គណៈគ្រប់គ្រងរបស់ធានាគារដ៏ធំលំដាប់ពិភពលោករបស់អង់គ្លេស គឺធនាគារ អេចអេសប៊ីស៊ី (HSBC) បានរងការស្ដីបន្ទោសពីក្រុមហ៊ុនធានារ៉ាប់រងនិងសេវាកម្មហិរញ្ញវត្ថុរបស់ចិន គឺក្រុមហ៊ុន ភីង អាន (Ping An) ដែលជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ធនាគារនេះ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្រុមហ៊ុន ភីង អាន បានលើកឡើងថា ធនាគារដ៏ធំបំផុតនៅអឺរ៉ុបនេះ កំពុងតែបរាជ័យក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងគំរូអាជីវកម្មសំខាន់ៗមួយចំនួន។
ក្រុមហ៊ុន ភីងអាន បាននិយាយថា ធនាគារ HSBC គួរតែបំបែកអាជីវកម្មរបស់ខ្លួននៅអាស៊ី ឱ្យ ទៅជាអង្គភាពចុះបញ្ជីនៅហុងកុងវិញ។ ការនិយាយដូច្នេះជាការធ្វើបច្ចុប្បន្នភាពលើសំណើដែលក្រុមហ៊ុននេះបានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំមុន។
ការសើរើរឿងនេះពីសំណាក់ក្រុមហ៊ុន ភីង អាន បានកើតឡើង ស្របពេលដែលក្រុមហ៊ុន គ្លាស ឡឺវីស (Glass Lewis) ដែលផ្ដល់ប្រឹក្សាឱ្យម្ចាស់ភាគហ៊ុន បានស្នើឱ្យអ្នកវិនិយោគបោះឆ្នោតប្រឆាំងនឹងសំណើដែលអំពាវនាវឱ្យមានការសើរើស៊ីជម្រៅនិងការផ្លាស់ប្តូរគោលនយោបាយភាគលាភ។ ការណ៍នេះកាន់តែធ្វើឱ្យមានការបែកបាក់កាន់តែខ្លាំងឡើង រវាងបក្សពួកនៃក្រុមម្ចាស់ភាគហ៊ុនរបស់ធនាគារ អេចអេសប៊ីស៊ី នៅមុនកិច្ចប្រជុំប្រចាំឆ្នាំ ដែលគេគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី ៥ ខែឧសភាខាងមុខ។
ចំពោះសំណើរបស់ក្រុមហ៊ុន ភីង អាន, ធនាគារ HSBC បានបញ្ជាក់ឡើងវិញពីជំហររបស់ខ្លួនថា វាពុំមានសម្បទាគ្រប់គ្រាន់ទេ។
អ្នកនាំពាក្យរបស់ធនាគារ HSBC បាននិយាយថា៖ "វាគឺជាការវិនិច្ឆ័យរបស់យើង ដែលទទួលបានការគាំទ្រពីអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់ និងដោយមានការធានាពីភាគីទី៣ គឺថាជម្រើសកែទម្រង់រចនាសម្ព័ន្ធនានា នឹងមិនផ្តល់តម្លៃបន្ថែមឱ្យម្ចាស់ភាគហ៊ុនទេ" ។
ក្រុមហ៊ុន គ្លាស ឡឺវីស (Glass Lewis) បាននិយាយថា សំណើសុំសើរើស៊ីជម្រៅ ដែលឡើងឡើងដោយម្ចាស់ភាគហ៊ុនជាបុគ្គល ឈ្មោះ កេន ល្វី ( Ken Lui) នៅហុងកុង និងដែលទទួលការគាំទ្រដោយក្រុមហ៊ុន ភីង អាន នោះ គឺ "មិនបម្រើផលប្រយោជន៍ម្ចាស់ភាគហ៊ុនឡើយ"។
លោក កេន ល្វី ( Ken Lui) បានទាមទារឱ្យធនាគារ HSBC អនុវត្តឡើងវិញនូវគោលការណ៍ផ្ដល់ភាគលាភ ៥១ សេន ក្នុងមួយហ៊ុន ហើយក៏បានទាមទារឱ្យធនាគារនេះផ្ដល់ព័ត៌មានបច្ចុប្បន្នភាពទៀងទាត់ អំពីយុទ្ធសាស្ត្រ រួមទាំងលទ្ធភាពនៃការបំបែកអាជីវកម្មនៅអាស៊ីដែរ។
គេដឹងថា ក្រុមហ៊ុនធានារ៉ាប់រងចិន ភីងអាន ដែលកាន់កាប់ហ៊ុន ៨% នៅក្នុងធនាគារ អេចអេសប៊ីស៊ី ទំនងជានៅមិនទាន់មានលទ្ធភាពដាក់សំពាធឱ្យធនាគារនេះធ្វើតាមខ្លួនបានទេ ខណៈដែលក្រុមហ៊ុន ភីងអាន មានភស្តុតាងតិចតួចបំផុតដែលថាគម្រោងការរបស់ខ្លួនអាចបញ្ចុះបញ្ចូលម្ចាស់ភាគហ៊ុនធំៗផ្សេងទៀតរបស់ធនាគារ HSBC។
ជំហរផ្ទុយគ្នាក្នុងចំណោមម្ចាស់ភាគហ៊ុនរបស់ធនាគារ HSBC ឆ្លុះបញ្ចាំងពីការបែងចែកយ៉ាងជ្រាលជ្រៅ ចំពោះអនាគតរបស់ធនាគារដែលបានតស៊ូក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបំពេញគោលដៅប្រាក់ចំណេញរយៈពេលវែង និងដើម្បីលើកតម្លៃភាគហ៊ុនរបស់ខ្លួន។
សំណើឱ្យមានការបំបែកធនាគារនេះតាមទិសកើត-លិច ក៏អាចទាក់ទាញការចាប់អារម្មណ៍ជាថ្មី ចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងរវាងអឌ្ឍគោលជើង-ត្បូង។ ជាពិសេស ទំនាក់ទំនងការទូតកាន់តែខ្សោយរវាងប្រទេសលោកខាងលិចនិងប្រទេសចិន អាចកាត់បន្ថយប្រាក់ចំណេញរបស់ធនាគារ៕
អត្ថបទ ៖ សរ សុជាតិ