ក្រុងប៉េកាំង កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានប្រកាសដាក់ចេញកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ១,៤ទ្រីលានដុល្លារអាម៉េរិក ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងរបស់បណ្ដារដ្ឋបាលមូលដ្ឋានទូទាំងប្រទេសចិន។ ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនហាក់មានមន្ទិលថា កញ្ចប់វិធានការនេះប្រហែលជាមិនទាន់គ្រប់គ្រាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចចិននៅឡើយទេ។
អត្រាអតិផរណារបស់ប្រទេសចិននៅក្នុងខែតុលា កន្លងទៅបានធ្លាក់ចុះមកនៅត្រឹម០,៣% បើធៀបនឹង០,៤%ដែលទីផ្សារបានរំពឹងទុក ខណៈដែលអត្រាអតិផរណារក្នុងខែកញ្ញា ស្ថិតក្នុងរង្វង់០,៤%។ ទិន្នន័យរបស់ក្រុមហ៊ុនផ្សារមូលបត្រក្រុងឡុងដ៍ ហៅកាត់ថា LSEG នៃប្រទេសអង់គ្លេសបានបង្ហាញថា អតិផរណានៅប្រទេសចិនបានបន្តធ្លាក់ចុះ២ខែជាប់គ្នា ហើយបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ខែមកនេះ។
ទិន្នន័យផ្លូវការបង្ហាញថា សន្ទស្សន៍ផ្សារហ៊ុន ហង់ សេង (Hang Seng) របស់ហុងកុង បានធ្លាក់ចុះ២,៥% ខណៈសន្ទស្សន៍ផ្សារហ៊ុនចិនប៉េកាំង CSI 300 បានធ្លាក់ចុះ១%។ ទន្ទឹមនេះ សន្ទស្សន៍ផ្សារហ៊ុនក្នុងស្រុករបស់ជប៉ុន Nikkei 225 បានធ្លាក់ចុះ០,៤០% ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនក្រៅស្រុករបស់ជប៉ុន Topix បានធ្លាក់ចុះ០,៣២%។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុនកូរ៉េ Kospi បានធ្លាក់ចុះ១% ហើយសន្ទស្សន៍ផ្សារហ៊ុនកូរ៉េមួយទៀត Kosdaq បានធ្លាក់ចុះ១,៩% ចំណែកឯសន្ទស្សន៍ផ្សារហ៊ុនអូស្ត្រាលី S&P/ASX 200 បានធ្លាក់ចុះ០,៤៣៕
ដោយ: តែម សុខុម