ព័ត៌មានអំពីការបាត់ទំនុកចិត្តលើតម្លៃត្បូងពេជ្រ បាននិងកំពុងចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គមនៅក្នុងប្រទេសចិន ដែលនាំឲ្យពលរដ្ឋចិន ជាច្រើននាក់ កំពុងងាកទៅរកការវិនិយោគលើមាស ដែលបានជំរុញឲ្យតម្រូវការមាសនៅប្រទេសចិន មានការកើនឡើងយ៉ាងខ្លាំង រហូតអ្នកវិភាគបានលើកឡើងថា វាអាចជាមូលហេតុចម្បងមួយដែលជំរុញឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ឡើងដល់កម្រិតខ្ពស់បំផុតនៅមួយរយៈចុងក្រោយនេះ។
លោក ហ្គារី ង៉ (Gary Ng ) អ្នកសេដ្ឋវិទូជាន់ខ្ពស់នៅធនាគារបារាំង Natixis បាននិយាយថា ពលរដ្ឋចិន កំពុងស្វែងរកមធ្យោបាយ ដើម្បីរក្សាទ្រព្យសម្បត្តិរបស់ពួកគេ ចំពេលមានទំនុកចិត្តកាន់តែខ្សោយលើត្បូងពេជ្រ ដែលជាហេតុជំរុញឱ្យតម្រូវការមាសនៅក្នុងប្រទេសចិន មានការកើនឡើងខ្លាំង ហើយតម្លៃមាសនៅលើទីផ្សារពិភពលោក ក៏ស្ទុះងើបឡើងខ្លាំងដូចគ្នា។
ដោយឡែក លោក ប៉ូល ហ្ស៊ីនីស្គី (Paul Zimnisky) អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមួយរូបបានឲ្យដឹងថា នៅមុនឆ្នាំ២០២១ ពលរដ្ឋចិនភាគច្រើនពេញនិយម និងគាំទ្រត្បូងពេជ្រ ប៉ុន្តែជាង៣ឆ្នាំមកនេះជំនឿលើត្បូងពេជ្រ កំពុងធ្លាក់ចុះ។ បើតាមអ្នកជំនាញរូបនេះ ទីផ្សារត្បូងពេជ្រនៅចិន លែងសូវមានស្ថានភាពល្អហើយនៅពេលនេះ ហើយទំហំទីផ្សារត្បូងពេជ្របានថយចុះជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពីជិត១៤ពាន់លានដុល្លារនៅឆ្នាំ២០២១ មកនៅត្រឹម១៣ពាន់លានដុល្លារក្នុង២០២៣ ហើយកំពុងមាននិន្នាការបន្តធ្លាក់ចុះថែមទៀត។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ឆ្នាំ២០២៤ នេះ ចិនបាននាំចូលមាសប្រមាណជិត៣០៩តោនកើនឡើងជិត៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។
តម្រូវការមាសផ្ទួនៗនៅក្នុងប្រទេសចិន ពោលគឺទាំងការស្តុកបម្រុង និងតម្រូវការរបស់ប្រជាជន បានធ្វើឲ្យតម្លៃមាសនៅក្នុងសប្តាហ៍នេះឡើងដល់កម្រិតមធ្យមប្រមាណ២,៤៤០ដុល្លារ ទៅ២,៤៦០ដុល្លារក្នុងមួយអោន ដោយ១អោនមានជាង៨ជីមាស។ ត្បូងពេជ្រ និងមាសត្រូវបានគេចាត់ទុកជារតនៈវត្ថុដ៏មានតម្លៃក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋ ខណៈទីផ្សារដែលធំបំផុតនៅលើពិភពលោក គឺប្រទេសចិន និងឥណ្ឌា៕
ដោយៈ សរ សុជាតិ