ប្រាក់យន់របស់ចិន កំពុងស្ថិតនៅក្រោមសម្ពាធនៃការធ្លាក់ថ្លៃជាថ្មី បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃរូបិយ ប័ណ្ណ Moody's កាលពីថ្ងៃអង្គារ បានកាត់បន្ថយទស្សនវិស័យរបស់ខ្លួនអំពីអត្រាឥណទានរបស់រដ្ឋាភិ បាលប្រទេសចិន ពីកម្រិតថេរទៅជាកម្រិតអវិជ្ជមានវិញ ដោយសម្អាងលើហេតុផល នៃការរំពឹងទុកពីកំណើនសេដ្ឋកិច្ចយឺត និងហានិភ័យទីផ្សារអចលនទ្រព្យរបស់ចិន។
ធនាគាររដ្ឋរបស់ចិនមួយចំនួនកំពុងមមាញឹកក្នុងការទិញប្រាក់យន់ នៅក្នុងទីផ្សាររូបិយប័ណ្ណ កាលពីថ្ងៃអង្គារ ដើម្បីការពារកុំឱ្យប្រាក់យន់ធ្លាក់ចុះខ្លាំងពេក ហើយការលក់ប្រាក់ដុល្លាររបស់ធនាគារទាំងនេះមានល្បឿនកាន់តែខ្លាំងបន្ទាប់ពីទីភ្នាក់ងារវាយតម្លៃ Moody’s បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនពាក់ព័ន្ធនឹងអត្រាឥណទានរបស់ប្រាក់យន់ថ្មីៗនេះ។
ធនាគាររដ្ឋមួយចំនួនបានជួញដូរប្រាក់ដុល្លារបន្ថែមទៀតនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ការលក់ប្រាក់ដុល្លារលើកនេះមានកម្រិតតិចជាងថ្ងៃមុនដោយសារការធ្លាក់ចុះតម្លៃប្រាក់យន់បានជំរុញឱ្យក្រុមហ៊ុននាំចូលក្នុងស្រុកមួយចំនួនទូទាត់បង្កាន់ដៃប្ដូរប្រាក់បរទេសរបស់ពួកគេនៅព្រឹកថ្ងៃនេះ ដែលជួយឱ្យប្រាក់យន់ងើបឡើងវិញ។
ក្រុមហ៊ុននាំចេញរបស់ចិនជាធម្មតាតែងតែបំប្លែងបង្កាន់ដៃប្រាក់បរទេសរបស់ពួកគេទៅជាប្រាក់យន់ ដើម្បីទុកសម្រាប់ការទូទាត់ផ្សេងៗរួមទាំងការផ្តល់ប្រាក់រង្វាន់នៅចុងឆ្នាំនេះផងដែរ ហើយរដូវកាលនេះជាធម្មតាបានជួយគាំទ្ររូបិយប័ណ្ណរបស់ចិនយ៉ាងខ្លាំង។
បើទោះជាធនាគាររដ្ឋរបស់ចិន បានខំប្រឹងបង្កើនការលក់ប្រាក់ដុល្លារដ៏ច្រើនយ៉ាងណាក៏ដោយ ក៏តម្លៃប្រាក់យន់នៅតែបន្តធ្លាក់ចុះជាដដែលគិតត្រឹមថ្ងៃពុធ ទី៦ ធ្នូ។ ទីផ្សារប្រាក់យន់បានបើកដំណើរការនៅតម្លៃ៧,១៥យន់ ក្នុងមួយដុល្លារ គិតត្រឹមព្រឹកថ្ងៃពុធ គឺបានធ្លាក់ចុះ៨៨ភីប (88 pips) បើធៀបនឹងវគ្គជួញដូរមុននេះ។
ប្រាក់យន់បានឡើងថ្លៃ២,៥៥% នៅក្នុងខែវិច្ឆិកា ដែលជាខែដ៏ល្អបំផុតក្នុងឆ្នាំនេះ ប៉ុន្តែវានៅតែធ្លាក់ចុះប្រហែល៣,៦% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ធនាគាររដ្ឋនៅប្រទេសចិនតែងតែធ្វើពាណិជ្ជកម្មក្នុងនាមជាធនាគារកណ្តាលរបស់ចិន ក្នុងទីផ្សាររូបិយប័ណ្ណ ប៉ុន្តែពួកគេ ក៏អាចធ្វើពាណិជ្ជកម្មដោយផ្ទាល់ខ្លួនរបស់ពួកគេផងដែរ៕
អត្ថបទ៖ សុខ ជា