ការនាំចេញរបស់ចិន

កំណើនការនាំចេញរបស់ចិនធ្លាក់ចុះកម្រិតទាប ចំពេលមានការអនុវត្តវិធានការកូវីដ១៩តឹងរ៉ឹង


កំណើនការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះមកនៅកម្រិតទាបបំផុតនៅក្នុងខែមេសាកន្លងទៅនេះ បើធៀបក្នុងរយៈពេលជិត ២ ឆ្នាំចុងក្រោយនេះ ខណៈការនាំចូលក្នុងខែមេសាមានការប្រែប្រួលជាខ្លាំង ដោយសារវិធានការទប់ស្កាត់មេរោគកូវីដ ១៩ កាន់តែតឹងតែង ដែលបានបញ្ឈប់ផលិតកម្មក្នុងរោងចក្រធំៗជាច្រើន និងកាត់បន្ថយតម្រូវការក្នុងស្រុក ហើយកត្តាទាំងនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់កំណើនសេដ្ឋកិច្ចរបស់មហាយក្សចិនផងដែរ។នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
កំណើនការនាំចេញរបស់ចិនធ្លាក់ចុះកម្រិតទាប

វិស័យពាណិជ្ជកម្មរបស់ចិន មានប្រហែលមួយភាគបី នៃផលិតផលក្នុងស្រុកសរុប កំពុងបាត់បង់សម្ទុះកំណើន ដោយសារការបិទខ្ទប់ ដែលធ្វើឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងមជ្ឈមណ្ឌលសំខាន់ៗដូចជាទីក្រុងសៀងហៃជាដើម ហើយវាកំពុងបង្កើនហានិភ័យនៃការធ្លាក់ចុះកាន់តែខ្លាំងដែរសម្រាប់កំណើននៃការនាំចេញរបស់ចិន ក៏ដូចជាកំណើនសេដ្ឋកិច្ចទាំងមូល។ ជាក់ស្ដែង គិតក្នុងខែមេសា ការនាំចេញរបស់ចិនគិតជាប្រាក់ដុល្លារអាមរិកមានកំណើនត្រឹមជិត៤% ប៉ុណ្ណោះ ធៀបនឹងឆ្នាំមុន ខណៈនៅខែមីនាវិញ ការនាំចេញរបស់ចិនធ្លាប់មានកំណើនដល់ទៅជិត ១៥%ឯណោះ។

លោក Chang Ran អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវវិនិយោគស៊ីស៊ីន (Zhixin) បាននិយាយថា ការផ្ទុះឡើងនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនបាននាំឱ្យមានការលំបាកយ៉ាងខ្លាំងនៅក្នុងខ្សែចង្វាក់ផលិតកម្ម និងចង្វាក់ផ្គត់ផ្គង់ ។ ទន្ទឹមនឹងនោះ ប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ដែលសេដ្ឋកិច្ចកំពុងមានការស្ទុះងើបឡើងវិញ បានពង្រីកផលិតកម្មរបស់ខ្លួន ដើម្បីជំនួសការនាំចេញរបស់ចិនចំពោះសម្ភារៈចាំបាច់មួយចំនួនផងដែរ។

យ៉ាងណាម៉េញ លោក ជូលៀន អ៊ីវ៉ាន់ ព្រីឆាត (Julian Evans-Pritchard) សេដ្ឋវិទូជាន់ខ្ពស់របស់ប្រទេសចិននៅក្រុមហ៊ុន Capital Economics បានអះអាងថា ការធ្លាក់ចុះការនាំចេញរបស់ចិនកំពុងធ្វើឱ្យតម្រូវការបរទេសចុះខ្សោយ។ លោកបាននិយាយថា ការធ្លាក់ចុះខ្លាំងបំផុតគឺនៅក្នុងការដឹកជញ្ជូនទៅកាន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលតម្លៃអតិផរណាមានការកើនឡើងខ្ពស់ ដែលធ្វើឲ្យមានការពិចារណាទៅលើការនាំចូល។

អ្នកវិភាគខ្លះបានព្រមានអំពីការកើនឡើងហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ដោយបានផ្តល់អនុសាសន៍ឲ្យ អ្នកបង្កើតគោលនយោបាយ ត្រូវតែរៀបចំយុទ្ធសាស្រ្តក្នុងការជំរុញការនាំចេញបន្ថែមទៀត ដើម្បីឈានដល់គោលដៅកំណើនសេដ្ឋកិច្ចរនៅឆ្នាំ ២០២២ ប្រហែល ៥,៥ %។

គួររំលឹកថា ទីក្រុងប៉េកាំងបានខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃកូវីត ១៩ ជាខ្លាំងក្នុងរយៈពេល ២ ឆ្នាំ កន្លងមកនេះ ដែលបានបិទព្រុំដែនប្រទេស រឹតបន្តឹងការធ្វើដំណើ ការដឹកជញ្ចួន និង ការបិទខ្ទប់ទីក្រុងសៀងហៃ និង ការផ្អាកប្រតិបត្តិការក្រុមហ៊ុនធំៗជាច្រើនដូចជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលឲ្យក្រុមហ៊ុន Apple គឺក្រុមហ៊ុន Foxconn និង ក្រុមហ៊ុនផលិតរថយន្ត Toyota ជាដើម។

ទោះជាយ៉ាងនេះក្ដី គេសង្កេតឃើញថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឱ្យទីផ្សារអាលុយមីញ៉ូមមានតម្រូវការលើទីផ្សារសកលជាខ្លាំង ហើយបានប្រែក្លាយប្រទេសចិនឱ្យទៅជាប្រទេសនាំចេញធំជាងគេក្នុងការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងតម្លៃខ្ពស់ទៅកាន់អឺរ៉ុប។

នៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន តម្លៃឧស្ម័នធម្មជាតិ និងថាមពលផ្សេងទៀតបានកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនផលិតអាលុយមីញ៉ូមអ៊ឺរ៉ុបត្រូវបានបង្ខំឱ្យកាត់បន្ថយការផលិតលោហៈ ខណៈដែលតម្លៃថាមពលអគ្គិសនី បានកើនឡើងដែលបង្កើតឱ្យមានការខ្វះខាតការផ្គត់ផ្គង់។

គួរជម្រាបថា ទិន្នន័យគយបង្ហាញថា ប្រទេសចិនបាននាំចេញអាលុយមីញ៉ូមចំនួនជាង ២ ម៉ឺន ៦ ពាន់តោនក្នុងខែកុម្ភៈ កើនឡើងជាង ៥០០% បើធៀបនឹងខែមករា៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


កូនប្រុសអតីតមេដឹកនាំផ្តាច់ការត្រកូល Marcos ឈ្នះឆ្នោតជាប្រធានាធិបតីថ្មីរបស់ហ្វីលីពីន

ប្រទេសហ្វីលីពីនបានបិទបញ្ចប់ហើយនូវការបោះឆ្នោតសកល កាលពីល្ងាចថ្ងៃចន្ទទី០៩ឧសភា ដើម្បីជ្រើសរើសសមាជិកសភា ព្រឹទ្ធិសភា អភិបាលខេត្ត ព្រមទាំងតំណាងម…

ក្រុមហ៊ុនលក់រាយលំដាប់ថ្នាក់ពិភពលោក Walmart របស់អាមេរិក ចាប់អារម្មណ៍ពង្រីកការធ្វើធុរកិច្ចនៅកម្ពុជា

ក្រុមហ៊ុនលក់រាយខ្នាតយក្សរបស់អាមេរិក Walmart បានបង្ហាញពីចំណាប់អារម្មណ៍ នៅក្នុងការពង្រីកការធ្វើធុរកិច្ច ក៏ដូចជាការវិនិយោគនៅកម្ពុជា នៅគ្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ