![មេដឹកនាំប៉ាណាម៉ា](https://cdn.cambonomist.com/media/images/58.81asda1231asdasdadsa.2e16d0ba.fill-960x540.jpg)
ប្រធានាធិបតីប៉ាណាម៉ា លោក ហូសេ រ៉ូល មូលីណូ (Jose Raul Mulino) បាននិយាយកាលកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ប្រទេសប៉ាណាម៉ា បានបង្ហាញឯកសារក្នុងការចាកចេញពីគំនិតផ្ដួចផ្ដើមក្រវាត់ និងផ្លូវរបស់ចិន បន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ ប៉ុន្តែបានបដិសេធថា អាម៉េរិក មិនបានបង្ខំខ្លួនឱ្យធ្វើដូច្នេះឡើយ។
ក្រសួងការបរទេសចិន បានអះអាងថា កាលពីចុងសប្តាហ៍មុន អនុរដ្ឋមន្ត្រីការបរទេសចិន លោក សៅ ហ្ស៊ុនយាន់ (Zhao Zhuyuan) បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតប៉ាណាម៉ា ប្រចាំប្រទេសចិន ដោយបានបង្ហាញពីការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ប៉ាណាម៉ា ក្នុងការចាកចេញពីគំនិញផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ហើយថា ទង្វើនេះនឹងមិនផ្តល់ផលប្រយោជន៍ដល់ប៉ាណាម៉ា នោះទេ។
តែយ៉ាងណា ទីក្រុងប៉េកាំង សង្ឃឹមថា ប្រទេសប៉ាណាម៉ានឹងលុបបំបាត់ការជ្រៀតជ្រែកពីខាងក្រៅ និងសម្រេចចិត្តដ៏ត្រឹមត្រូវផ្អែកលើស្ថានភាពទាំងមូលនៃទំនាក់ទំនងទ្វេភាគី និងផលប្រយោជន៍យូរអង្វែងរបស់ប្រជាជននៃប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាំង (Lin Lian) បាននិយាយថា ប្រទេសជាង២០ នៅតំបន់អាម៉េរិកឡាទីន ស្ថិតក្នុងចំណោមប្រទេសជាង១៥០ ដែលបានចូលរួមក្នុងគំនិតខ្សែក្រវាត់ និងផ្លូវដោយពួកគេបានទទួលផលប្រយោជន៍ជាច្រើន។
សូមរំលឹកថា ប៉ាណាម៉ា បានក្លាយជាប្រទេសអាម៉េរិកឡាទីនមុនគេ ដែលបានចូលជាសមាជិកកម្មវិធីខ្សែក្រវាត់ និងផ្លូវជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៧ ពោលគឺក្រោយពេល៥ខែបន្ទាប់ពីបានផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់៕
អត្ថបទ៖ សុខ មង្គល