣ពាន់លានដុល្លារ ហើយនៅជប៉ុន នឹងវិនិយោគ៣២ពាន់លានដុល្លារ ខណៈនៅតំបន់អឺរ៉ុប នឹងវិនិយោគ២៧ពាន់លានដុល្លារក្នុង រយៈពេល៣ឆ្នាំខាងមុខនេះផងដែរ៕
អត្ថបទ៖ សុខ មង្គល