ក្រោយពីមានការផ្ទុះឡើងខ្លាំងនូវ មេរោគដ៏កាចសាហាវនេះ នៅក្នុងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម និងជាអ្នកផ្គត់ផ្គង់សាច់មកកាន់ប្រទេសចិននោះ រដ្ឋាភិបាលចិន បានសម្រេចផ្អាកការនាំចូលសាច់ ជាបន្តបន្ទាប់ ហើយចុងក្រោយនេះ គឺផ្អាកការនាំចូលសាច់ពី ក្រុមហ៊ុនចំនួន ៣ មកពីប្រទេសអេក្វាទ័រ ដោយសារតែមេរោគកូវីដ-១៩ ត្រូវបានរកឃើញនៅលើកញ្ចប់វេចខ្ចប់សាច់របស់ពួកគេ។
ដើម្បីការពារការរីករាលនៃជម្ងឺកូវីដ-១៩ តាមរយៈការផ្គត់ផ្គង់ចំណីអាហារកក ឬត្រជាក់មកពីក្រៅប្រទេសនោះ ភាគីគយចិន បានរឹតបន្តឹងបន្ថែមលើ ការត្រួតពិនិត្យ និងស្វែងរកមេរោគលើចំណីអាហារនាំចូល ដើម្បីធានាឲ្យបាននូវសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋរបស់ខ្លួន។
គិតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន ២៣ហើយ ដែលបានផ្អាកការនាំចេញផលិតផលសាច់ កក មកកាន់ប្រទេសចិន ដោយក្នុងនោះ មានក្រុមហ៊ុនចំនួន ១០ បានសម្រេចចិត្តផ្អាកការផ្គត់ផ្គង់ដោយខ្លួនឯង បន្ទាប់ពី ចិន កំណត់ការរឹតបន្តឹងលើការនាំចូល។
គួរជម្រាបដែរថា ក្រៅពីប្រទេសអេក្វាទ័រ ចិន ក៏បានផ្អាកការនាំចូលសាច់មកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស និងប្រេស៊ីល ដែលសុទ្ធសឹងតែជា ដៃគូពាណិជ្ជកម្មដ៏សំខាន់ផងដែរ៕