
ក្រោយឡើងកាន់អំណាចជាថ្មីនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិកជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន៣៦០ដឺក្រេគួរឱ្យភ្ញាក់ផ្អើល តាមរយៈការបញ្ចប់កិច្ចប្រឹងប្រែងធ្វើឱ្យក្រុងមូស្គូឯកោ ដោយលោកបានងាកទៅជជែកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន តាមទូរស័ព្ទ ហើយក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក និងក្រុមមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ក៏បានចរចាគ្នាជុំវិញបញ្ហាសង្គ្រាមនេះដោយគ្មានវត្តមានអ៊ុយក្រែនចូលរួម។
ហើយកាលពីថ្ងៃទី១៩ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានថ្កោលទោសប្រធានានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ថា ជាជនផ្ដាច់ការ ជាហេតុនាំឱ្យប្រទេសជាសមាជិកមួយចំនួននៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ដូចជាអូស្ត្រាលី អាល្លឺម៉ង់ និងចក្រភពអង់គ្លេសជាដើមចេញមុខគាំទ្រលោក ហ្សេឡិនស្គី ដែលនេះឆ្លុះបញ្ចាំងពីការបែកបាក់សាមគ្គីរវាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។
លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនបានថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេសដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសអាហ្វ្រិកខាងត្បូង ថា ប្រទេសចិន គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលនាំមកនូវសន្តិភាពនៅអ៊ុយក្រែន រួមទាំងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីផងដែរ។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានលើកឡើងបន្ថែមទៀតថា ប្រទេសចិននឹងបន្តជួយដោះស្រាយវិបត្តិសង្គ្រាមនៅអ៊ុយក្រែននេះ៕
ដោយ: តែម សុខុម