ទីផ្សារអលនទ្រព្យចិន

ទីផ្សារអលនទ្រព្យចិន នឹងបន្ដធ្លាក់ចុះរហូតដល់ឆមាសទី១ឆ្នាំក្រោយ ដោយសារតែវិធានការតឹងរឹងរបស់រដ្ឋ


ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ចិនត្រូវបានគេរំពឹងថា នឹងបន្ដរហូតដល់ឆមាសទី១ឆ្នាំ២០២២ខាងមុខ ជាមួយនឹងតម្លៃផ្ទះ និងការលក់ធ្លាក់ចុះ ដោយសារតែមានគោលនយោបាយឥណទានតឹងរឹង និងពន្ធលើអចលនទ្រព្យដែលកំពុងកើនឡើង ធ្វើឲ្យតម្រូវការធ្លាក់ចុះ។ នេះបើតាមការស្ទង់មតិមួយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ចិនត្រូវបានគេរំពឹងថា នឹងបន្ដរហូតដល់ឆមាសទី១ឆ្នាំ២០២២ខាងមុខ
ដោយ

វិស័យ​អចលនទ្រព្យ គឺជា​វិស័យ​ឆ្អឹងខ្នង​សំខាន់​មួយ ក្នុង​ការ​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ក្នុង​ពិភពលោក ប៉ុន្ដែ នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ វិស័យ​នេះ មានដំណើរ​យឺត​គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​សតិអារម្មណ៍​អ្នក​វិនិយោគ​ត្រូវ​បាន​រង្គោះរង្គើ​ព្រោះតែ​បទបញ្ញត្តិ​តឹង​រឹង និង​វិបត្តិ​សាច់ប្រាក់​កំពុង​កើនឡើង ដែល​បាន​លេប​ត្របាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំ​ៗ ដែល​កំពុង​ជាប់ជំពាក់​បំណុល​ជា​ច្រ​ន​។

ការ​ព្យាករ​ពី​តម្លៃ​ផ្ទះសម្បែង និង​ការ​វិនិយោគ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​កាន់តែ​អាប់អួរ​ខ្លាំង​ជាង​អ្វី​ដែល​បាន​ព្យាករ​កាលពី​ខែសីហា​កន្លង​ទៅ ទៅ​ទៀត​។

តម្លៃ​ផ្ទះ​នៅ​ប្រទេស​ចិន​ជា​មធ្យម​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​ធ្លាក់​ចុះ​១%​នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២​។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ ជាមួយនឹង​អ្នកវិភាគ និង​សេដ្ឋវិទូ​ចំនួន​១៤​នាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​។ សម្រាប់​ឆ្នាំ​២០២១​វិញ តម្លៃ​ផ្ទះ​នៅ​ចិន ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​ត្រឹមតែ ២,៦% ដែល​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ ៣,៥%​កាលពីមុន ខណៈ​ដែល​ឆ្នាំ​២០២០​តម្លៃ​ផ្ទះ​នៅ​ចិន​បាន​កើន​ក្នុង​រង្វង់​៥%​។

អ្នកវិភាគ​បាន​គូសបញ្ជាក់​ថា និន្នាការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផ្ទះ នៅ​ចិន​មានការ​កើនឡើង ដោយសារ​តែ​មានការ​កំណត់​នូវ​គោលការណ៍​កម្ចី​ទិញ​ផ្ទះ​តឹង​រឹង​ជាង​មុន បូក​រួម​ទាំង​មាន​ក្ដី​បារម្ភ​ពី​ការ​កើនឡើង​តម្លៃ​ពន្ធ​អចលនទ្រព្យ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ធ្លាក់​ចុះ​ផង​ដែរ​។

បើ​មើលទៅ​លើ​ផ្នែក​តម្រូវការ​វិញ ការ​លក់​អចលនទ្រព្យ ត្រូវ​បាន​រំពឹង​ថា នឹង​ធ្លាក់​ចុះ ១៦% នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២ ធៀប​នឹង​កំណើន​ជិត​២៨% កាលពី​ឆមាស​ទី​១​ឆ្នាំ​២០២១​។ ក្ដី​រំពឹង​លើ​ការ​ផ្គត់ផ្គង់​ក៏​មាន​ស្ថានភាព​អាប់អួរ​ខ្លាំង​ដូច​គ្នា​ដែរ ដោយ​ការ​វិនិយោគ​អចលនទ្រព្យ ត្រូវ​បាន​គេ​មើលឃើញ​ថា​នឹង​មានការ​ធ្លាក់​ចុះ ៣% នៅ​ឆមាស​ទី​១​ឆ្នាំ​២០២២ ខណៈ​ដែល​កាលពី​ឆមាស​ទី​១​ឆ្នាំ​នេះ មាន​កំណើន​១៥%​។

ស្រប​ពេល​ដែល​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​ដូច្នេះ គេ​សង្ឃឹមថា អ្នក​រៀបចំ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ចិន នឹង​អាច​បន្ធូរបន្ថយ​ការ​រឹត​បន្ដឹង​លើ​អ្នកទិញ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ឡើង​វិញ និង​អាច​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​កម្ចី​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ កំណើនសេដ្ឋកិច្ច​ចិន​អាច​នឹង​មានការ​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង​។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ក្នុង​វិស័យ​នេះ ភាគច្រើន​រំពឹង​ថា អាជ្ញាធរ​នឹង​ប្រកាន់ខ្ជាប់​យ៉ាង​ទូលំទូលាយ​នូវ​វិធានការ​ទប់ស្កាត់​ការ​ហក់​ឡើង​នៃ​ទីផ្សារ​អចលនទ្រព្យ​នេះ បើ​ទោះបីជា​ពួក​គេ​បាន​កែសម្រួល​បទ​ប្បញ្ញត្តិ រួម​ទាំង​ការ​បន្ធូរបន្ថយ​តិចតួច​នៃ​គោលនយោបាយ​ឥណទាន​ក៏​ដោយ​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ចិន បាន​ដាក់​វិធានការ​គោលនយោបាយ​តឹង​រឹង​ទៅ​លើ​វិស័យ​អចលនទ្រព្យ​នេះ ក៏​ដោយសារ​តែ​នៅ​ប្រទេស​ចិន តម្លៃ​អចលនទ្រព្យ​មានការ​កើនឡើង​ខ្ពស់​ខ្លាំង​ពិសេស​នៅ​តាម​ទីក្រុង និង​ទីប្រជុំជន ដូច្នេះ​ហើយ រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ឡើងថ្លៃ​ហួសហេតុ ខណៈ​ដែល​រដ្ឋាភិបាល​ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ស៊ី ជី​ន​ពីង បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ «​វិបុលភាព​រួម​» ក្នុង​ន័យ​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ កុំ​ឲ្យ​ដាច់​ឆ្ងាយ​ពី​គ្នា​ពេក ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​មាន​ពាក្យស្លោក​មួយ​ថា «​ផ្ទះ​គឺ​សម្រាប់​រស់នៅ មិនមែន​ឆ្លៀតឱកាស​ទិញ​ដើម្បី​ចំណេញ​ប្រាក់​នោះ​ទេ​»​។ តាម​រយៈ​គោលនយោបាយ​នេះ គឺ​មាន​ក្ដី​រំពឹង​ថា នៅ​២ ទៅ​៣​ឆ្នាំ​ទៀត តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​អាច​នឹង​មាន​តម្លៃ​កាន់តែ​សមរម្យ មិន​ខ្ពស់​ខ្លាំង​ដូច​បច្ចុប្បន្ន​នេះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសុខភាពពិភពលោក៖ មេរោគបំប្លែងថ្មី អូមីក្រុង ឆ្លងរាលដាលវាយលុកទៅដល់ប្រទេស ចំនួន ២៣ហើយនៅទូទាំងពិភពលោក

ព័ត៌មាន
បន្ទាប់ពីត្រូវបានកំណត់អត្តសញ្ញាណមិនដល់មួយសប្ដាហ៍ផង មេរោគបំប្លែងថ្មីអូមីក្រុង កំពុងអុកឡុកកាន់តែខ្លាំងនៅតាមបណ្ដាប្រទេសជាច្រើន។ បើតាមអង្គការ…

តើមានកត្តាអ្វីខ្លះ ធ្វើឲ្យតម្រូវការជំនួយមនុស្សធម៌នឹងកើនខ្លាំងនៅឆ្នាំ២០២២?

ព័ត៌មាន
នៅឆ្នាំ២០២២ខាងមុខ តម្រូវការផ្នែកជំនួយមនុស្សធម៌នឹងកើនឡើងខ្លាំងនៅទូទាំងពិភពលោក នៅគ្រាដែលមេរោគរាតត្បាតនៅតែបន្ដផ្ទុះរាលដាល គួបផ្សំនឹងបញ្ហាប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ