យោងតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែមករា បានបង្ហាញថា ដុំមាសដែលកាន់កាប់ដោយធនាគារកណ្ដាលចិន បានកើនឡើងដល់ប្រមាណ២,៥១៣តោន កាលពីអំឡុងខែធ្នូ ដោយកើនឡើងពី២,៥០១តោន កាលពីអំឡុងខែវិច្ឆិកា។ សូមបញ្ជាក់ថា ធនាគារកណ្តាលចិន បានចាប់ផ្ដើមសម្រុកទិញចូលមាសឡើងវិញកាលពីអំឡុងខែវិច្ឆិកា បន្ទាប់ពីបានផ្អាកទិញចូលរយៈពេល៦ខែជាប់ៗគ្នាក្នុងឆ្នាំ២០២៤។
ការសម្រុកទិញចូលមាសដោយធនាគារកណ្ដាលចិននេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ធនាគារកណ្ដាលចិន នៅតែយកចិត្តទុកដាក់ខ្ពស់លើការធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួន ទោះបីជាហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ហក់ឡើងខ្ពស់យ៉ាងណាក្ដី។
ហាងឆេងមាសបានហក់ឡើងថ្លៃកប់ពពកឈានដល់កម្រិតបំបែកកំណត់ត្រាជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៤ ដោយសារតែកត្តាចម្បងមួយចំនួនដូចជាការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងការបញ្ចុះអត្រាការប្រាក់របស់សហរដ្ឋអាម៉េរិក តម្រូវការទិញចូលមាសទុកជាទ្រព្យសកម្មក្នុងគ្រាសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជា និងការបន្តទិញចូលមាសដោយធនាគារកណ្តាលនានាទូទាំងពិភពលោក។ ទោះជាយ៉ាងណាការហក់ឡើងថ្លៃនៃហាងឆេងមាសបានបង្អង់ល្បឿន បន្ទាប់ពីការជាប់ឆ្នោតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យប្រាក់ដុល្លារអាម៉េរិកហក់ឡើងថ្លៃ។
ធនាគារខ្នាតយក្សអាម៉េរិក Goldman Sachs ដែលជាធនាគារវិនិយោគធំបំផុតទី២ របស់ពិភពលោកធ្លាប់បានព្យាករថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងថ្លៃដល់៣ពាន់ដុល្លារអាម៉េរិកក្នុងមួយអោន ឬប្រមាណ៣,៦៦០ដុល្លារអាម៉េរិកក្នុងមួយតម្លឹងនៅចុងឆ្នាំ២០២៤ តែនៅសប្ដាហ៍នេះ ធនាគារនេះបានពន្យារការព្យាករថា ហាងឆេងមាសនឹងហក់ឡើងថ្លៃដល់៣,៦៦០ដុល្លារអាម៉េរិកក្នុង១តម្លឹងនៅពាក់កណ្ដាលឆ្នាំ២០២៦ វិញ ដោយយោងលើកត្តាធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់យឺតយ៉ាវ ហើយរំពឹងថា ធនាគារកណ្ដាលអាម៉េរិក អាចនឹងបញ្ចុះអត្រាការប្រាក់តិចតួចប៉ុណ្ណោះនៅឆ្នាំ២០២៥៕
ដោយ: តែម សុខុម