ចំនួននៃការសម្លាប់សត្វជ្រូកនៅទូទាំងប្រទេសចិន បង្ហាញពីនិន្នាការកើនឡើង ហើយគិតមកនៅត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ តម្លៃលក់រាយសាច់ជ្រូកនៅក្នុងផ្សារទំនើបក្នុងទីក្រុងធំៗ និងមធ្យម ចំនួន ៣៦ ទីក្រុងនៃប្រទេសចិន គឺមាននៅតម្លៃ ៩ដុល្លារ ២០សេន ក្នុងមួយគីឡូក្រាម សម្រាប់សាច់ជ្រូកគ្មានខ្លាញ់។ តួលេខនេះ បានធ្លាក់ចុះ ៦,៨% ធៀបនឹងតម្លៃខ្ពស់ដែលមានកាលពីមុន។
លោកប៉េង សាហ្សុង អនុប្រធាននាយកដ្ឋានកំណត់តម្លៃនៃ គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងចាត់វិធានការដើម្បីឆ្លើយតបតម្រូវការសាច់ជ្រូកខ្ពស់ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ។
លោក ប៉េង បានគូសបញ្ជាក់ថា ដើម្បីធានាការផ្គត់ផ្គង់ទីផ្សារ និងស្ថិរភាពថ្លៃ នៅអំឡុងឱកាសបុណ្យចូលឆ្នាំចិននេះ រដ្ឋាភិបាល បានបន្តបញ្ចេញសាច់ជ្រូកដែលបានបង្កកទុក ដើម្បីដាក់លក់ទៅលើទីផ្សារ ហើយវាត្រូវបានគេរំពឹងថា តម្លៃសាច់ជ្រូក នឹងមានស្ថិរភាពនៅអំឡុងបុណ្យចូលឆ្នាំចិន ឆ្នាំនេះ។
សូមបញ្ជាក់ថា ដើម្បីការពារជីវភាពប្រជាជន ប្រទេសចិន បានដាក់ចេញនូវយន្ដការមួយក្នុងឆ្នាំ២០១៩ ភ្ជាប់ស្ដង់ដារជំនួយសង្គម ជាមួយនឹងការកើនឡើងតម្លៃទំនិញ ហើយការឧបត្ថម្ភធនលើតម្លៃ ប្រមាណជាង១ពាន់លានដុល្លារ ត្រូវបានដាក់ចេញសម្រាប់ប្រជាជនក្រីក្រនៅទូទាំងប្រទេស៕