ប្រទេសចិន

ចិនកំពុងបារម្ភពីអត្រាអតិផរណាកើនខ្ពស់ ចំពេលតម្រូវការក្នុងស្រុកហក់ឡើងខ្លាំង ក្រោយលើកលែងវិធានការបិទខ្ទប់កូវីដ១៩


ចិនបាននិងកំពុងបើកដំណើរការប្រទេសឡើងវិញ ក្រោយកាត់បន្ថយគោលនយោបាយដ៏តឹងរ៉ឹង សូន្យកូវីដ១៩កាលពីប៉ុន្មានសប្តាហ៍មុន។ សម្រាប់ចិនខ្លួនឯង ការលែងបិទខ្ទប់ និងរឹតត្បិតលើការដើរហើរក្នុងស្រុក នឹងជំរុញកំណើនសេដ្ឋកិច្ចឲ្យស្ទុះងើបឡើងជាងមុន ប៉ុន្តែវាក៏ជាអាវុធមុខពីរដែរ។
ចិនដំណើរការប្រទេសវិញធ្វើឱ្យតម្រូវការខ្ពស់បង្កហានិភ័យថែមទៀតដល់អតិផរណា

ជាអាវុធមុខពីរ ក៏ដោយសារតែដំណើរការសកម្មភាពសេដ្ឋកិច្ចនានារបស់ចិនកំពុងរុញឲ្យតម្រូវការក្នុងស្រុកស្ទុះងើបឡើងខ្លាំង ដែលវានឹងទៅធ្វើឱ្យអតិផរណា ដែលកំពុងតែបង្ហាញសញ្ញាធ្លាក់ចុះខ្លះនោះ ត្រឡប់មកមានកំណើនខ្លាំងជាងមុនវិញក៏អាចថាបាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

គោលនយោបាយសូន្យកូវីដដែលប៉េកាំងបានប្រើអស់ពេល៣ឆ្នាំមកនេះ បណ្តាលឱ្យមានការរំខានផ្នែកសេដ្ឋកិច្ចដ៏ធំធធេង និងកាត់បន្ថយតម្រូវការប្រេង ឧស្ម័ន និងវត្ថុធាតុដើមជាច្រើន ដោយហេតុថា ធម្មតាប្រទេសចិនគឺជាអ្នកនាំចូលធំបំផុតនៃទំនិញទាំងនេះ។ កាលពីត្រីមាសទី ៣ឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៣,៩% ដោយស្ទុះងើបឡើងវិញពីការធ្លាក់ចុះ០,៤% នៅក្នុងត្រីមាសទីពីរ។ សេដ្ឋកិច្ចត្រូវបានរារាំងដោយមិនត្រឹមតែជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាអចលនទ្រព្យផងដែរ។

ជារឿងល្អ ដែលចិនព្រមទទួលយកការរៀនរស់នៅជាមួយកូវីដ១៩ ក្រោយមានបាតុកម្មប្រឆាំងផងនោះ ប៉ុន្តែវាក៏អាចជាអាវុធមុខពីរដែរ។ ក្រុមអ្នកវិភាគនិយាយថា ទាំងចិន និងពិភពលោក អាចប្រឈមមុខនឹងអតិផរណាកើនឡើង ដោយសារការបើកប្រទេសវិញភ្លាមៗរបស់ប្រទេសមានប្រជាជនជាង១ពាន់៤រយលានមួយនេះ នឹងទៅរុញច្រានតម្រូវការនានាឱ្យកើនខ្ពស់ ខណៈលែងមានការបិទខ្ទប់តទៀត នឹងធ្វើឱ្យការធ្វើដំណើនមានច្រើនជាងមុនទ្វេដង។

តម្រូវការច្រើន ការធ្វើដំណើរក៏ច្រើន នឹងទៅដាក់សម្ពាធមួយតង់ទៀតលើវិបត្តិថាមពលទូទាំងពិភពលោក ដែលកំពុងយ៉ាប់យ៉ឺនស្រាប់ទៅហើយដោយសារសង្គ្រាមនៅអ៊ុយក្រែន។ សកម្មភាពសេដ្ឋកិច្ចឡើងវិញនៅចិន អាចជំរុញឱ្យតម្រូវការប្រេងសរុបរបស់ប្រទេសចិនកើនឡើងដល់ ៣,៣ លានបារ៉ែលប្រេងក្នុងមួយថ្ងៃនៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ស្ថាប័ន S&P Global។ ចំនួននេះស្មើនឹង ៤៧% នៃតម្រូវការរបស់ពិភពលោកសរុបនៅឆ្នាំក្រោយ ហើយនឹងជំរុញឱ្យតម្លៃទំនិញកើនឡើងផងដែរ។ ដរាបណា ប្រទេសចិនបានបើកដំណើរការឡើងវិញទាំងស្រុង១០០%ជាមួយនឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ ដែលអាចជំរុញឱ្យតម្លៃប្រេងនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣ ឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងប្រហែល ៨០ដុល្លារនៅពេលនេះ។

ផ្អែកតាមតារាងពេលវេលាធ្វើដំណើរ របស់និយ័តករអាកាសចរណ៍ស៊ីវិលរជាតិបស់ចិន បានឲ្យដឹងថា ជើងហោះហើរអ្នកដំណើរក្នុងប្រទេសចិនអាចនឹងងើបឡើងវិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ដោយនឹងឈានដល់ ៨៨% នៃកម្រិតមុនការរាតត្បាត។

ដោយឡែក ចំពោះវិស័យអចលនទ្រព្យវិញ មានអ្នកតាមដានខ្លះព្យាករណ៍ថា ទីផ្សារលំនៅឋាន ដែលការលក់ផ្ទះថ្មីបានធ្លាក់ចុះ ២៥%ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ អាចស្ទុះងើបឡើងវិញយឺតៗ នៅពេលដែលតម្រូវការត្រឡប់មកវិញ។ ច្បាប់នៃមេរោគឆ្លង ដែលធូររលុងជាងមុន គួបផ្សំនឹងវិធានការមួយចំនួនរបស់ទីក្រុងប៉េកាំង ដើម្បីជួយសង្គ្រោះទីផ្សារអចលនទ្រព្យ ដែលបានប្រកាសកាលពីខែមុន អាចបង្កើនទំនុកចិត្តអ្នកទិញឡើងវិញ។

ទោះយ៉ាងណាវាក៏អាចមានឥទ្ធិពលលើអតិផរណាផងដែរ តួយ៉ាង ប្រសិនបើមានការស្ទុះងើបឡើងវិញខ្លាំងនៃសេដ្ឋកិច្ច ការសាងសង់អចលនទ្រព្យអាចនឹងកើនឡើង បន្ទាប់មកតម្លៃសម្រាប់វត្ថុធាតុដើមដូចជាដែក និងសម្ភារសំណង់ផ្សេងទៀតក៏នឹងកើនឡើងដែរ៕




អត្ថបទបន្ទាប់


ការស្ដារឡើងវិញនៃវិស័យទេសចរណ៍វៀតណាម កំពុងមានដំណើរយឺត?

ព័ត៌មាន
វិស័យទេសចរណ៍នៅប្រទេសវៀតណាមកំពុងតែជួបឧបសគ្គក្នុងការក្រោកឈរឡើងវិញ ក្រោយពីបានបាក់ស្រុតដោយសារតែការចូលលុកលុយនៃជំងឺកូវីដ១៩ បើទោះជាប្រទេសន…

ទំនាក់ទំនងប្រះឆារវាងចិន និងអូស្ត្រាលីនឹងអាចស្ដារមកវិញបានដែរឬទេ ខណៈប្រមុខការទូតអូស្ត្រាលីនឹងបំពេញទស្សនកិច្ចនៅចិនសប្ដាហ៍នេះ?

ព័ត៌មាន
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយកាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ថា រដ្ឋមន្ត្រីការបរទេសរបស់លោក គឺលោកស្រី Penny Wong នឹងធ្វ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ