វិស័យពាណិជ្ជកម្ម

អ្នករកស៊ីនៅចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះអាម៉េរិកបានបញ្ចុះពន្ធលើទំនិញចិន


ពាណិជ្ជករ និងអាជីវករនៅក្នុងប្រទេសចិន នៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ទោះបីសហរដ្ឋអាម៉េរិក និងចិន បានឯកភាពគ្នាបញ្ចុះពន្ធបដិការ១១៥% លើទំនិញនាំចូលរៀងៗខ្លួនចំនួន៩០ថ្ងៃក៏ដោយ។ ការរក្សាការប្រុងប្រយ័ត្ននេះ ក៏ដោយសារពួកគេបារម្ភពីឥរិយាបទ និងការសម្រេចចិត្តលោក ដូណាល់ ត្រាំ ដែលមានការប្រែប្រួលឆាប់រហ័ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អេភី។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រី ម៉ាហ្គារ៉េត ហ្សាង (Margaret Zhuang) បុគ្គលិកផ្នែកលក់នៅរោងចក្រផលិតសម្ភារប្រើប្រាស់មួយក្នុងខេត្តក្វាងទុង ដែលជាមជ្ឈមណ្ឌលផលិតកម្មមួយរបស់ប្រទេសចិន បានសាទរចំពោះលទ្ធផលនៃការចរចាពន្ធបដិការរវាងចិន និងអាម៉េរិក ដ្បិតវាបានជួយកាត់បន្ថយអត្រាពន្ធពីកម្រិតមួយដ៏ខ្ពស់នៅត្រឹមកម្រិតមួយ ដែលអាចទទួលយកបាន។ តែយ៉ាងណាលោកស្រីបានអះអាងថា ការដាក់ពន្ធរបស់អាម៉េរិកកាលពីដើមខែមេសា កន្លងទៅ វាបានធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាទិញ និងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុនខ្លួនជាមួយដៃគូរួចទៅហើយ។  

ដោយឡែក លោក កាលី យូ (Kahlee Yu) អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុនផលិតឧបករណ៍ផ្ទះបាយមួយរបស់ចិន បានលើកឡើងថា លោកកំពុងទាក់ទងអតិថិជនអាម៉េរិក ជាថ្មី ក្រោយប្រទេសទាំងពីរបានព្រមព្រៀងគ្នាបញ្ចុះពន្ធ១១៥% លើទំនិញរៀងៗខ្លួន។ ទន្ទឹមនឹងបង្ហាញសុទិដ្ឋិនិយមចំពោះការបញ្ចុះពន្ធបដិការលោកហាក់បារម្ភពីការផ្លាស់ប្តូរគោលនយោបាយពន្ធរបស់អាម៉េរិក ដែលវានឹងជះឥទ្ធិពលដល់ការបញ្ជាទិញពីអតិថិជននៅអាម៉េរិកជាថ្មី។

ដោយឡែកលោក ខេវិន លាវ (Kelvin Liao) នាយកផ្នែកលក់នៅក្រុមហ៊ុន Action Composites ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តមួយនៅខេត្តក្វាងទុង ដែរនោះអះអាងថា ភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធរបស់អាម៉េរិក កំពុងធ្វើឱ្យក្រុមហ៊ុនខ្លួនហាក់រារែកក្នុងការបោះ ទុនវិនិយោគថ្មីៗបន្ថែមទៀត។ បើតាមការលើកឡើងរបស់នាយកផ្នែកលក់រូបនេះ ដើមឡើយក្រុមហ៊ុននេះគ្រោងទិញដីមួយកន្លែងដើម្បីសាងសង់រោងចក្រថ្មី ប៉ុន្តែបានជ្រើសរើសជួលជំនួសវិញ ដោយសារស្ថានភាពពន្ធមិនច្បាស់លាស់។

សម្រាប់អ្នកជំនាញទីផ្សាររូបនេះ វាជារឿងល្អដែលចិន និងសហរដ្ឋអាម៉េរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មបញ្ចុះពន្ធបដិការលើទំនិញនាំចូលរៀងៗខ្លួន ក្នុងនោះអាម៉េរិក បានបញ្ចុះពន្ធលើទំនិញចិនពី១៤៥% មកនៅត្រឹម៣០% ខណៈចិន បានបញ្ចុះពន្ធលើទំនិញអាម៉េរិកពី១២៥% មកនៅត្រឹម១០%។ តែយ៉ាងណាលោកបានសង្កត់ធ្ងន់ថា ប្រជាជនចិន រួមទាំងប្រជាជននៅលើពិភពលោកបានបាត់បង់ទំនុកចិត្តលើលោក ដូណាល់ ត្រាំ រួចទៅហើយពាក់ព័ន្ធបញ្ហាពន្ធនេះ ស្របពេលអ្វីដែលសម្រេចបាននៅពេលនេះគ្រាន់តែជាកិច្ចព្រមព្រៀងបណ្តោះអាសន្នប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកកើនជិត៣០% ខណៈនៅអាម៉េរិក បង្ហាញនិន្នាការកំណើនទាប

និន្នាការប្រើប្រាស់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកមានការកើនឡើងគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្ហាញពីភាពជោគជ័យមួយក្នុងកា…

WTO ស្នើឱ្យកំណត់និយមន័យ«សន្តិសុខជាតិ»ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យប្រទេសនានាប្រើធ្វើជាលេស សម្រាប់ដាក់គំនាបលើប្រទេសដទៃ

ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្នើឱ្យរដ្ឋជាសមាជិកពិភាក្សាគ្នាកំណត់និយមន័យពាក្យ«សន្តិសុខជាតិ»ឱ្យបានច្បាស់លាស់ ដើម្បីកាត់បន្ថយការដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ