
ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍ពិភពលោក ដែលមានការិយាល័យកណ្ដាលនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានព្យាករថា ពលរដ្ឋចិនអាចនឹងចំណាយរហូតដល់ទៅប្រមាណ១ទ្រីលានដុល្លារអាម៉េរិកសម្រាប់ដំណើរកម្សាន្តក្នុងស្រុកនៅឆ្នាំ២០២៥ ដោយកើនឡើងជិត១៩% បើធៀបនឹងឆ្នាំ២០២៤ ដែលធ្វើឱ្យវិស័យទេសចរណ៍ក្នុងស្រុកក្លាយជាចំណុចដ៏គួរឱ្យចាប់អារម្មណ៍ និងជាសញ្ញាវិជ្ជមាន ស្របពេលដែលការចំណាយរបស់អ្នកប្រើប្រាស់ទូទៅកំពុងធ្លាក់ចុះ។
ទន្ទឹមនេះ ស្ថាប័នក្រុមប្រឹក្សាទេសចរណ៍ពិភពលោក ក៏បានព្យាករដែរថា ការចំណាយរបស់ពលរដ្ឋចិន សម្រាប់ដំណើរកម្សាន្តក្រៅប្រទេសនៅក្នុងឆ្នាំ២០២៥ នេះអាចនឹងឈានរហូតដល់ជិត ២៥០ពាន់លានដុល្លារអាម៉េរិក ដែលលើសកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទៅទៀត។
ប្រទេសចិន ដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់ កំពុងបង្កើនការរៀបចំព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ ដើម្បីជំរុញការចាយវាយរបស់ពលរដ្ឋក៏ដូចភ្ញៀវទេសចរបរទេស ខណៈប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះកំពុងប្រឈមនឹងតម្រូវការប្រើប្រាស់ធ្លាក់ចុះ ព្រមទាំងពន្ធគយបដិការខ្ពស់កប់ពពកដែលសហរដ្ឋអាម៉េរិកដាក់លើទំនិញចិន។ នៅពេលនេះពលរដ្ឋចិន កាន់តែច្រើនឡើងកំពុងជ្រើសរើសការធ្វើដំណើរកម្សាន្តក្នុងស្រុកដែលចំណាយតិច ។
ទន្ទឹមនេះ ការស្ទង់មតិមួយដែលធ្វើឡើងដោយគេហទំព័រទេសចរណ៍ Dragon Trail International បានរកឃើញថា ពលរដ្ឋចិន មានចំណាប់អារម្មណ៍ចង់ធ្វើដំណើរកម្សាន្តក្រៅប្រទេសយ៉ាងខ្លាំង។ ទិន្នន័យនៃការស្ទង់មតិនេះ បង្ហាញថា ៧៥%នៃពលរដ្ឋចិន ដែលត្រូវបានស្ទង់មតិបានឱ្យដឹងថា ពួកគេកំពុងរៀបគម្រោង ឬពិចារណាធ្វើដំណើរកម្សាន្តក្រៅប្រទេសនៅឆ្នាំ២០២៥ នេះ ដោយភាគច្រើននៅក្នុងតំបន់អាស៊ី ប៉ុន្តែការចាប់អារម្មណ៍លើតំបន់ផ្សេងៗទៀត ក៏កំពុងកើនឡើងផងដែរ៕
ដោយ: តែម សុខុម