រ៉ែដែក

ចិននឹងបង្កើនការនាំចូលរ៉ែដែកឱ្យឈានដល់ជិត១,៣ពាន់លានតោននៅឆ្នាំនេះ ទោះតម្រូវការដែកកំពុងដាំក្បាលចុះ


ការអូសបន្លាយវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិន បានទាញទម្លាក់តម្រូវប្រើប្រាស់ដែកនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ដែលធ្វើឱ្យដែកនៅសល់ក្នុងស្តុកយ៉ាងច្រើន និងបានហៀរទៅកាន់ប្រទេសផ្សេងៗ។
រ៉ែដែក
ដោយ

តែទោះជាយ៉ាងណាក៏ដោយ មហាយក្សចិន ត្រូវបានក្រុមអ្នកជំនាញ និងអ្នកវិភាគជឿជាក់ថា នឹងបង្កើនការនាំចូលរ៉ែដែកឱ្យឈានដល់ជិត១,៣ពាន់លានតោននៅឆ្នាំនេះ ដើម្បីត្រៀមបំពេញតម្រូវការរបស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។

ក្រុមពាណិជ្ជករ និងអ្នកវិភាគបានវាយតម្លៃថា ការនាំចូលរ៉ែដែករបស់មហាយក្សចិន ទំនងជានឹងឡើងដល់កម្រិតខ្ពស់ជាថ្មីនៅឆ្នាំ២០២៥ នេះ ដោយសារចិន មានបំណងបង្កើនស្តុករ៉ែសំខាន់ៗ មានតម្លៃថោកៗសម្រាប់ត្រៀមបំពេញតម្រូវការនៅលើពិភពលោក ដែលរំពឹងនឹងកើនឡើងនាពេលខាងមុខ បើទោះបីជាវិបត្តិអចលនទ្រព្យ ដែលកំពុងបន្តអូសបន្លាយបានជះឥទ្ធិពលលើតម្រូវដែករបស់ចិន ក៏ដោយ។

តាមការប៉ាន់ប្រមាណការនាំចូលសមាសធាតុរ៉ែសម្រាប់បម្រើផលិតដែករបស់ប្រទេសនេះទំនងជានឹងកើនឡើងចន្លោះពី១០លាន ទៅ៤០លានតោន ដែលនាំឲ្យបរិមាណនាំចូលសរុបអាចឡើងរហូតដល់ជិត១,៣ពាន់លានតោននៅឆ្នាំនេះ។ រ៉ែដែកដែលចិន គ្រោងនាំចូល ត្រូវបានគេដឹងថា មានប្រភពមកពីផលិតកម្មរ៉ែដែក ដែលត្រូវបានទាញចេញពីអណ្តូងរ៉ែ នៅក្នុងប្រទេសអូស្រា្តលី និងប្រទេសប្រេស៊ីល។

ក្រុមហ៊ុនគ្រប់គ្រងទិន្នន័យអាជីវកម្មរ៉ែដែក Steel home បានអះអាងថា តម្លៃរ៉ែដែកដែលចិន គ្រោងបង្កើនការនាំចូលនៅឆ្នាំ២០២៥ មានតម្លៃចន្លោះពី៧៥ ទៅ១២០ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំ២០២៤ មានតម្លៃចន្លោះពី៨៨ ទៅ១៤៤ដុល្លារក្នុងមួយតោន។

លោក មីឡេស អាល់សូប (Myles Allsop) ប្រធានក្រុមហ៊ុន UBS បានឲ្យដឹងថា ចិនអាចនឹងបង្កើនបរិមាណស្តុកដែកទុករហូតដល់១៧០លានតោន នៅក្នុងឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២៤ មានត្រឹមតែ១៤៧លានតោនប៉ុណ្ណោះ។ កាលពីឆ្នាំ២០២៤ កន្លងទៅ ប្រទេសចិនបានប្រមែប្រមូលទិញរ៉ែដែក ដែលដឹកតាមសមុទ្រលើស២ភាគ៣ នៃបរិមាណរ៉ែដែក នៅលើពិភពលោក ពោលគឺកើនឡើង៤,៣% បើធៀបនឹងឆ្នាំ២០២៣៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតទាំង១១លើពិភពលោកនៅឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោស្ថិតក្នុងគម្រោងស្ថាបត្យកម្មដ៏ធំ និងមានឥទ្ធិពលបំផុតនៅលើពិភពលោកទាំង១១នៅឆ្នាំ២០២៥នេះ។ នេះបើយោតាមការចុះផ្សាយរបស់…

តើការលក់លំនៅឋានក្នុងទីក្រុងធំៗមានសន្ទុះកើនឡើង វាបានបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យចិន ឬយ៉ាងណា?

ទីផ្សារអចលនទ្រព្យក្នុងប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ចាប់ផ្ដើមបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗហើយ ខណៈដែលការលក់លំនៅឋានក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ