សមាគមផ្សារហ៊ុននៅប្រទេសចិន (SAC) ដែលជាអ្នកឃ្លាំមើលឧស្សាហកម្មចិន បានប្រាប់សមាជិករបស់ខ្លួនកាលពីសប្តាហ៍មុនថា សេដ្ឋវិទូសំខាន់ៗដែលបម្រើការងារនៅតាមក្រុមហ៊ុនកម្រៃជើងសានៅចិន ត្រូវតែដើរតួនាទីវិជ្ជមានក្នុងការបកស្រាយពីគោលនយោបាយរដ្ឋាភិបាល និងជំរុញទំនុកចិត្តវិនិយោគិន។ នេះបើយោងតាមកាសែត Securities Times របស់រដ្ឋចិន។
ប៉ុន្តែប្រសិនបើបុគ្គលណាមួយបានបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលចិន ម្តងហើយម្តងទៀត ដោយសារតែការបកស្រាយគោលនយោបាយមិនសមរម្យ និងមានអាកប្បកិរិយាមិនត្រឹមត្រូវ ដែលបង្កផលប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រុមហ៊ុននឹងចាត់វិធានការតឹងរ៉ឹងជាមួយបុគ្គលនោះរហូតដល់អាចបញ្ចប់ការងារទៀតផង។
បទបញ្ជានេះបានបង្ហាញពីការប៉ុនប៉ងថ្មីរបស់ទីក្រុងប៉េកាំង ដើម្បីស្តារទំនុកចិត្តឡើងវិញ និង ពន្លឿនកំណើនដោយជៀសវាងការទទួលយកគំនិតអវិជ្ជមានចំពោះប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។ ប៉ុន្តែអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចមួយចំនួនព្រួយបារម្ភថា ការបំបិទសិទ្ធិនេះនឹងធ្វើឱ្យសាធារណជនមានការខកចិត្តខ្លាំងចំពោះដំណើរការសេដ្ឋកិច្ចធ្លាក់ចុះ និងបង្កើនហានិភ័យនៃកំហុសគោលនយោបាយ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា សេដ្ឋវិទូចិនម្នាក់ដែលបម្រើការងារនៅធនាគារមួយបានទទួលការព្រមានផ្ទៃក្នុងនៅប៉ុន្មានខែថ្មីៗនេះ ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយជាសាធារណៈអំពីសេដ្ឋកិច្ចរបស់ប្រទេសចិន៕
អត្ថបទ៖ សុខ មង្គល