តើទីផ្សារលម៉ើក្នុងស្រុកមានការប្រែប្រួលយ៉ាងណា?

តើទីផ្សារលម៉ើក្នុងស្រុកនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?


ដំណាំលម៉ើ ជាដំណាំផ្លែឈើមួយប្រភេទ ដែលមានតម្លៃខ្ពស់គួរសមបើធៀបនឹងផ្លែឈើ ហូបផ្លែដទៃទៀត ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជា ហាក់មិនសម្បូរច្រើននោះទេ។ បើតាមការបញ្ជាក់របស់អ្នកគ្រប់គ្រងចម្ការលម៉ើធំមួយបានអះអាងប្រាប់ខេមបូណូមីសថា ស្ថានភាពតម្លៃ និងទីផ្សារលម៉ើក្នុងស្រុកនៅឆ្នាំនេះ ហាក់មិនសូវមានការប្រែប្រួលច្រើននោះទេ បើធៀបនឹងឆ្នាំមុនៗ ប៉ុន្តែដោយសារសម្ទុះនៃលម៉ើនាំចូលមានបរិមាណច្រើន ក៏បានធ្វើឱ្យការលក់លម៉ើដាំនៅក្នុងស្រុកហាក់មានការពិបាកលក់ជាងឆ្នាំមុនបន្តិចផងដែរ ដ្បិតតម្លៃលម៉ើនាំចូលមានតម្លៃទាបជាងលម៉ើដាំក្នុងស្រុក។
តើទីផ្សារលម៉ើក្នុងស្រុកនៅឆ្នាំនេះ មានការប្រែប្រួលយ៉ាងណាដែរ?
ដោយ

លោក ខេង វីរ៉ែន អ្នកគ្រប់គ្រងចម្ការលម៉ើតាខ្នា នៅខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ទីផ្សារលម៉ើនៅក្នុងចម្ការរបស់លោកនៅឆ្នាំនេះ ហាក់មិនសូវមានការប្រែប្រួលច្រើននោះទេ គឺនៅតែទទួលបានការគាំទ្រច្រើនដូចរាល់ឆ្នាំពីអតិថិជន ដែលពួកគាត់បានមកគាំទ្រទៅទិញដល់ចម្ការផ្ទាល់ ប៉ុន្តែសម្រាប់ការលក់បោះដុំវិញ ហាក់មានការពិបាកលក់ចេញបន្តិចបើធៀបនឹងឆ្នាំមុនៗ ដោយសារតែបញ្ហាសេដ្ឋកិច្ចប្រែប្រួល ក៏ដូចជាសម្ទុះនៃលម៉ើនាំចូលមានចំនួនច្រើន និងមានតម្លៃទាបជាងលម៉ើដាំក្នុងស្រុកផងដែរ។ បើតាមអ្នកគ្រប់គ្រោងចម្ការលម៉ើតាខ្នារូបនេះ តម្លៃលម៉ើនៅចម្ការរបស់លោក គឺអាចលក់បានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារក្នុងមួយគីឡូក្រាម។

បើតាម លោក ខេង វីរ៉ែន ការប្រមូលផលលម៉ើនៅចម្ការរបស់លោក គិតមកទល់ពេលនេះ សម្រេចបានប្រមាណ ៥០% ហើយ និងរំពឹងថា ទិន្នផលលម៉ើនៅឆ្នាំនេះទទួលផលបានត្រឹមតែជាង ២០តោន ទៅ៣០តោនប៉ុណ្ណោះ ដែលចំនួននេះបើធៀបនឹងឆ្នាំ២០២១ គឺមានការធ្លាក់ចុះដល់ទៅ ៥០% ទៅ៦០% ឯណោះ។ ការធ្លាក់ចុះទិន្នផលយ៉ាងគំហុកនេះ ត្រូវបានលោក វីរ៉ែន អះអាងថា គឺបណ្តាលមកពីបញ្ហាអាកាសធាតុដែលមានភ្លៀងធ្លាក់ច្រើននៅដើមរដូវ។

ដោយឡែក លោក សាន សុខន អ្នកគ្រប់គ្រងចម្ការលម៉ើយ៉ាដា នៅស្រុកសំពៅលូន ខេត្តបាត់ដំបងវិញ បានអះអាងថា ទីផ្សារល្មើរបស់ចម្ការលោកឆ្នាំនេះ ក៏មិនមានការប្រែប្រួលនោះដែរ ពោលគឺការលក់នៅតែទទួលបានការគាំទ្រច្រើនពីអតិថិជន ឬអាចនិយាយបានថា ហាក់ល្អប្រសើរជាងឆ្នាំមុនទៅទៀត។ លោក សុខន បន្ថែមថា ទិន្នផលនៅឆ្នាំនេះ ក៏មិនមានការប្រែប្រួលច្រើននោះដែរ ដែលរំពឹងថានៅឆ្នាំនេះអាចទទួលផលបានចន្លោះពី ១៥តោន ទៅ២០តោន។ សម្រាប់តម្លៃវិញមួយគីឡូក្រាមអាចលក់ចេញក្នុងតម្លៃ ១៥ដុល្លារ សម្រាប់ភ្ញៀវបញ្ជាទិញ និង១២ដុល្លារកន្លះសម្រាប់ភ្ញៀវទៅទិញដល់ចម្ការផ្ទាល់។ លម៉ើរបស់ចម្ការល្មើយ៉ាដា ភាគច្រើនត្រូវបានលក់បោះដុំឲ្យផ្សារលក់ទំនិញម៉ាក្រូ និងទំនើបផ្សេងៗទៀតផងដែរ។ បើតាមម្ចាស់ចម្ការលម៉ើយ៉ាដារូបនេះ បើទោះបីមានការនាំចូលលម៉ើច្រើនពីខាងក្រៅ និងលក់ចេញក្នុងតម្លៃថោកជាងក៏ដោយ ប៉ុន្ដែ លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋនៅតែមានការគាំទ្រច្រើនចំពោះ លម៉ើដែលដាំនៅក្នុងស្រុក។

បើតាមការអះអាងរបស់ម្ចាស់ចម្ការដាំដុះលម៉ើខាងលើនេះ ជាមុខដំណាំថ្មីមួយ សម្រាប់កសិករដាំដុះ ជាមួយនឹងតម្លៃខ្ពស់ ប៉ុន្ដែ ការដាំដុះដំណាំនេះ ទាមទារឲ្យឱ្យមានការសិក្សាស្វែងយល់ឲ្យបានម៉ត់ចត់ទាក់ទងនឹងបច្ចេកទេសដាំដុះ និងបញ្ហាអាកាសធាតុជាដើម ហើយវាក៏ត្រូវការចំណាយដើមទុនច្រើនគួរសមដែរ៕




អត្ថបទបន្ទាប់


ទីផ្សាររថយន្តជជុះនៅវៀតណាម កំពុងស្ថិតក្រោមសម្ពាធ ដោយសាររថយន្តថ្មីតម្លៃកាន់តែថោកជាងមុន

ព័ត៌មាន
ក្រុមអាជីវកម្មលក់ថយន្ដនៅក្នុងប្រទេសវៀតណាមបានអះអាងថា ទីផ្សារថយន្ដជជុះ បានមើលឃើញ ស្ថានភាពមិនសូវល្អប៉ុន្មានទេ នៅមួយរយៈចុងក្រោយនេះ ពោលគឺចាប…

ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារវៀតណាម ធ្លាក់ចុះជិត១៤% នៅឆមាសទី១ ឆ្នាំ២០២៣នេះ

ព័ត៌មាន
ប្រទេសវៀតណាម គឺទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅដ៏ធំបំផុតរបស់កម្ពុជា ខណៈកន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសក្បែរខាងមួយនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ