Advertisement
បញ្ហាចរាចរណ៍

Grab និង UNDP ផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ


ក្រុមហ៊ុន Grab និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានសម្រេចចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសុវត្ថិភាព និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា មូលនិធិនេះ មានទឹកប្រាក់សរុបចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងត្រូវប្រើប្រាស់សម្រាប់ការអនុវត្តក្នុងរយៈពេល៣ឆ្នាំ ដោយរាប់ចាប់តាំងពីឆ្នាំ២០១៨នេះតទៅ។
កម្មវិធីចុះកិច្ចព្រមព្រៀងផ្ដល់មូលនិធិ សម្រាប់ដោះស្រាយបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ រវាងក្រុមហ៊ុន Grab និង UNDP
ដោយ
Advertisement

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានមាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​ផ្ដល់មូល​និធិ ដោយ​ក្រុមហ៊ុន Grab និង UNDP នេះ ពិតជា​មានសារ​សំខាន់​ណាស់ ក្នុងការ​កាត់បន្ថយ​បញ្ហា​ការកក​ស្ទះ​ចរាចរណ៍ ដែលបាន​ធ្វើឲ្យប្រជាជន​បានខាតបង់​ទាំងពេល​វេលា​ និងថវិកា។ ឯកឧត្តម បន្ថែម​ទៀតថា គម្រោង​និរន្តរភាព​ចរាចរណ៍​ក្នុងទីក្រុង​សម្រាប់​ទាំងអស់​គ្នា ឬហៅថា «សម័យ» មិនត្រឹម​តែមាន​គោលដៅ​ជួយបញ្ជៀស​ការកកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មានទិសដៅ​ធ្វើឲ្យការ​បើកបរ​មាន​សុវត្ថិភាព និងមិន​មានការ​បំពុល​បរិស្ថាន​ផងដែរ។ 

Advertisement

បើតាម​ឯកឧត្តម ស៊ុន ចាន់ថុល កន្លង​មកខាង​រាជរដ្ឋា​ភិបាល ក៏បាន​និងកំពុង​ធ្វើការត្រួត​ពិនិត្យ​លើបញ្ហា​កក​ស្ទះចរាចរណ៍​នេះ​ បានមួយ​ចំនួន​ហើយ ហើយក៏បាន​កំណត់​យក​ទីតាំង​​ចម្បងៗ​​មួយចំនួន​​ដើម្បី​​ធ្វើការ​​ដោះស្រាយ​​ផងដែរ។ តួយ៉ាង រាជរដ្ឋា​ភិបាល នឹងធ្វើ​ការដោះស្រាយ​ទៅលើការ​ចរាចរណ៍​លើដងវិថី​មួយចំនួន​ នៅរាជធានី​ភ្នំពេញ ដែលមាន​ការចតយាន​យន្ដ​គ្មានសណ្ដាប់​ធ្នាប់ ការជិះបទ​មិនត្រឹមត្រូវ និងការបង្កើត​ផ្លូវឯកទិស​សម្រាប់ការ​ធ្វើដំណើរ​ជាដើម។ ដោយឡែក បានបទ​ពិសោធន៍ និងព័ត៌មាន​នានា ដែលក្រុមហ៊ុន Grab និង UNDP ធ្លាប់​បានធ្វើ​នាពេល​កន្លងមក នឹងក្លាយ​ជាមធ្យោបាយ​កាន់តែប្រសើរ​ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហាការ​កកស្ទះចរាចរណ៍​នៅ​កម្ពុជា។ 

លោក​ Russel Cohen នាយក​ប្រចាំ​តំបន់ផ្នែក ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Grab បានឲ្យ​ដឹងថា តាមបទពិសោធន៍ និងការងារ ដែលក្រុមហ៊ុន Grab ទទួល​បាននា​ពេលកន្លង​មក នឹងជួយ​ឲ្យរាជរដ្ឋាភិបាល​កម្ពុជា អាចស្វែងរក​ដំណោះស្រាយ​ដ៏មាន​ប្រសិទ្ធភាព សម្រាប់​ការដោះស្រាយ​បញ្ហាកក​ស្ទះចរាចរណ៍​នៅកម្ពុជា។ បើតាម​នាយក​ប្រចាំតំបន់​រូបនេះ គិតមក​ទល់ពេល​នេះ មានអ្នក​ប្រើប្រាស់​សេវា​របស់ Grab សម្រាប់ការធ្វើដំណើរ​នៅ​កម្ពុជា ប្រមាណ១ម៉ឺននាក់ ខណៈដែល​អ្នកបើកបរ​ដែលជា​ភ្នាក់ងារ​របស់ Grab ក៏មានប្រមាណ​១ម៉ឺននាក់​ដែរ ដែលក្នុងនោះ​មានដូចជា អ្នកបើក​បររ​ថយន្ដ រ៉ឺម៉ក និងម៉ូតូឌុប​ជាដើម។ 

ទោះបីជា​មិនមាន​របាយការណ៍​បង្ហាញ​ពីការចំណាយ​របស់​កម្ពុជាទាក់ទង​នឹងការ​កកស្ទះចរាចរណ៍​ក៏ដោយ ប៉ុន្ដែ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាន​អះអាង​ដែរថា បច្ចុប្បន្ន រាជរដ្ឋា​ភិបាលក៏​បានខិតខំ​យ៉ាងសកម្ម ក្នុងការ​ពង្រីក​មធ្យោបាយ​ធ្វើដំណើរ​ផ្សេងៗ ដើម្បីបំពេញ​តម្រូវការ​ប្រជាពលរដ្ឋ ពិសេស​គឺនៅ​តាមទីប្រជុំជន។ ជាក់ស្ដែង រាជរដ្ឋាភិ​បាល​កម្ពុជា ក៏គ្រោង​​នឹងបង្កើត​​ឲ្យមាន​ផ្លូវ​រថភ្លើង​​លើ​អាកាស និងផ្លូវ​​រថភ្លើងក្រោមដី​​បន្ថែម​​​ទៀត​​ផងដែរ។ បើតាមការ​គូសបញ្ជាក់ ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ន ផ្លូវរថភ្លើង​លើអាកាស​នេះ កំពុង​ត្រូវបាន​សិក្សា​ដោយ​អង្គការ JICA របស់​ជប៉ុន ដែល​ការសិក្សា​នេះ អាច​នឹងត្រូវ​ប្រើរយៈ​ពេល១ ទៅ២ឆ្នាំ ទើបអាច​ចាប់ផ្ដើម​សាងសង់​បាន។

សូម​ជម្រាបថា ស្ថានភាព​នៃនរគរូប​នីយកម្ម​នៅកម្ពុជា បានជំរុញ​ឲ្យមាន​កំណើន​ប្រជាជន​ខ្ពស់នៅ​ក្នុងទីក្រុង ហើយវា​ក៏ជាមូលហេតុ​នាំឲ្យ​មាន​តម្រូវការ​កាន់តែ​ខ្ពស់ក្នុងការ​ធ្វើដំណើរ និងមធ្យោបាយ​ដឹកជញ្ជូន។ តួយ៉ាង នៅរាជធានី​ភ្នំពេញ ចំនួនរថយន្ដ និងទោចក្រ​យានយន្ដ ដែលបាន​ចុះបញ្ជី ជាមធ្យម​មាន​កំណើនប្រមាណ ២០% រៀងរាល់​ឆ្នាំ ខណៈដែល​បច្ចុប្បន្ន ចំនួ​នយានយន្ដ​សរុប ដែលបាន​ចុះបញ្ជី មានប្រមាណ ៤,៥ លានគ្រឿង។ នេះបើ​តាមរបាយការណ៍​​របស់​ក្រសួង​សាធារណ​ការ និងដឹក​ជញ្ជូន។ 

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល​ ជំរុញនិងលើកទឹកចិត្តឲ្យមានតំបន់​អភិវឌ្ឍន៍​កសិឧស្សាហកម្មបន្ថែម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានបង្ហាញពីជំហររបស់ខ្លួន ក្នុងការជំរុញ និងបន្តលើកទឹកចិត្តដល់កសិពាណិជ្ជករទាំងអស់ ឲ្យបង្កើនស...

ស៊ុន ចាន់ថុល៖ ផ្លូវរថភ្លើងលើអាកាស ខ្សែដំបូងនឹងតភ្ជាប់ចេញពីផ្សារថ្មី ទៅព្រលានយន្ដហោះ

ព័ត៌មាន
ផ្លូវរថភ្លើងលើអាកាសដំបូងបង្អស់នៅកម្ពុជា នឹងត្រូវសាងសង់ក្នុងពេលខាងមុខនេះ ក្រោយពីការសិក្សារបស់ JICA ជប៉ុន នឹងត្រូវបានបញ្ចប់ នៅឆ្នាំនេះ ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ