មេដឹកនាំចិន និងអាម៉េរិក

តើអ្នកវិភាគមើលឃើញពីភាពខុសគ្នានៃការថ្លែងសុន្ទរកថារវាងមេដឹកនាំចិន និងអាម៉េរិកយ៉ាងណាដែរ?


មេដឹកនាំមហាយក្សចិន និងសហរដ្ឋអាម៉េរិកបានថ្លែងសុន្ទរកថាទៅកាន់សភាតំណាងប្រជាជនរបស់ខ្លួនរៀងៗខ្លួនក្នុងថ្ងៃតែមួយ ស្របពេលប្រទេសទាំងពីរកំពុងពាក់មុខយក្សដាក់គ្នាជុំវិញបញ្ហារឿងដំឡើងពន្ធដ៏ចម្រូងចម្រាស។ តែអ្វីដែលគួរឱ្យកត់សម្គាល់សកម្មភាព និងខ្លឹមសារ ដែលមេដឹកនាំប្រទេសមហាអំណាចផុតលេខទាំងពីរបានបង្ហាញទៅកាន់សភា និងពិភពលោកហាក់ផ្ទុយគ្នាស្រឡះដូចមេឃ និងដី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
មេដឹកនាំចិន និងអាម៉េរិក
ដោយ

អាចចាត់ទុកជារឿងចៃដន្យមួយ ដែលមហាយក្សចិន និងសហរដ្ឋអាម៉េរិក បានរៀបចំកិច្ច ប្រជុំ សភាក្នុងថ្ងៃតែមួយ ហើយមេដឹកនាំប្រទេសទាំងពីរបានថ្លែងសុន្ទរកថាពីផែនការ និងគោលនយោបាយ ទៅកាន់ថ្នាក់ដឹកនាំ និងសមាជិកសភា ក៏ដូចជាពិភពលោកល្អៀងគ្នាត្រឹមតែប្រមាណ១ម៉ោង។ ទោះបីមេដឹកនាំទាំងពីរឡើងថ្លែងសុន្ទរកថាក្នុងថ្ងៃតែមួយ តែក្រុមអ្នកវិភាគមើលឃើញថា សកម្មភាព និងខ្លឹមសារដែលមេដឹកនាំទាំងពីរបានបង្ហាញមានការផ្ទុយគ្នាស្រឡះ។

នៅក្នុងអំឡុងថ្លែងសុន្ទករថា មេដឹកនាំរបស់មហាអំណាចទាំងពីរបានបង្ហាញពីវិធីសាស្រ្តផ្សេងៗគ្នា ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មរៀងៗខ្លួន។ ប៉ុន្តែក្រុមអ្នកវិភាគមើលឃើញថា មេដឹកនាំចិនហាក់បានបង្ហាញជំហរ និងគោលនយោបាយមានភាពច្បាស់លាស់ និងហ្មត់ចត់ជាងមេដឹកនាំសហរដ្ឋអាម៉េរិក ដែលបានបង្ហាញពីទស្សនៈវិស័យ និងគោលនយោបាយ ដែលអាចឈានទៅរកប្រព័ន្ធសេដ្ឋកិច្ចមានភាពបែកបាក់។

លោក លី ឈាង នាយករដ្ឋមន្រ្តីចិនដែលបានថ្លែងទៅកាន់សភាប្រជាជនរបស់ខ្លួនដែលមានសមាជិក៣ពាន់នាក់តំណាងឲ្យប្រជាពលរដ្ឋ១,៤ពាន់លាននាក់ ដែលមានលោក ស៊ី ជិនពីង អង្គុយនៅក្បែរ បានជំរុញឲ្យចិនរួបរួមគ្នាក្នុងការជម្នះឧបសគ្គ ដើម្បីឈានទៅសម្រេចជោគជ័យរបស់ជាតិដ៏រស់រវើកនាពេលអនាគត។

ដោយឡែក សម្រាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកវិញ បានថ្លែងសុន្ទរកថាទៅកាន់សភា ដែលមានសមាជិក៥០០នាក់តំណាងឲ្យប្រជាពលរដ្ឋ៣៤០លាននាក់ ពីគោលនយោបាយដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសនានាក្រោមមហិច្ឆតាធ្វើឱ្យអាម៉េរិកក្លាយជាប្រទេសអស្ចារ្យ។ ប៉ុន្តែផែនការនេះត្រូវបានអ្នកវិភាគមើលឃើញថា អាចទាញពិភពលោកឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងការបែងចែកប្លុកសេដ្ឋកិច្ច។

សុន្ទរកថារយៈពេល៥៥នាទីរបស់លោក លី ឈាង ភាគច្រើនផ្តោតលើការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលចិនកាលពីឆ្នាំ២០២៤ និងផែនការសម្រាប់ឆ្នាំ២០២៥ ហើយក្រោយថ្លែងចប់ ប្រតិភូរាប់ពាន់នាក់រួមទាំងលោក ស៊ី ជិនភីង ផងបានអបអរសាទរ។ ប៉ុន្តែនៅក្នុងសុន្ទរកថា១ម៉ោង៤០នាទីរបស់លោក ដូណាល់ ត្រាំ ឯណោះវិញរាល់ការថ្លែងទទួលបានការសាទរពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែសមាជិកមកពីគណបក្សប្រជាធិបតេយ្យភាគច្រើនអង្គុយនៅស្ងៀម ហើយម្តងម្កាលស្រែកតវ៉ារហូតធ្វើឱ្យតំណាងរាស្ត្រម្នាក់ត្រូវបានបណ្តេញចេញពីអង្គប្រជុំ។

នៅក្នុងអំឡុងថ្លែងសុន្ទរកថា លោក ដូណាល់ ត្រាំ បានហៅលោក ចូ បៃដិន ថា ជាប្រធានាធិបតី ដែលអាក្រក់បំផុតរបស់សហរដ្ឋអាម៉េរិក ហើយបានឆ្លៀតអួតពីគោលនយោបាយដំឡើងពន្ធរបស់ខ្លួនថា នឹងធ្វើឲ្យឧស្សាហកម្មអាម៉េរិកមានភាពប្រសើរឡើង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កូរ៉េខាងត្បូង ត្រៀមមូលនិធិ៣៤ពាន់លានដុល្លារ ដើម្បីជួយគាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក

រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើតមូលនិធិគោលនយោបាយមានទំហំរហូតដល់៣៤ពាន់លានដុល្លារ ដើម្បីជួយផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុកលើវិស័យបច្ច…

ចិនបានបោះសម្តីថា ទោះអាម៉េរិកចង់លេងសង្គ្រាមអ្វីក៏ដោយ ខ្លួននឹងកំដរដល់ទីបញ្ចប់

ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកបានបោះពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលថា ទោះជាសហរដ្ឋអាម៉េរិកចង់លេងល្បែងសង្គ្រាមណាក៏ដោយ ខ្លួនអាច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ