ទីតាំងលេចធ្លោក្នុងប្រព័ន្ធផ្គត់ផ្គង់រថយន្តអគ្គិសនី

ថៃ និងឥណ្ឌូណេស៊ីក្លាយជាទីតាំងលេចធ្លោក្នុងប្រព័ន្ធផ្គត់ផ្គង់រថយន្តអគ្គិសនី


ប្រទេសថៃនិងឥណ្ឌូណេស៊ីបានក្លាយជាគោលដៅដ៏ទាក់ទាញបំផុតនៅតំបន់អាស៊ី សម្រាប់ការវិនិយោគលើគ្រឿងនិងសម្ភារៈសម្រាប់រថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុន ចិន និងកូរ៉េខាងត្បូង កំពុងសម្រុកបោះទុនវិនិយោគលើផលិតកម្មរបស់ខ្លួននៅក្នុងតំបន់នេះ។ ទន្ទឹមនឹងនេះ របាយការណ៍ចង្អុលប្រាប់ថា ក្រុមហ៊ុនចិនកំពុងនាំមុខក្រុមហ៊ុនផលិតរថយន្តល្បីៗជាច្រើនទៀតនៅលើទីផ្សាររថយន្តអគ្គិសនីដែលពោរពេញដោយការប្រកួតប្រជែង។
ថៃ និងឥណ្ឌូណេស៊ីក្លាយជាទីតាំងលេចធ្លោក្នុងប្រព័ន្ធផ្គត់ផ្គង់រថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតផ្លាស្ទិកជប៉ុន ឈ្មោះ គូរ៉ារ៉ាយ ក្នុងខែមេសានេះ បានបើករោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ។ រោងចក្រថ្មីរបស់ក្រុមហ៊ុននេះជាផ្នែកមួយនៃការវិនិយោគទុនដែលកំពុងកើនឡើងនៅក្នុងប្រទេសថៃ ទាក់ទងនឹងរថយន្តអគ្គិសនី។ ទុនវិនិយោគប្រហែល ៥២០ លានដុល្លារ ត្រូវបានប្រើប្រាស់សម្រាប់រោងចក្រថ្មីរបស់ក្រុមហ៊ុន គូរ៉ារ៉ាយ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនគីមីឥន្ធនៈ ភីធីធី របស់ថៃ និងសារជីវកម្ម ស៊ូមីតូម៉ូ របស់ជប៉ុន។

គ្រឿងជ័រ ជីនស្តា ដែលមានប្រសិទ្ធភាពខ្ពស់របស់ក្រុមហ៊ុន គូរ៉ារ៉ាយ កំពុងត្រូវបានផលិតនៅក្នុងប្រទេសថៃ។ វាមានភាពធន់នឹងកំដៅខ្ពស់ជាងជ័រធម្មតា ហើយត្រូវបានប្រើសម្រាប់ស្រោបផ្នែកដែលមានតង់ស្យុងខ្ពស់ជុំវិញធុងអាគុយរថយន្ត។ ដំបូងឡើយ ជីនស្តា ត្រូវបានផលិតនៅជប៉ុន ប៉ុន្តែរោងចក្រថៃថ្មីនេះនឹងបង្កើនផលិតកម្មប្រចាំឆ្នាំទ្វេដងឱ្យដល់ ២ ម៉ឺន ៦ ពាន់តោន។

លោក ហ៊ីតូស៊ី កាវ៉ាហារ៉ា ប្រធានក្រុមហ៊ុន គូរ៉ារ៉ាយ បាននិយាយថា ក្រុមហ៊ុនលោកនឹងពិចារណាលើការវិនិយោគបន្ថែមទៀតនៅប្រទេសថៃនាឆ្នាំ ២០២៦ ក្នុងទំហំប្រហាក់ប្រហែលនឹងរោងចក្រថ្មីបច្ចុប្បន្ន។

កាលពីខែមីនា ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់ជប៉ុន ឈ្មោះ មួរ៉ាតា បាននិយាយថា ខ្លួនបានបញ្ចប់ការសាងសង់រោងចក្រផលិតកុងដង់នៅក្នុងខេត្ត ឡាំភូន ភាគខាងជើងប្រទេសថៃ។ កុងដង់ដែលមានសំបកសេរ៉ាមិចច្រើនស្រទាប់ ធ្វើឱ្យរំហូរចរន្តអគ្គិសនីនៅខាងក្នុងមានស្ថេរភាព។ រថយន្តអគ្គិសនីមួយគ្រឿងអាចត្រូវការកុងដង់ប្រភេទនេះដល់ទៅ 1 ម៉ឺនគ្រាប់។ ក្រុមហ៊ុន មួរ៉ាតា ដែលជាអ្នកនាំមុខគេលើពិភពលោកខាងផលិតគ្រឿងអគ្គិសនីនេះ គ្រោងបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កាលពីឆ្នាំ ២០២២ ប្រទេសថៃបានចាប់ផ្ដើមផ្ដល់ការលើកទឹកចិត្តនានា ដោយជំរុញឱ្យមានការផ្លាស់ប្តូរទៅរកការផលិតរថយន្តអគ្គិសនី ហើយក្រុមហ៊ុនផលិតរថយន្តចិនបានឆ្លើយតបទៅនឹងគោលនយោបាយរបស់ប្រទេសថៃ ដូចក្រុមហ៊ុនជប៉ុនដែរ។ ក្រុមហ៊ុន ប៊ីវ៉ាយឌី របស់ចិន គ្រោងបើករោងចក្រដំឡើងរថយន្តអគ្គិសនីក្នុងប្រទេសថៃនៅឆ្នាំក្រោយ ជាមួយនឹងទិន្នផលប្រចាំឆ្នាំ ១សែន ៥ ម៉ឺនគ្រឿង ក្រោយពីក្រុមហ៊ុន ហ្គ្រេត វ៉ល ម័រធឺ បានចូលទីផ្សារប្រទេសថៃរួចហើយ។ រីឯក្រុមហ៊ុន អេមជី ម័រធឺ ក៏មានគម្រោងចាប់ផ្តើមផលិតក្នុងប្រទេសថៃដែរ។

ក្រុមហ៊ុន ហ៊ីយ៉ានដាយ របស់កូរ៉េខាងត្បូង បានចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃតាំងពីឆ្នាំ ២០២២ មក។

នៅពេលនិយាយអំពីអាគុយរថយន្តអគ្គិសនី ក្រុមហ៊ុនចិន និងក្រុមហ៊ុនកូរ៉េខាងត្បូង មានចំណាប់អារម្មណ៍លើប្រទេសឥណ្ឌូនេស៊ី ដែលសម្បូរធនធាន និងដែលជាប្រទេសផលិតរថយន្តធំជាងគេទីពីរនៅតំបន់អាស៊ីអគ្នេយ៍។ ក្រុមហ៊ុនបច្ចេកវិទ្យាសហសម័យ អែភើរ៉ិច របស់ចិន ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងពិភពលោកខាងផលិតអាគុយរថយន្តអគ្គិសនី នឹងវិនិយោគរហូតដល់ ៦ ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រជាមួយក្រុមហ៊ុនក្នុងស្រុកនៅប្រទេសឥណ្ឌូនេស៊ី។ គេមានបំណងបញ្ចប់គម្រោងនេះនៅឆ្នាំ ២០២៦។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន អិលជី របស់កូរ៉េខាងត្បូង ក៏នឹងបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយក្រុមហ៊ុន ហ៊ីយ៉ានដាយ ដែរ។

ក្រុមហ៊ុនផលិតរថយន្តចិន និងក្រុមហ៊ុនផលិតរថយន្តអ៊ឺរ៉ុប បាននាំចូលរថយន្តអគ្គិសនីដែលផលិតនៅក្នុងប្រទេសរៀងៗខ្លួន មកលក់នៅតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍បង្ហាញថា ម៉ាករថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិន ឥឡូវនេះកំពុងនាំមុខគេក្នុងផ្នែកសំខាន់ៗ ហើយការងើបឡើងរបស់ទីផ្សាររថយន្តចិនត្រូវបានជំរុញដោយរថយន្តប្រភេទថ្មីៗ ដែលកំពុងពង្រីកចំណែកទីផ្សារទាំងក្នុងស្រុក ទាំងក្រៅស្រុក។

ការលក់ចេញនូវរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន ប៊ីវ៉ាយឌី នៅក្នុងប្រទេសចិន បានកើនឡើងជិត ៦៩% នៅឆ្នាំនេះ។ វាធ្វើឱ្យក្រុមហ៊ុន ប៊ីវ៉ាយឌី កាន់កាប់ចំណែក ១១% នៃទីផ្សាររថយន្តទាំងមូល ពោលគឺច្រើនជាងទីផ្សាររបស់រថយន្តអគ្គិសនីម៉ាក វ៉ុលស្វាហ្គេន ឬម៉ាក តូយ៉ូតា របស់ជប៉ុនទៅទៀត។

នៅទូទាំងពិភពលោក ការលក់រថយន្តអគ្គិសនីសុទ្ធ និងរថយន្តអគ្គិសនីកូនកាត់ ដែលជាវិស័យមួយគ្របដណ្ដប់ដោយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន បានកើនឡើង ២២% នៅពេលដែលក្រុមហ៊ុន វ៉ុលស្វាហ្គេន, ក្រុមហ៊ុន ជេណឺរ៉ល ម័រធឺ, ក្រុមហ៊ុន ហុងដា និងក្រុមហ៊ុន នីសាន់ បានឃើញការលក់ចេញធ្លាក់ចុះ ហើយចំណែកទីផ្សារក៏ធ្លាក់ចុះតាមហ្នឹងដែរ។

រថយន្តជាង ៤០ ម៉ាក បានយកគំរូតាមក្រុមហ៊ុន តេស្លា ក្នុងការកាត់បន្ថយតម្លៃរថយន្តអគ្គិសនី ចាប់តាំងពីខែមករាមក ដើម្បីរក្សាទីផ្សារ។ ការប្រកួតប្រជែងលើតម្លៃបានជួយជំរុញដល់ការលក់ចេញនូវប្រភេទរថយន្តអគ្គិសនីសុទ្ធ និងប្រភេទរថយន្តអគ្គិសនីកូនកាត់ នៅក្នុងប្រទេសចិន។ អ្នកវិភាគបាននិយាយថា វាក៏បានកាត់បន្ថយប្រាក់ចំណេញជាទូទៅក្នុងឧស្សាហកម្មផលិតរថយន្តអគ្គិសនីផងដែរ៕




អត្ថបទបន្ទាប់


ហេតុអ្វីអ្នកស្រាវជ្រាវបានប្រាប់ធនាគារកណ្ដាលអឺរ៉ុបឱ្យចៀសវាងពឹងផ្អែកលើរបាយការណ៍សរសេរដោយធនាគារ?

ព័ត៌មាន
ធនាគារកណ្ដាលអឺរ៉ុបបាននិងកំពុងច្របាច់បញ្ចូលគ្នា រវាងការវិភាគរបស់ខ្លួននិងរបាយការណ៍សរសេរដោយធនាគារផ្ទាល់ ដើម្បីកំណត់អំពីលក្ខខណ្ឌតម្រូវចំពោ…

សង្រ្កាន្តឆ្នាំថ្មីនៅថៃបញ្ចប់ដោយរឿងសប្បាយផង និងទុក្ខសោកផង

ព័ត៌មាន
កម្មវិធីឆ្លងសង្ក្រាន្តឆ្នាំថ្មីនៅប្រទេសថៃបានបញ្ចប់ទៅដោយមានទាំងរឿងសប្បាយ ទាំងរឿងទុកសោក ជាពិសេសគឺករណីគ្រោះថ្នាក់ចរាចរណ៏ និងករណីឆ្លងរាលដាលមេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ