EU ចង់ក្រសោបយកឥណ្ឌាចេញពីរុស្ស៊ី

EU ចង់ក្រសោបយកឥណ្ឌាចេញពីរុស្ស៊ី ជាមួយនឹងការជំរុញកិច្ចសហការយោធា ពាណិជ្ជកម្ម និង បច្ចេកវិទ្យាកាន់តែជិតស្និទ្ធ


មហាយក្សឥណ្ឌា កំពុងក្លាយជាតួអង្គសំខាន់មួយ សម្រាប់ប្រទេសលោកខាងលិច ក្នុងការក្រសោបទាញយក កុំឲ្យមហាយក្សអាស៊ីមួយនេះ ត្រូវដងត្រូវផ្លែជាមួយនឹងរុស្ស៊ី ខណៈដែលលោកខាងលិចកំពុងស្វែងរកការដាក់សម្ពាធកាន់តែខ្លាំងទៅលើរុស្ស៊ីជុំវិញការបង្កសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
Eu and Indai

តួយ៉ាង សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ស្វែងរក​ការ​បង្កើន​ការ​លក់​សម្ភាៈ​យោធា ទៅ​ឱ្យ​ឥណ្ឌា​បន្ថែម​ទៀត និង ចាប់ផ្តើម​ការ​ចរចា​ឡើង​វិញ លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​ឥណ្ឌា​ផង​ដែរ នៅ​ក្នុង​ជំនួប​រវាង​ប្រមុខ​ដឹកនាំ​សហភាព​អឺរ៉ុប ជាមួយនឹង​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​នៅ​ទីក្រុង​ញូ​វ​ដេ​លី នៅ​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuters​។

ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ខាងលិច ដើម្បី​លើកទឹកចិត្ត​ឥណ្ឌា​ឱ្យ​កាត់​បន្ថយ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​រុ​ស្ស៊ី បន្ទាប់​ពី​ការ​លុកលុយ​របស់​ទីក្រុង​មូ​ស្គូ​លើ​អ៊ុយ​ក្រែ​ន ហើយ​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​គណៈកម្មការ​អឺរ៉ុប​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson នៅ​លើ​ទឹកដី​ឥណ្ឌា​។

មន្ត្រីជាន់ខ្ពស់​សហភាព​អឺរ៉ុប ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​រ៉​យ​ទ័​រ បាន​និយាយ​ចំ​ៗ​ថា នា​ពេល​ថ្មី​ៗ​នេះ មាន​មេដឹកនាំ​លោក​ខាងលិច​ជា​ច្រើន​បាន​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដើម្បី​មើល​ថា តើ​ជម្រើស​អ្វីខ្លះ​ដែល​អាច​ផ្តល់​ឱ្យ​ឥណ្ឌា​បាន ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ពី​រុ​ស្ស៊ី​។ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ខាងលិច មាន​គោលដៅ​ដ៏​ធំ​បំផុត គឺ​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ឲ្យ​មាន​ភាពល្អ​ប្រសើរ និង​នាំ​ប្រទេស​ឥណ្ឌា​ចូល​មក​កាន់​ចក្ខុវិស័យ​តែ​មួយ​ជាមួយ​លោក​ខាងលិច​វិញ​។

គួរ​រំលឹក​ផង​ដែរ​ថា ឥណ្ឌា​មិន​បាន​ថ្កោលទោស​យ៉ាង​ច្បាស់លាស់ ចំពោះ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​នោះ​ទេ​នា​ពេល​កន្លង​មកនេះ ខណៈ​ដែល​រុ​ស្ស៊ី ត្រូវ​បាន​គេ​ដឹង​ថា គឺជា​អ្នក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​ធំ​បំផុត​របស់​ឥណ្ឌា​។

លោកស្រី Von der Leyen បាន​ទៅ​ដល់​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ២ ថ្ងៃ​ដែល​ជា​លើក​ទី​១​របស់​លោកស្រី​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​អឺរ៉ុប​។ នៅ​ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី Von der Leyen មាន​គោលបំណង​យល់ព្រម​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ដើម្បី​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម និង​បច្ចេកវិទ្យា​ថ្មី​ស្រ​ដៀង​នឹង​អ្វី​ដែល សហភាព​អឺរ៉ុប​បាន​ធ្វើ​ជាមួយនឹង​អា​មេ​រិ​ក​ដែរ​។

គួរ​បញ្ចា​ក់ថា ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​ទី​២​លើ​ពិភពលោក​ដែល​មាន​ប្រជាជន​ជិត ១​ពាន់​៤ រយ​លាន​នាក់ ត្រូវ​បាន​សហភាព​អឺរ៉ុប​មើលឃើញ​ថា ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ ដើម្បី​ជួយ​គ្រប់គ្រង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​។ ការ​សិក្សា​ឆ្នាំ ២០២០ ដោយ​សភា​អឺរ៉ុប​បាន​ដាក់​អត្ថប្រយោជន៍ នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សម្រាប់ សហភាព​អឺរ៉ុប​ជាមួយ​ឥណ្ឌា រហូត​ដល់​ប្រមាណ ៩,១៧ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ការ​ប៉ាន់ស្មាន​នេះ គឺ​នៅ​គ្រា​ដែល​អង់គ្លេស​មិន​ទាន់​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅឡើយ​៕

អត្ថបទ៖​ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីអាមេរិកពីររូបស្កាត់ជួបប្រធានាធិបតីអ៊ុយក្រែនដល់ផ្ទះ និងផ្ដល់ជំនួយយោធារាប់រយលានដុល្លារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកអាន់តូនី ប្លីងខេន នៅថ្ងៃចន្ទទី២៥មេសា បានថ្លែងចំៗថា ប្រទេសរុស្ស៊ីកំពុងបរាជ័យក្នុងសង្គ្រាមឈ្លានពានរ…

លោកម៉ាក្រុងក្លាយជាប្រធានាធិបតីបារាំងដំបូងគេក្នុង២០ឆ្នាំចុងក្រោយនេះ ដែលបានជាប់ឆ្នោតពីរអាណត្តិជាប់គ្នា

ព័ត៌មាន
លោកអេម៉ានូអេល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិទី២របស់លោក ក្រោយយកឈ្នះលើគូប្រជែងគឺលោកស្រី ម៉ារីន ឡឺផេន ក្នុងសម្លេង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ