
ក្រុមវិស្វករនិង កម្មករសាងសង់របស់ ចិន បានបញ្ចប់ការសាងសង់ដំណាក់កាលចុងក្រោយនៃគម្រោងបណ្ដាញបញ្ជូនអគ្គិសនីដ៏ធំអស្ចារ្យព័ទ្ធជុំវិញសមុទ្រខ្សាច់ដ៏ធំបំផុត ថារីម បាស៊ីន (Tarim Basin) ឬសមុទ្រមរណៈ នៅក្នុងប្រទេសចិន។ សមុទ្រខ្សាច់នេះ បានជាប់ឈ្មោះក្នុងចំណោមកន្លែងដ៏គ្រោះថ្នាក់បំផុតមួយនៅទូទាំងពិភពលោក ដោយសារតែភូមិសាស្ត្រ និងអាកាសធាតុមិនអំណោយផលទាល់តែសោះសម្រាប់ការរស់នៅ និងបង្កបង្កើនផល។
ក្រោយពីបានខិតខំប្រឹងប្រែងសាងសង់អស់រយៈពេល១៥ឆ្នាំ ទីបំផុតគម្រោងបណ្ដាញបញ្ជូនអគ្គិសនីខ្នាតយក្សនេះ បានប្រែក្លាយសមុទ្រខ្សាច់ ឬ សមុទ្រមរណៈ ដែលលាតសន្ធឹងលើផ្ទៃដីរហូតដល់ទៅ ៨៨ម៉ឺន៨ពាន់គីឡូម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ភ្នំស្វយ័តស៊ីនជាំង ទៅជាមជ្ឈ មណ្ឌល បញ្ជូនថាមពលកកើតឡើងវិញដ៏អស្ចារ្យជាមួយនឹងមានសមត្ថភាពផលិតអគ្គិសនីបានរហូតដល់ទៅ ៣លានគីឡូវ៉ាត់។
ដំណាក់កាលចុងក្រោយនៃគម្រោងបញ្ជូន និងផ្លាស់ប្តូរថាមពលដែលមានប្រវែងរហូតដល់ទៅ៤,១៩៧គីឡូម៉ែត្រនេះ ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរហើយកាលពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៥។
សូមបញ្ជាក់ថា បណ្តាញបញ្ជូនថាមពលកកើតឡើងវិញនេះរួមមានបង្គោលភ្លើងរហូតដល់ទៅ១ម៉ឺនបង្គោល និងអនុស្ថានីយចំនួន៩ ហើយថាមពលកកើតឡើងវិញរបស់គម្រោងនេះត្រូវបានទាញចេញពីថាមពលសូឡា និងថាមពលខ្យល់ជាដើម ហើយបញ្ជូនអគ្គិសនីទៅកាន់តំបន់ផ្សេងៗទៀតនៅក្នុងប្រទេសចិន៕
ដោយ: តែម សុខុម