អាមេរិក

ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយគ្រាក់ៗរបស់អាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់ ចំពេលមានសម្ពាធហិរញ្ញវត្ថុ


ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិកចាប់ពីទូរទស្សន៍ CNN រហូតដល់ទូរទស្សន៍ Paramount បានសម្រេចកាត់បន្ថយការងារ និងចំនួនបុគ្គលិករបស់ខ្លូន ខណៈដែលក្រុមហ៊ុនទាំងនេះកំពុងរងសម្ពាធនៃការធ្លាក់ចុះចំណូលបានមកពីការផ្សាយពាណិជ្ជកម្ម ការព្រួយបារម្ភផ្នែកសេដ្ឋកិច្ច និងភាពតានតឹងនៃការផ្លាស់ប្តូរទៅតាមផ្សាយផ្ទាល់តាមអ៊ីនធឺណិតផងដែរ។ នេះបើតាមការចេញផ្សាយរបស់ the Wall Street Journals។
ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិកជាបន្តបន្ទាប់

ស្ថាប័នព័ត៌មាន បណ្តាញទូរទស្សន៍ ស្ទូឌីយោភាពយន្តនិងទូរទស្សន៍ និងក្រុមហ៊ុនកម្សានធំៗមួយចំនួនបានសម្រេចបញ្ឈប់បុគ្គលិករាប់រយនាក់គ្រាន់តែក្នុងរយៈពេល ១ សប្តាហ៍មុននេះតែប៉ុណ្ណោះ ក្នុងនោះក៏មានទូរទស្សន៍ CNN របស់ក្រុមហ៊ុន Warner Bros. Discovery Inc. និងអង្គភាពផលិតកម្មទូរទស្សន៍របស់ក្រុមហ៊ុន Paramount Global ផងដែរ។

ទង្វើនេះបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនកម្សាន្តជាច្រើនបានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់ទៅលើសេវាកម្មផ្សាយផ្ទាល់ (Streaming) ដោយប្រើបណ្ដាញអ៊ីនធើណែត ក្នុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលឥឡូវនេះវាកំពុងជះឥទ្ធិពលលើផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ ទន្ទឹមនឹងនោះ ការផ្សាយតាមបែបប្រពៃណី និងទូរទស្សន៍ខ្សែកាបបន្តប្រឈមមុខនឹងការលែងមានអ្នកមើល និងអតិថិជនផ្សាយពាណិជ្ជកម្មតទៅទៀតផងដែរ។

ក្រុមហ៊ុន Walt Disney Co., ក្រុមហ៊ុន Warner Bros. Discovery និងក្រុមហ៊ុន Paramount Global បានខាតបង់សរុបចំនួន ២ពាន់៥រយលានដុល្លារទៅលើការផ្សាយផ្ទាល់ Streaming នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ ហើយបច្ចុប្បន្នក្រុមហ៊ុនទាំងនេះកំពុងព្យាយាមទប់ស្កាត់ការចំណាយទាំងនេះ។

កាលពីថ្ងៃអង្គារសប្ដាហ៍មុន ក្រុមហ៊ុន AMC Networks Inc. បាននិយាយថា ខ្លួននឹងកាត់បន្ថយ ២០% នៃកម្លាំងការងារនៅសហរដ្ឋអាមេរិកដោយលើកឡើងពីមូលហេតុនៃអសមត្ថភាពរបស់ខ្លួនក្នុងការបង្កើតកម្មវិធីផ្សាយផ្ទាល់ Streaming ព្រោះក្រុមហ៊ុននេះបានខាតបង់ពីសេវាកម្មនេះ។

នៅក្នុងសេចក្ដីជូនដំណឹងទៅកាន់បុគ្គលិក ប្រធានទូរទស្សន៍ CNN លោក គ្រីស លិច (Chris Licht) បាននិយាយថា ប៉ុស្តិ៍ HLN ជាផ្នែកមួយរបស់ទូរទស្សន៍ CNN នោះនឹងឈប់ដំណើរការកម្មវិធីផ្សាយផ្ទាល់ដែលជាផ្នែកមួយនៃការខំប្រឹងកាត់បន្ថយចំណាយរបស់ខ្លួន ខណៈដែលបុគ្គលិកជាច្រើនផ្សេងទៀតក៏ត្រូវបានបញ្ឈប់ពីការងារដែរ។

ចំណែកក្រុមហ៊ុន Gannett Co., ជាអ្នកបោះពុម្ពកាសែតជាច្រើនរួមទាំងកាសែត USA Today ដែរនោះកាលពីថ្ងៃដើមខែធ្នូនេះ បានចាប់ផ្ដើមកាត់បន្ថយបុគ្គលិកជាង ២០០ នាក់ ខណៈកាលពីដើមឆ្នាំបានកាត់បន្ថយ៤០០នាក់រួចទៅហើយ។

ដោយឡែក កាសែត The Washington Post បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា ខ្លួននឹងបញ្ឈប់ការបោះពុម្ពទស្សនាវដ្តី«ថ្ងៃអាទិត្យ» (Sunday) របស់ខ្លួន ដែលបណ្តាលឱ្យបាត់បង់ការងារប្រហែល ១០ កន្លែងផងដែរ។

ក្រសួងការងារអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថា ទីផ្សារការងារនៅអាមេរិកនៅចង្អៀតជាប្រវត្តិសាស្ត្រនៅឡើយ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម ស្នើសុំដំឡើងថ្លៃប្រើប្រាស់អគ្គិសនី ក្រោយទប់ទល់នឹងការខាតបង់លែងជាប់

ព័ត៌មាន
ក្រុមហ៊ុនអគ្គិសនីរដ្ឋវៀតណាម នឹងឲ្យមានការដំឡើងថ្លៃប្រើប្រាស់អគ្គិសនីក្នុងស្រុក នៅឆ្នាំ២០២៣ខាងមុខ ដោយសារតែមិនអាចតស៊ូនឹងការខាតបង់បន្ដទៅទៀតប…

ផ្លូវល្បឿនលឿនដំបូងគេបំផុតដែលបានតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ ដែលទន្ទឹងរង់ចាំជាយូរមក ទីបំផុតបានបើកឲ្យដំណើរការកាលពីខែតុលា ឆ្នាំ2022

ព័ត៌មាន
ផ្លូវល្បឿនលឿន PPSHV បានតភ្ជាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលជាកំពង់ផែធំជាងគេ ហើយបានឆ្លងកាត់ខេត្ត-ក្រុងចំនួនប្រាំ ដែលមានប្រវែងសរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ