វិស័យសេដ្ឋកិច្ច

ចិន ដាក់ចេញផែនការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ និងជំរុញកំណើនតម្រូវការប្រើប្រាស់ ដើម្បីសម្រេចគោលដៅកំណើន GDP


មហាយក្សចិន នឹងដាក់ចេញផែនការជំរុញកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកតាមរយៈការបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដើម្បីសម្រេចគោលដៅកំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០២៥ នេះ។ ការដាក់ចេញផែនការនេះបន្ថែមពីលើការសន្យាថ្មីៗរបស់រដ្ឋាភិបាលចិន ក្នុងការគាំទ្រតម្រូវការប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដែលរងការគំរាមកំហែងដោយសារការដំឡើងពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Bloomberg។
វិស័យសេដ្ឋកិច្ច
ដោយ

គោលការណ៍ណែនាំចេញពីរបាយការណ៍របស់ក្រុមប្រឹក្សារដ្ឋចិន បានកំណត់វិធានការផ្សេងៗទៀតដូចជា ការរក្សាស្ថិរភាពផ្សារហ៊ុន និងទីផ្សារអចលនទ្រព្យជាដើម ព្រមទាំងការផ្តល់ការលើកទឹកចិត្ត ដើម្បីបង្កើនអត្រាកំណើតទារកនៅក្នុងប្រទេសដែលមានប្រជាជនសរុបរហូតដល់ទៅជាង១,៤ពាន់លាននាក់នេះផងដែរ។ ​

ក្រុមអ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសចិន កាន់តែទទួលស្គាល់ថា ការងើបឡើងវិញយ៉ាងទូលំទូលាយនៃប្រាក់ចំណូលរបស់ពលរដ្ឋ គឺចាំបាច់ណាស់ដើម្បីលើកទឹកចិត្តប្រជាជនឱ្យបង្កើនការចំណាយ​។ នៅក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំក្នុងខែមីនា នេះ ថ្នាក់ដឹកនាំរបស់ប្រទេសចិន បានយកបញ្ហាតម្រូវការប្រើប្រាស់ក្នុងស្រុកជាអាទិភាពកំពូលដាក់បញ្ចូលទៅក្នុងរបាយការណ៍ការងារប្រចាំឆ្នាំជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីប្រធានាធិបតី ស៊ី ជីនភីង ឡើងកាន់អំណាចជាងមួយទសវត្សរ៍មុន។

លោក លីន សុង (Lynn Song) ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ចទទួលបន្ទុកទីផ្សារប្រទេសចិន នៅធនាគារ ING Bank របស់ហូឡង់ បានលើកឡើងថា គ្រួសារពលរដ្ឋមិនអាចចំណាយអ្វីដែលពួកគាត់គ្មាននោះទេ។ លោកបានចាត់ទុកផែនការខាងលើបានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការដោះស្រាយបញ្ហាតម្រូវការប្រើប្រាស់ដែលកំពុងធ្លាក់ចុះនៅក្នុងប្រទេសចិន នៅឆ្នាំនេះ។

សូមបញ្ជាក់ថា ផែនការនេះផ្ដោតលើចំណុចសំខាន់ៗចំនួន៨ រួមទាំងការថែទាំកុមារ និងការអនុវត្តប្រព័ន្ធច្បាប់ឈប់សម្រាកមានប្រាក់បៀវត្សរ៍ផងដែរ។ ជាក់ស្ដែង បណ្ដារដ្ឋបាលមូលដ្ឋាននៅក្នុងប្រទេសចិន បានចាប់ផ្តើមបង្កើនការគាំទ្រសម្រាប់សុខុមាលភាពសង្គមរួចមកហើយ ហើយតួយ៉ាង នៅក្នុងតំបន់ស្វយ័ត Inner Mongolia បានប្រកាសផ្ដល់ឧបត្ថម្ភធនថ្មីៗលើការថែទាំកុមារ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


មេដឹកនាំអាម៉េរិក និងរុស្ស៊ី អាចនឹងជួបពិភាក្សាគ្នាលើបទឈប់បាញ់នៅអ៊ុយក្រែន ក្នុងសប្តាហ៍នេះ

ក្រោយដាក់ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រមាណ៣សប្តាហ៍កន្លងមកនេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានគេ…

ភាគហ៊ុនរបស់ក្រុមហ៊ុនមហាសេដ្ឋីហុងកុង លី កាស៊ីង ដាំក្បាលចុះខ្លាំង ក្រោយរដ្ឋាភិបាលចិន រិះគន់រឿងលក់កំពង់ផែនៅព្រែកជីកប៉ាណាម៉ា

ភាគហ៊ុនរបស់ក្រុមហ៊ុន CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុង លី កាស៊ីង បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ទៅ៦,៧% នៅក្នុងការជួញដូរកាលពីរសៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ