សេដ្ឋកិច្ចចិននៅឆ្នាំនេះនិងឆ្នាំក្រោយ

សេដ្ឋកិច្ចចិនត្រូវបានធនាគារពិភពលោកបន្ទាបការព្យាករកាន់តែទាបនៅឆ្នាំនេះ និងឆ្នាំក្រោយ


ធនាគារពិភពលោកនៅថ្ងៃអង្គារទី២០ខែធ្នូ បានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសចិនមកកម្រិតកាន់តែទាបជាងមុនបន្ថែមទៀត សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ក្រោយពីបានមើលឃើញករណីឆ្លងកូវីដ១៩កើនឡើងវិញ ក្រោយរដ្ឋអំណាចដកចេញនូវវិធានការសូន្យកូវីដ និងស្របពេលដែលវិស័យអចលនទ្រព្យកាន់តែកំពុងទន់ជង្គង់ចុះទន់ខ្សោយកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
WorldBank ទម្លាក់ការព្យាករសេដ្ឋកិច្ចចិនជាថ្មីក្រោយកើនឡើងករណីឆ្លងកូវីដ១៩!

នៅក្នុងសេចក្តីថ្លែងការចុងក្រោយកាលពីថ្ងៃអង្គារទី២០ខែធ្នូ ធនាគារពិភពលោកបានព្យាករទម្លាក់កំណើនសេដ្ឋកិច្ចប្រទេសចិនពីអត្រា ៤,៧% ដែលបានព្យាករកាលពីខែមិថុនា មកនៅត្រឹម២,៧%សម្រាប់ឆ្នាំ២០២២។ ដោយឡែក នៅឆ្នាំ២០២៣ ស្ថាប័នមួយនេះបានទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនជិតពាក់កណ្តាលឯណោះ ពោលគឺទម្លាក់ពីកំណើន ៨,១% ដែលបានព្យាករពីមុន មកនៅត្រឹម ៤,៣%។

អត្រាកំណើនទាំងពីរ សុទ្ធសឹងតែស្ថិតក្រោមបន្ទាត់ដែលរដ្ឋអំណាចក្រុងប៉េកាំងធ្លាប់បានព្យាករថា នឹងមានកំណើនរង្វង់ ៥,៥%។ ទោះយ៉ាងណា បើតាមការពិនិត្យជាក់ស្តែងរបស់អ្នកជំនាញចំពោះស្ថានភាពបច្ចុប្បន្ន គោលដៅរបស់ប៉េកាំងសម្រាប់កំណើន ៥,៥% ក៏មិនអាចសម្រេចបានដែរ។

ក្នុងសេចក្តីប្រកាសរបស់ខ្លួន ធនាគារពិភពលោកនិយាយថា សកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិនមានភាពប្រសើរឡើង ឬអត់នោះ គឺអាស្រ័យទៅលើការឡើងចុះនៃករណីឆ្លងកូវីដ១៩។ រលកឆ្លងថ្មីៗឥតដាច់ និងសេដ្ឋកិច្ចដែលមានកំណើនយឺតស្រាប់នោះ ធ្វើឱ្យការងើបឡើងវិញមិនស្មើគ្នា។

គួរជម្រាបថា ក្រោយពេល៣ឆ្នាំនៃការអនុវត្តគោលនយោបាយសូន្យកូវីដ១៩ដ៏តឹងរ៉ឹង រួមមានការបិទខ្ទប់ភ្លាមៗ ការធ្វើតេស្តទ្រង់ទ្រាយធំ ហាមប្រាមការធ្វើដំណើរដើរហើរ និងការដាក់ឱ្យនៅដាច់ដោយឡែករយៈពេលយូរ ប្រទេសចិនកាលពីពាក់កណ្តាលខែធ្នូនេះ បានសម្រេចបោះបង់ចោលគោលនយោបាយតឹងតែងទាំងអស់នេះហើយ។ ប៉ុន្តែការរំខានដល់អាជីវកម្មបន្តមាន នៅពេលដែលករណីឆ្លងកើនឡើង ហើយការរឹតបន្តឹងមួយចំនួននៅតែមានតាមតំបន់ខ្លះ។

ដោយឡែក កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្រមានដែរថា ពួកគេទំនងជានឹងបន្ទាបការព្យាករសម្រាប់ប្រទេសចិនម្តងទៀត ក្រោយមើលឃើញពីករណីឆ្លងកើនឡើងដូចគ្នា។ គួររំឭកថា IMF បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិនម្តងរួចហើយកាលពីខែតុលាមកនៅត្រឹម កំណើន ៣,២% នៅឆ្នាំ២០២២ ដែលជាអត្រាមួយទាបបំផុតមិនធ្លាប់មានក្នុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ហើយរំពឹងកើនឡើងនៅឆ្នាំក្រោយត្រឹម ៤,៤%ប៉ុណ្ណោះ។

ក្រៅតែពីការថយចុះនៃកំណើនសេដ្ឋកិច្ច កំណើនករណីឆ្លងកូវីដ១៩ ក្នុងប្រទេសដែលមានប្រជាជនសរុបជាង១ពាន់៤រយលាននាក់មួយនេះ ក៏កំពុងធ្វើឱ្យវិស័យសុខាភិបាលពិភពលោកព្រួយបារម្ភផងដែរ។ មន្ត្រី និងអ្នកជំនាញនៅក្រៅប្រទេសចិន កំពុងឃ្លាំមើលដោយយកចិត្តទុកដាក់លើរលកឆ្លងចុងក្រោយ ដោយហេតុថាមិនមែនប្រជាជនទាំងអស់របស់ចិន សុទ្ធតែបានចាក់វ៉ាក់សាំង ឬបានចាក់គ្រប់ដូសនោះទេ។ ការវាយតម្លៃពីវិទ្យាស្ថានអាមេរិកមួយថ្មីៗនេះ បង្ហាញថាអ្នកសម្លាប់ដោយសារកូវីដ១៩នៅប្រទេសចិន អាចមានដល់ជាងមួយលាននាក់ក្នុងឆ្នាំ២០២៣។

សូមជម្រាបថា អង្គការសុខភាពពិភពលោក មន្ត្រីសហរដ្ឋអាមេរិកនិង អឺរ៉ុបមួយចំនួន កំពុងខិតខំរកឱ្យឃើញពីវិធីដែលគេអាចជួយចិនបន្ធូរបន្ថយការលំបាកបាន ព្រោះពួកគេខ្លាចថា វានឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក មួយកំរិតទៀត ពិសេសជះផលអាក្រក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ការធ្វើអាជីវកម្ម និងបារម្ភពីការបង្ក រលកឆ្លងថ្មីនៅជុំវិញពិភពលោក៕




អត្ថបទបន្ទាប់


ចិន និងអាមេរិកសាចទឹកដាក់គ្នាជុំវិញរឿងទំនាស់រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅសមុទ្រចិនខាងត្បូង

ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនបានចោទប្រកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២០ ខែធ្នូថា បានជំរុញឱ្យមានជម្លោះរវាងហ្វីលីពីន និងទី…

ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃអាចនឹងកើនដល់ ២,៥ ពាន់លានដុល្លារនៅក្នុង២០២៣

ការចំណាយលើពាណិជ្ជកម្មលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសថៃ ត្រូវគេព្យាករថា នឹងកើនឡើង ៤,២% ដោយមានទំហំទឹកប្រាក់សរុបដល់ជិត ២ពាន់៥រយលានដុល្លារ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ