មេដឹកនាំពិភពលោក

ចិនជំរុញឱ្យ G7 បញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា ខណៈថ្នាក់ដឹកនាំចិន និងជប៉ុនអាចជួបគ្នានៅសប្តាហ៍ក្រោយ


អ្នកការទូតចិន កំពុងរិះគន់រដ្ឋមន្រ្តីការរបទេសក្រុមប្រទេស G7 និងជំរុញឱ្យពួកគេបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាជុំវិញសង្គ្រាមរវាងក្រុមអ៊ីស្រាអែល និងហាម៉ាស នៅតំបន់ហ្គាហ្សា ក៏ដូចជាជម្លោះនៅអ៊ុយក្រែន។ ទន្ទឹមនឹងការរិះគន់នេះ មានសេចក្តីរាយការណ៍មកថា មេដឹកនាំប្រទេសចិន អាចនឹងជួបជាមួយមេដឹកនាំជប៉ុន ដែលជាសមាជិកមួយរបស់ G7 នៅសប្តាហ៍ក្រោយ ខណៈទីប្រឹក្សាសន្តិសុខជាតិជប៉ុន កំពុងតែស្ថិតនៅប្រទេសចិនរួចទៅហើយ។
មេដឹកនាំពិភពលោក
ដោយ

ស្ថានទូតចិន ប្រចាំនៅប្រទេសជប៉ុន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី៩ ខែវិច្ឆិកាថា ប្រទេសចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយទាក់ទងនឹងប្រទេសចិន ដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ហើយបានជំរុញឱ្យប្លុកនេះបញ្ឈប់ការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាតទៅទៀត។

តាមសេចក្តីរាយការណ៍របស់ព័ត៌មានធំៗបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅទីក្រុងតូក្យូ បានបញ្ចប់កាលពីថ្ងៃពុធ ដោយនៅក្នុងសេចក្តីថ្លែងការណ៍រួម ក្រុមប្រទេស G7 ក៏បានជំរុញឱ្យចិនដោះស្រាយគោលនយោបាយមិនបើកចំហររបស់ខ្លួន ក៏ដូចជាកុំឲ្យចិនជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាជំរុញឲ្យចិនរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងអនុញ្ញាតឱ្យមានស្វ័យភាពកម្រិតខ្ពស់សម្រាប់ហុងកុង។

ជុំវិញការលើកឡើងនេះស្ថានទូតចិន បាននិយាយថា ប្រទេសចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះយុទ្ធនាការលាបពណ៌ពីកងកម្លាំងខាងក្រៅ ដោយបន្ថែមថា ខ្លួនបានតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងចេតនារបស់ប្រទេសដទៃទៀតក្នុងការទប់ស្កាត់ប្រទេសចិនទាក់ទងនឹងតៃវ៉ាន់។

ក្រៅពីបញ្ហាតឹងសរសៃករខាងការទូតនេះ ក៏មានសេចក្តីរាយការណ៍មួយថា នៅពេលនេះ ក្រុមមន្រ្តីចិន និងជប៉ុន កំពុងតែរវល់នៅក្នុងការត្រៀមរៀបចំនូវលទ្ធភាពជំនួបកំពូលមួយរវាង លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ជាមួយនឹងលោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន នៅសាន់ហ្វា្រន់ស៊ីស្កូ សហរដ្ឋអាម៉េរិកនៅសប្តាហ៍ក្រោយនៅពេល ដែលមេដឹកនាំទាំងពីរ គ្រោងនឹងទៅចូលរួមក្នុងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។

សារព័ត៌មាន Nikkei បានរាយការណ៍ថា លោក គីស៊ីដា បានបញ្ជូនលោក តាកែវ អាគីបា ( Takeo Akiba) ទីប្រឹក្សាសន្តិសុខជាតិ ទៅជួបជាមួយលោក វ៉ាង យី រដ្ឋមន្រ្តីការរបទេសចិន នៅប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។

តាមការរំពឹងទុក នៅក្នុងជំនួបជាមួយលោក ស៊ី លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងសង្កត់ធ្ងន់លើសារសំខាន់នៃការបន្តការសន្ទនាឆ្ពោះទៅរកការដោះស្រាយការខ្វែងគំនិតគ្នាទ្វេភាគី លើបញ្ហាមួយចំនួន ដោយរួមទាំងការបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែ នៅហ្វូគូស៊ីម៉ា ស្ថិរភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមនិង ការប្រែប្រួលអាកាសធាតុ។

ដោយឡែកខាងចិនវិញ លោក វ៉ាង វិនប៊ិន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងថា ចិនសង្ឃឹមថាប្រទេសជប៉ុននឹងគោរពសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីការស្វែងរកទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពជាមួយប្រទេសចិន និងបង្កើតបរិយាកាសចាំបាច់សម្រាប់ធ្វើឲ្យទំនាក់ទំនងទ្វេភាគីឱ្យប្រសើរឡើង៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីថា ខ្លួនលែងខ្លាចទណ្ឌកម្មរបស់បស្ចិមលោក បើទោះបីសេដ្ឋកិច្ចនៅតែស្ថិតក្រោមសម្ពាធ

ព័ត៌មាន
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីសប្ដាហ៍មុនថា រុស្ស៊ីមិនកោតញញើតចំពោះទណ្ឌកម្មប្រេង និងឧស្ម័ន…

ការសិក្សាបង្ហាញថា បំណុលប៉ាគីស្ថានជំពាក់ចិនមានជាង៦៧ពាន់លានដុល្លារ

ព័ត៌មាន
តាមការសិក្សាមួយដែលបានចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថា នៅក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បំណុលប៉ាគីស្ថានពីប្រទេសចិន បានកើនឡើងប្រមាណ២១ពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ