ក្រុមហ៊ុនរថយន្ដអគ្គិសនីយក្សចិន

ក្រុមហ៊ុនរថយន្ដអគ្គិសនីយក្សចិន BYD ហក់ចូលទីផ្សារអឺរ៉ុបប្រជែងជាមួយ VW និង Tesla


ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានចាប់ផ្ដើមទន្ទ្រានចូលទៅប្រឡូកដណ្តើមទីផ្សារនៅតំបន់អឺរ៉ុបជាមួយគូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុនយក្សអាមេរិក Tesla និង Volkswagen របស់អាល្លឺម៉ង់ជាដើម ក្រោយក្រុមហ៊ុនចិនដ៏ធំមួយនេះ បានសម្លឹងមើលឃើញថា អឺរ៉ុបជាទីផ្សារយានយន្ដអគ្គិសនីដ៏មានសក្តានុពលបំផុតរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៨ ខែតុលានេះ។
ឡានអគ្គិសនីចិន ហក់ចូលប្រជែងដណ្តើមទីផ្សារនៅអឺរ៉ុប ជាមួយ Tesla និង VW

ក្រុមហ៊ុន BYD បាន​បង្ហាញ​ចេញ​រថយន្តអគ្គិសនីចំនួន៣ម៉ូដែល​នៅក្នុង​ពិព័រណ៌យានយន្ត​​ក្រុងប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២២ រួម​មាន​ដូចជា BYD ATTO 3 ជាប្រភេទ SUV, BYD Tang ៧កៅអី និង BYD Han ជាប្រភេទ Sedan រាងបែបស្ព័រ។

លោក Michael Shu នាយក BYD ប្រចាំតំបន់​អឺរ៉ុប បាន​​និយាយ​នៅក្នុងព្រឹត្តិការណ៍​​ពិព័រណ៌​នេះថា តាមរយៈការ​នាំ​ផលិត​ផល និងការច្នៃប្រឌិតថ្មី​របស់ខ្លួន​ មកកាន់តំបន់​អឺរ៉ុប គឺក្រុមហ៊ុន BYD ​មានគោលដៅ​​ក្លាយ​ជា​អ្នក​នាំមុខគេ​ក្នុង​​ប្រភេទ​រថយន្តអគ្គិសនី។

ក្រុមហ៊ុនចិន BYD នឹង​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​នៅក្នុងប្រទេស​អាល្លឺម៉ង់​​ត្រឹមចុងឆ្នាំ​២០២២ បន្ទាប់មក​នៅទីផ្សារបារាំង និងអង់គ្លេស ព្រមទាំង​ទីផ្សារ​ប្រទេស​​​ផ្សេងៗ​ទៀត នៅឆ្នាំ​២០២៣។ ក្នុងចំណោម​រថយន្តអគ្គិសនី​​របស់​ BYD ដែលនាំចេញនោះគឺ ភាគច្រើន​ជារថយន្ត​ផលិត​នៅរោងចក្រ​ប្រទេសចិន ហើយក៏នឹង​មានជម្រើស​យករថយន្ត​ ដែលផលិត​ចេញ​​ពីរោងចក្រ BYD នៅប្រទេសថៃ​ផងដែរ។

សូមជម្រាប​ថា ក្នុងចំណោម​ការលក់​រថយន្តអគ្គិសនីនៅលើ​ពិភពលោកលោក ក្នុងនោះ ២០% ឬ​ប្រមាណ ១លាន២សែនគ្រឿង គឺ​ជាចំនួនលក់​ក្នុង​ទីផ្សារ​អឺរ៉ុប ដែល​ធ្វើឱ្យវា​ក្លាយ​ជាទីផ្សារ​ដ៏ធំបំផុត​ទីពីរ​បន្ទាប់ពី​ប្រទេសចិន។ ជាមួយគ្នានោះដែរ គណៈកម្មការ​អឺរ៉ុប បាន​​តម្រូវ​ឱ្យ​​រថយន្ត​​​ថ្មីទាំងអស់​​ដែល​បាន​លក់​នៅឆ្នាំ​២០៣៥ ក្នុងតំបន់នេះ គឺមិនត្រូវ​មានការបញ្ចេញ​ឧស្ម័ន​កាបូនឌីអុកស៊ីត​ដាច់ខាត ពោលគឺ​ចង់សំដៅ​ទៅលើ​រថយន្តប្រើអគ្គិសនីសុទ្ធ ទោះ​ជាប្រភេទ Hybrid ក៏មិនអនុញ្ញាតដែរ។

​ក្នុងឆមាស​ទី១​នៃឆ្នាំ​២០២២នេះ ក្រុមហ៊ុន BYD បាន​លក់​រថយន្ត​អគ្គិសនី​ចំនួន ៣២ម៉ឺនគ្រឿងនៅទូទាំងពិភពលោក។ តម្លៃទាប​នៃ​​រថយន្តអគ្គិសនី​របស់​ BYD គឺ​ជា​ចំណុច​ធំមួយ​ក្នុងការយកឈ្នះគូប្រជែង ដោយ​សារក្រុមហ៊ុននេះ​អាចផលិតអាគុយ​សម្រាប់បំពាក់​លើ​រថយន្ត​របស់ខ្លួន​បាន។

យោងតាមទិន្នន័យរបស់ស្ថាប័ន MarkLines ឱ្យដឹងថា ក្នុងរយៈពេល​ ៦ខែ នៃឆ្នាំ​២០២២នេះ ក្រុមហ៊ុន​ដែលនាំមុខគេ​ក្នុងការលក់​រថយន្តអគ្គិសនី​នៅតំបន់អឺរ៉ុប គឺ Volkswagen ចំនួនជាង ១២ម៉ឺនគ្រឿង។ ទីពីរគឺក្រុមហ៊ុន Stellantis មានចំនួនជាង ១១ម៉ឺនគ្រឿង និងទីបីគឺ Tesla មានចំនួនជាង ៨ម៉ឺនគ្រឿង៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


ប្រធានចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីប្រៀបបានជាខ្យល់ព្យុះមួយពេល ប៉ុន្ដែចិនវិញប្រៀបដូចជាការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង

ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ ទី ១៧ តុលា បានព្រមានថា ប្រទេសចិនអាចប្រើប្រាស់ភាគហ៊ុន ដែលខ្លួនមាននៅក្នុងហេដ្ឋារចន…

តើបុរសខ្លាំងទី២របស់ចិន លី ឃឺឈាំង នឹងបន្តវត្តមានក្នុងដំណែងកំពូលរបស់បក្សដែរទេ ក្រោយផុតអាណត្តិជានាយករដ្ឋមន្ត្រី?

នៅស្របពេលដែលបក្សកុម្មុយនីស្តចិនបានមកប្រមូលផ្តុំគ្នាជាមួយសមាជិករាប់ពាន់នាក់ ដើម្បីជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួនក្នុងសប្តាហ៍នេះ កា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ