នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (lLi Qiang) និងសមាជិកអាស៊ានបានចុះហត្ថលេខាលើកំណែថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ បើតាមការអះអាងរបស់មន្ត្រីមួយចំនួនរបស់អាស៊ាន កិច្ចព្រមព្រៀងដែលទើបកែសម្រួលថ្មីនេះផ្តោតសំខាន់លើការលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល និងថាមពលប្រកបដោយចីរភាព និងមានបំណងបើកឱកាសបន្ថែមទៀតសម្រាប់អាជីវកម្មខ្នាតតូច។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានឆ្នាំនេះបាននិយាយនៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងនេះនឹងជួយជំរុញសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ ចំពេលមានភាពមិនប្រាកដប្រជាជាសកល។
កំណែថ្មីនៃកតិកាសញ្ញាខាងលើនេះ បានអនុញ្ញាតឱ្យមានការចូលទៅកាន់ទីផ្សារកាន់តែច្រើនរវាងប្រទេសចិន និងរដ្ឋជាសមាជិកអាស៊ាន ដោយជួយបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់៧៧២ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ ដោយកើនឡើងពី៣១៩ពាន់លានដុល្លារនៅឆ្នាំ២០១២។ នេះបើយោងតាមស្ថិតិអាស៊ាន។
មហាយក្សចិន កំពុងស្វែងរកការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន ដែលមានផលិតផលក្នុងស្រុកសរុបចំនួន៣,៨ទ្រីលានដុល្លារ ដើម្បីទប់ទល់នឹងពន្ធនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ ដែលដាក់ដោយរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ លើប្រទេសនានាជុំវិញពិភពលោក។
ការចុះហត្ថលេខាលើកំណែថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-អាស៊ានខាងលើបានធ្វើឡើងនៅមុនពេលមានកិច្ចប្រជុំរវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅប្រទេសកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំកំពូល APEC។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីជម្លោះពាណិជ្ជកម្ម ដែលកំពុងបន្តរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕
ដោយ៖ សុខ មង្គល