Advertisement
កសិកម្ម-ថយចុះ

៥ឆ្នាំចុងក្រោយនេះ កំណើន​វិស័យ​កសិកម្ម​នៅសល់​តែ ១% ប៉ុណ្ណោះ!


គិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ កន្លងទៅនេះ កំណើនវិស័យកសិកម្មរបស់កម្ពុជា នៅមានការលូតលាស់ត្រឹមតែ១% ប៉ុណ្ណោះ ខណៈដែល កម្ពុជាធ្លាប់ត្រូវបានគេស្គាល់ថា ជាប្រទេសមួយមានមូលដ្ឋានអំណោយផលបំផុតសម្រាប់វិស័យកសិកម្ម។ ទោះជាយ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឲ្យសាធារណជន កុំមានទុទិដ្ឋិនិយមខ្លាំងពេក ចំពោះការធ្លាក់ចុះនៃកំណើនវិស័យកសិកម្មនេះ។
ក្រសួង​កសិកម្ម​ហាម​ការ​ប្រើ​ថ្នាំ​ពុល tricyclazole លើ​ដំណាំស្រូវ។
ដោយ
Advertisement

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ ចំពោះការធ្លាក់ចុះនៃកំណើនវិស័យកសិកម្ម នៅរយៈពេល​៥ឆ្នាំចុងក្រោយនេះ ប៉ុន្ដែ ឯកឧត្តមបានពន្យល់ថា នេះគឺដោយសារតែកម្ពុជា បាននិងកំពុងប្រែប្រួលមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដោយវិវត្ត​មកជាប្រទេសពឹងផ្អែកខ្លាំងលើវិស័យឧស្សាហកម្មវិញម្ដង ហើយវាជានិន្នាការមួយរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

តាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺគិតចាប់ពីឆ្នាំ២០១៣ដល់២០១៧ វិស័យកសិកម្មមានការថយចុះកំណើនរបស់ខ្លួនយ៉ាងខ្លាំង ដែលមាននៅសល់កំណើនត្រឹមតែ ១%ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ ២០០៨ ដល់២០១២ មានកំណើន ៤,៥% និងឆ្នាំ២០០៣ ដល់២០០៧ មានកំណើន ៧,២%។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម វង្សី វិស្សុត បានអះអាងថា សូមកុំឲ្យសាធារណជនមាន ទុទិដ្ឋិយមខ្លាំងពេក ចំពោះការធ្លាក់ចុះនេះ ត្បិតថា មានការថមថយកំណើនក៏ពិតមែន ប៉ុន្ដែវិស័យកសិកម្មនៅតែរក្សាកំណើនរបស់ខ្លួនដដែល ហើ​យ​​មិនមានប្រទេសនៅក្នងពិភពលោកណាមួយ ដែលមានកំណើនកសិកម្មក្នុងសេដ្ឋកិច្ចលើសពី ៥%នោះដែរ។ 

ដ្បិតតែយ៉ាងនេះក្ដី ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា កសិកម្មនៅតែដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ តួយ៉ាង វិស័យកសិកម្ម មានសារសំខាន់ណាស់ក្នុងការធានាបាននូវសន្ដិសុខស្បៀងអាហារ និងការនាំចេញសម្រាប់ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ មួយវិញទៀត កសិកម្មក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពុជាជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ខណៈដែលពលរដ្ឋក្រីក្រភាគច្រើន គឺរស់នៅតាមទីជនបទ ប្រកបរបរធ្វើស្រែចម្ការ។ 

ស្ថិតនៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងរៀបចំ និងអនុវត្តនូវយុទ្ធសាស្ត្រមួយចំនួន ដើម្បីធ្វើពិពិធកម្មទីផ្សារសម្រាប់វិស័យកសិកម្ម ពោលគឺជំរុញឲ្យមានបង្កើតជាឧស្សាហកម្មកែច្នៃ ពិសេសខាងផ្នែកចំណីអាហារសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។ លើសពីនេះ អ្នកប្រកបរបរកសិកម្ម ក៏ត្រូវមានភាពឆ្លាតវៃផងដែរ ក្នុងការស្វែងរកប្រភេទកសិផលណា ដែលអាចនាំមកនូវតម្លៃបន្ថែមខ្ពស់ ដូចជាការដាំដុះម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងការចិញ្ចឹមសត្វតាមបែបបច្ចេកទេសជាដើម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានសង្កត់ធ្ងន់ដែរថា ការធ្លាក់ចុះនៃវិស័យកសិកម្ម គឺបណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួន ដូចជា ការប្រែប្រួលមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ដែលពីមុនមានមូលដ្ឋានសេដ្ឋកិច្ចទាប ដូច្នេះត្រូវរស់ពឹងផ្អែកលើវិស័យកសិកម្ម ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានមូលដ្ឋានសេដ្ឋកិច្ចកាន់តែខ្ពស់ជាងមុន ដែលត្រូវពឹងផ្អែកចម្បងទៅលើវិស័យឧស្សាហកម្ម។ មួយវិញទៀត សម្ពាធពីទីផ្សារខាងក្រៅចេះតែមានការប្រែប្រួល ក៏បានធ្វើឲ្យវិស័យកសិកម្មកម្ពុជាជួបបញ្ហាជាបន្តបន្ទាប់ផងដែរ គួបផ្សំនឹងកំណើនផ្ទៃដីដាំដុះកសិកម្មក៏មានចំនួនថយចុះតិចជាងមុន។  

តាមរបាយការណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កំណើនផលិតភាពទាប ដែលឆ្លុះបញ្ចាំងតាមរយៈកំណើននៃទិន្នផលស្រូវ ក៏ជាមូលហេតុគន្លឹះមួយ ដែលជំរុញឲ្យវិស័យកសិកម្មមានការថមថយកំណើនយ៉ាងគំហុកផងដែរ។ តួយ៉ាង គិតត្រឹម៥ឆ្នាំចុងក្រោយនេះ កំណើនផ្ទៃដីដាំដុះស្រូវនៅមានប្រមាណតែ ១%ប៉ុណ្ណោះ ខណៈដែល៥ឆ្នាំមុន មាន៣,១%។ ជាមួយគ្នានេះ កំណើនផលិតភាពនៃវិស័យកសិកម្មនៅ៥ឆ្នាំចុងក្រោយនេះ ក៏មានការថយចុះខ្លាំងផងដែរ ពោលគឺនៅសល់ត្រឹមប្រមាណ៥,៣%ប៉ុណ្ណោះ ខណៈដែលកាលពី៥ឆ្នាំមុនមាន២០% ហើយបើធៀបនឹង​វៀត​ណាម និងថៃ ចំនួននេះ កម្ពុជាគឺមានសន្ទុះថយចុះខ្លាំងជាងប្រទេសទាំងពីរនេះ។ 

ទោះយ៉ាងណា បើពិនិត្យទៅមើលផលិតផលក្នុងស្រុកសរុបសម្រាប់កសិករម្នាក់ របស់កម្ពុជា នៅរយៈពេល៥ឆ្នាំចុងក្រោយនេះ មានតម្លៃខ្ពស់គួរឲ្យកត់សម្គាល់ ពោលគឺមានចំនួន ៨០៥ដុល្លារ ខណៈវៀតណាមមានត្រឹមតែ៨០០ដុល្លារ និងប្រទេសថៃមានរហូតដល់ចំនួន ២១០០ដុល្លារ។ 

សូមជម្រាបដែរថា នៅឆ្នាំ២០១៧កន្លងទៅនេះ វិស័យកសិកម្មត្រូវបានប៉ាន់ប្រមាណថា មានកំណើនក្នុងរង្វង់១,៦% ហើយនៅឆ្នាំ២០១៨ និង​២០១៩ វិស័យនេះត្រូវបានព្យាករថា នឹងនៅតែបន្តសម្រេចបានកំណើនដដែល ប៉ុន្ដែមានការការលូតលាស់យឺតក្នុងរង្វង់ប្រមាណ១,៨% ដែលគាំទ្រដោយអនុវិស័យមួយចំនួនដូចជា ដំណាំ ការចិញ្ចឹមសត្វ នេសាទ និងព្រៃឈើជាដើម៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កប៉ាល់ដឹកអ្នកដំណើរ ព្រែកព្នៅ-តាខ្មៅចំនួន២គ្រឿងអាចដំណើរការថ្ងៃទី១២ ខែមេសា

ព័ត៌មាន
លោក វ៉ាស៊ឹម សុរិយា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូណូមីស ថា ប្រហែលជាថ្ងៃទី១២ ខែមេសាខាង...

អ្នកជំនាញ៖ ប្រើប្រាស់​ដី​អស់​សក្ដានុពល​បាន លុះត្រា​តែ​មាន​ប្លង់​មេ​អភិវឌ្ឍន៍

ព័ត៌មាន
អ្នក​ជំនាញ​អចលនទ្រព្យ បាន​អះអាង​ថា បើ​កាលណា​ការ​អភិវឌ្ឍ​វិស័យ​សំណង់ មាន​ប្លង់មេ​ត្រឹមត្រូវ​ពី​អាជ្ញាធរ នោះ​នឹង​ជួយ​ឲ្យ​ការ​អភិវឌ្ឍ​ក្...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ