ចិន ដែលជាមហាអំណាចយោធាធំបំផុតលំដាប់ទី៣ នៅលើពិភពលោក បានបង្កើនកញ្ចប់ថវិកាការពារជាតិ សម្រាប់ឆ្នាំ២០២៦ ចំនួន ៧% ពោលគឺមិនចាញ់ឆ្នាំមុនៗនោះទេ បើទោះបីមានការព្យាករថា សេដ្ឋកិច្ចអាចនឹងមានការធ្លាក់ចុះកំណើនក៏ដោយ។ ការបង្កើនកញ្ចប់ថវិកាការពារជាតិ របស់មហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទី២ នៅលើពិភពលោកនេះ ចំពេលមានការប្រជែងគ្នាជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាម៉េរិក ភាពតានតឹងមិនចេះរីងស្ងួតនៅច្រកសមុទ្រតៃវ៉ាន់ និងភ្នក់ភ្លើងសង្គ្រាម ដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា។
ការបង្កើននេះនឹងធ្វើឱ្យកញ្ចប់ថវិកាការពារជាតិរបស់ចិន ហក់ឡើងដល់ជិត២៧៧ពាន់លានដុល្លារអាម៉េរិក។ បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ចិន បានរក្សាការបង្កើនកញ្ចប់ថវិកាលើវិស័យការពារជាតិក្នុងរង្វង់ ៧% តាំងពីឆ្នាំ២០២១ មកម្ល៉េះ ដើម្បីឈានទៅសម្រេចគោលដៅមួយសតវត្សរ៍របស់កងទ័ពរំដោះប្រជាជន។ លោកបានសង្កត់ធ្ងន់ថា ចិន ត្រូវតែត្រៀមខ្លួនសម្រាប់សមរភូមិគ្រប់ពេលវេលា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន។
អ្វីដែលគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៦ នេះ ទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចត្រឹមតែ ៤,៥% ទៅ៥% ប៉ុណ្ណោះ ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានតាំងពីឆ្នាំ១៩៩១ មក។
លោក នេល ថូម៉ាស (Neil Thomas) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី បានវិភាគថា នេះគឺជាការជ្រើសរើសយកសុវត្ថិភាពមុនសេដ្ឋកិច្ច។ លោក ស៊ី ជីនពីង កំពុងបង្ហាញពិភពលោកថា ទោះបីជាចិន ជាប់ដៃស្តារសេដ្ឋកិច្ច ក៏ក្រុងប៉េកាំង មិនព្រមបន្ថយកម្ដៅផ្នែកយោធានោះដែរ ដើម្បីធានាឱ្យបាននូវការគ្រប់គ្រងនយោបាយ និងការពឹងផ្អែកលើបច្ចេកវិទ្យាខ្លួនឯងទាំងស្រុង៕
ដោយៈ សរ សុជាតិ