ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា គម្រោងអចលនទ្រព្យដែលគាំទ្រដោយរដ្ឋនៅក្នុងប្រទេសចិនបានទទួលប្រាក់កម្ចីសម្រាប់ការអភិវឌ្ឍន៍លើកដំបូង ក្រោមអ្វីដែលគេហៅថាយន្តការបញ្ជីស។ តាមរយៈយន្តការនេះ ទីក្រុងធំៗចំនួនពីរបានបន្ធូរបន្ថយការទប់ស្កាត់ការទិញផ្ទះ បន្ទាប់ពីការព្រួយបារម្ភមានការកើនឡើង ក្រោយតុលាការហុងកុងប្រកាសសាលក្រមឲ្យរំលាយក្រុមហ៊ុន Evergrande។
សាព័ត៌មានធំៗបានបន្តថា វិធានការចុងក្រោយនេះ គឺជាយន្តការថ្មី បន្ថែមលើគោលនយោបាយជាច្រើន ដែលបានដាក់ឱ្យប្រើប្រាស់ដោយអាជ្ញាធរចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកកាលពីឆ្នាំមុន ដើម្បីជួយធ្វើឱ្យវិស័យអចលនទ្រព្យមានស្ថានភាពប្រសើរឡើងវិញ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យនៅចិនមានតម្លៃស្មើនឹងមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន ហើយត្រូវបានរងផលប៉ះពាល់ដោយវិបត្តិបំណុល ដែលមិនធ្លាប់មានពីមុនមក។
ជុំវិញការដាក់ចេញនូវវិធានការនេះ អ្នកវិភាគបានលើកឡើងថា ទោះបីជាមានវិធានការទាំងនោះក៏ដោយ ក៏ទីផ្សារអចលនទ្រព្យបានបញ្ចប់កាលពីឆ្នាំមុនជាមួយនឹងការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជិត៩ឆ្នាំ។
ក្រុមអ្នកវិភាគបាននិយាយថា សាលក្រមតុលាការហុងកុងដែលសម្រេចរំលាយក្រុមហ៊ុនអចលនទ្រព្យយក្ស Evergrands នេះ អាចធ្វើឱ្យទស្សនវិស័យតម្រូវការអចលនទ្រព្យនៅចិនកាន់តែអាក្រក់ឡើង ខណៈអ្នកទិញផ្ទះនៅក្នុងប្រទេសកាន់តែមានភាពប្រុងប្រយ័ត្នខ្ពស់។ មកដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយផ្លូវការចិនបានរាយការណ៍ថា ទីក្រុងធំៗចំនួនពីរនៅប្រទេសចិន គឺស៊ូចូវ និងសៀងហៃកំពុងតែបន្ធូបន្ថយលក្ខខណ្ឌនៃការទិញផ្ទះតាមក្វាងចូវ ប៉ុន្តែទោះជាយ៉ាងណា សន្ទស្សន៍តម្លៃហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យដីគោក និងសន្ទស្សន៍ភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យនៅហុងកុង គឺសុទ្ធតែធ្លាក់ចុះក្នុងកម្រិតពី២,១%ទៅ២,៥ %។
លោក គ្រីស្តូហ្វ័រ បេតឌ័រ ( Christopher Beddor ) អនុប្រធានផ្នែកស្រាវជ្រាវអំពីប្រទេសចិននៃក្រុមហ៊ុន Gavekal បាននិយាយថា អ្វីដែលកំពុងតែមន្ទិលពេលនេះ គឺចេញពីក្រុមប្រជាពលរដ្ឋ ដែលទិញផ្ទះបង់លុយផ្តាច់ មុនគម្រោងបញ្ចប់សាងសង់៕
ដោយៈ សរ សុជាតិ