វិស័យអចលនទ្រព្យ គឺជាវិស័យឆ្អឹងខ្នងសំខាន់មួយ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក ប៉ុន្ដែ នៅប៉ុន្មានខែចុងក្រោយនេះ វិស័យនេះ មានដំណើរយឺតគួរឲ្យកត់សម្គាល់ ដោយសារតែសតិអារម្មណ៍អ្នកវិនិយោគត្រូវបានរង្គោះរង្គើព្រោះតែបទបញ្ញត្តិតឹងរឹង និងវិបត្តិសាច់ប្រាក់កំពុងកើនឡើង ដែលបានលេបត្របាក់ក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ដែលកំពុងជាប់ជំពាក់បំណុលជាច្រន។
ការព្យាករពីតម្លៃផ្ទះសម្បែង និងការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិន គឺបង្ហាញឲ្យឃើញពីស្ថានភាពកាន់តែអាប់អួរខ្លាំងជាងអ្វីដែលបានព្យាករកាលពីខែសីហាកន្លងទៅ ទៅទៀត។
តម្លៃផ្ទះនៅប្រទេសចិនជាមធ្យមត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះ១%នៅឆមាសទី១ឆ្នាំ២០២២។ នេះបើតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ ជាមួយនឹងអ្នកវិភាគ និងសេដ្ឋវិទូចំនួន១៤នាក់កាលពីពេលថ្មីៗនេះ។ សម្រាប់ឆ្នាំ២០២១វិញ តម្លៃផ្ទះនៅចិន ត្រូវបានរំពឹងថា នឹងកើនឡើងត្រឹមតែ ២,៦% ដែលទាបជាងអ្វីដែលបានព្យាករ ៣,៥%កាលពីមុន ខណៈដែលឆ្នាំ២០២០តម្លៃផ្ទះនៅចិនបានកើនក្នុងរង្វង់៥%។
អ្នកវិភាគបានគូសបញ្ជាក់ថា និន្នាការធ្លាក់ចុះនៃតម្លៃផ្ទះ នៅចិនមានការកើនឡើង ដោយសារតែមានការកំណត់នូវគោលការណ៍កម្ចីទិញផ្ទះតឹងរឹងជាងមុន បូករួមទាំងមានក្ដីបារម្ភពីការកើនឡើងតម្លៃពន្ធអចលនទ្រព្យ ដែលធ្វើឲ្យតម្រូវការធ្លាក់ចុះផងដែរ។
បើមើលទៅលើផ្នែកតម្រូវការវិញ ការលក់អចលនទ្រព្យ ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ ១៦% នៅឆមាសទី១ឆ្នាំ២០២២ ធៀបនឹងកំណើនជិត២៨% កាលពីឆមាសទី១ឆ្នាំ២០២១។ ក្ដីរំពឹងលើការផ្គត់ផ្គង់ក៏មានស្ថានភាពអាប់អួរខ្លាំងដូចគ្នាដែរ ដោយការវិនិយោគអចលនទ្រព្យ ត្រូវបានគេមើលឃើញថានឹងមានការធ្លាក់ចុះ ៣% នៅឆមាសទី១ឆ្នាំ២០២២ ខណៈដែលកាលពីឆមាសទី១ឆ្នាំនេះ មានកំណើន១៥%។
ស្របពេលដែលស្ថានភាពទីផ្សារអចលនទ្រព្យកាន់តែយ៉ាប់យ៉ឺនយ៉ាងដូច្នេះ គេសង្ឃឹមថា អ្នករៀបចំគោលនយោបាយរបស់រដ្ឋាភិបាលចិន នឹងអាចបន្ធូរបន្ថយការរឹតបន្ដឹងលើអ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យឡើងវិញ និងអាចកាត់បន្ថយអត្រាការប្រាក់កម្ចីផងដែរ បើមិនដូច្នេះទេ កំណើនសេដ្ឋកិច្ចចិនអាចនឹងមានការធ្លាក់ចុះកាន់តែខ្លាំង។ ប៉ុន្តែអ្នកឃ្លាំមើលក្នុងវិស័យនេះ ភាគច្រើនរំពឹងថា អាជ្ញាធរនឹងប្រកាន់ខ្ជាប់យ៉ាងទូលំទូលាយនូវវិធានការទប់ស្កាត់ការហក់ឡើងនៃទីផ្សារអចលនទ្រព្យនេះ បើទោះបីជាពួកគេបានកែសម្រួលបទប្បញ្ញត្តិ រួមទាំងការបន្ធូរបន្ថយតិចតួចនៃគោលនយោបាយឥណទានក៏ដោយ។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន
បានដាក់វិធានការគោលនយោបាយតឹងរឹងទៅលើវិស័យអចលនទ្រព្យនេះ
ក៏ដោយសារតែនៅប្រទេសចិន
តម្លៃអចលនទ្រព្យមានការកើនឡើងខ្ពស់ខ្លាំងពិសេសនៅតាមទីក្រុង និងទីប្រជុំជន
ដូច្នេះហើយ
រដ្ឋាភិបាលបានដាក់ចេញវិធានការទប់ស្កាត់កុំឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃហួសហេតុ
ខណៈដែលរដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង
បានដាក់ចេញនូវយុទ្ធនាការ «វិបុលភាពរួម» ក្នុងន័យកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ
កុំឲ្យដាច់ឆ្ងាយពីគ្នាពេក
ស្របពេលដែលរដ្ឋាភិបាលចិនមានពាក្យស្លោកមួយថា «ផ្ទះគឺសម្រាប់រស់នៅ
មិនមែនឆ្លៀតឱកាសទិញដើម្បីចំណេញប្រាក់នោះទេ»។
តាមរយៈគោលនយោបាយនេះ គឺមានក្ដីរំពឹងថា នៅ២ ទៅ៣ឆ្នាំទៀត
តម្លៃអចលនទ្រព្យក្នុងប្រទេសចិនអាចនឹងមានតម្លៃកាន់តែសមរម្យ
មិនខ្ពស់ខ្លាំងដូចបច្ចុប្បន្ននេះទេ៕