លោក ហ៊ូ វ៉ាងមីង (Hu Wangming) ប្រធានក្រុមហ៊ុន ឆាយណា ប៉ាវវូ ស្ទៀល គ្រុប ខប (China Baowu Steel Group Corp) ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំបំផុតរបស់ពិភពលោកបានព្រមានថា ឧស្សាហកម្មដែកថែបរបស់ប្រទេសចិន កំពុងប្រឈមនឹងវិបត្តិធ្ងន់ធ្ងរជាងវិបត្តិក្នុងឆ្នាំ២០០៨ និង២០១៥ ទៅទៀត។ លោកបានសង្កត់ធ្ងន់ថា វិបត្តិនេះនឹងអូសបន្លាយពេលយូរ និងធ្ងន់ធ្ងរជាងការរំពឹងទុក។ ការព្រមានរបស់លោកបានធ្វើឱ្យតម្លៃរ៉ែដែក និងទីផ្សារដែកថែបធ្លាក់ចុះជាថ្មីកាលពីថ្ងៃពុធ ទី១៤ ខែសីហា កន្លងទៅថ្មីៗ។
សូមបញ្ជាក់ថា តម្លៃរ៉ែដែក បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០២៣ ហើយតម្លៃដែកថ្នាំងអំពៅនៅទីផ្សារក្រុងសៀងហៃ ប្រទេសចិន បានធ្លាក់ចុះជាង៤% ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៧ មក។
ទីផ្សារដែកថែបចិន ដែលជាទីផ្សារធំបំផុតនៅទូទាំងពិភពលោក ពេលនេះកំពុងតែត្រដាបត្រដួសដោយសារតែការដាំក្បាលចុះនៃវិស័យអចលនទ្រព្យ និងការកាត់បន្ថយផលិតកម្មនៅតាមបណ្ដារោងចក្រនានា ដែលនាំឱ្យតម្លៃធ្លាក់ចុះ និងធ្វើឱ្យក្រុមហ៊ុនផលិតដែកថែបនានា រងការខាតបង់កាន់តែខ្លាំង។
ដោយសារតែផលិតកម្មដែកថែបរបស់ក្រុមហ៊ុន ឆាយណា ប៉ាវវូ ស្ទៀល គ្រុម (China Baowu Steel Group Corp) មានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ៧%នៃដែកថែបទូទាំងពិភពលោក ការព្រមានរបស់លោក ហ៊ូ វ៉ាងមីង (Hu Wangming) ដែលជាប្រធានក្រុមហ៊ុននេះពិតជាមានទម្ងន់ខ្លាំងណាស់ ដែលអាចបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងក្នុងចំណោមបណ្ដាក្រុមហ៊ុនជាគូប្រកួតប្រជែងក្នុងពិភពលោក ខណៈដែលការនាំចេញរបស់ប្រទេសចិន កើនឡើងយ៉ាងគំហុក។
ដោយសារការផលិតដែកថែបទទួលបានប្រាក់ចំណេញកាន់តែតិចជាងមុន រោងចក្រនានា បានបង្ខំចិត្តកាត់បន្ថយការផលិតដែក ខណៈដែលការនាំចេញដែកថែបរបស់ចិន ត្រូវបានរំពឹងថានឹងមានចំនួនលើសពី១០០លានតោន ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦ មក៕
ដោយ: តែម សុខុម