ប្រធានចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីប្រៀបបានជាខ្យល់ព្យុះមួយពេល ប៉ុន្ដែចិនវិញប្រៀបដូចជាការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង


ប្រធានទីភ្នាក់ងារចារកម្មរបស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ ទី ១៧ តុលា បានព្រមានថា ប្រទេសចិនអាចប្រើប្រាស់ភាគហ៊ុន ដែលខ្លួនមាននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីជាចន្ទល់ក្នុងការសម្រេចគោលបំណងនយោបាយរបស់ខ្លួន ខណៈពេលដែលមានការជជែកដេញដោលនៅក្នុងទីក្រុងប៉េឡាំងថា តើយក្សអាល្លឺម៉ង់គួរតែត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនដឹកជញ្ជូនចិន ខុស្កូ (Cosco) វិនិយោគនៅក្នុងកំពង់ផែ Hamburg របស់ខ្លួន ឬយ៉ាងណានោះ?
ប្រធានចារកម្មអាល្លឺម៉ង់៖ រុស្ស៊ីប្រៀបបានជាខ្យល់ព្យុះមួយពេល ប៉ុន្ដែចិនវិញប្រៀបដូចជាការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែ

ទាក់ទិននឹងរឿងនេះដែរ យោងតាមប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បានឱ្យដឹងថា ក្រសួងសេដ្ឋកិច្ចចង់វេតូជំទាស់ការដេញថ្លៃរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន Cosco ដែលចង់ទិញភាគហ៊ុននៅក្នុងស្ថានីយដឹកជញ្ជូនមួយក្នុងចំណោមស្ថានីយទាំងបី​នៅក្នុងកំពង់ផែដ៏​សំខាន់បំផុត​របស់ប្រទេសអាល្លឺម៉ង់ ស្របពេលដែលអធិការបតីអាល្លឺម៉ង់​មានការពេញចិត្តយ៉ាងខ្លាំង​លើរឿងនេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។

មែនទែនទៅ ការប្រឆាំងនេះឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា អាល្លឺម៉ង់ក្នុងនាម​ជាយក្សសេដ្ឋកិច្ចនៅអឺរ៉ុប ចង់ឬមិនចង់ គឺត្រូវកាត់បន្ថយការពឹងផ្នែកខ្លាំងលើប្រទេសចិន​ បើទោះបីទីក្រុងប៉េកាំងជាដៃគូ​ពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន​ក៏ដោយ​ ដ្បិតថាចាប់តាំងពីការលុកលុយរបស់រុស្សីទៅលើអ៊ុយក្រែនមក អាល្លឺម៉ង់មើលឃើញពីគ្រោះថ្នាក់នៃការពឹងផ្អែកលើរដ្ឋ​ផ្តាច់ការដូចជារុស្ស៊ី និងចិននេះឯង។

ទោះបីជាយ៉ាងណា ចិន​បាន​ជំរុញ​អាល្លឺម៉ង់​​កុំ​ឲ្យ​យកបញ្ហា​នយោបាយ​​មកលាយលំជាមួយ​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាងប្រទេសទាំងពីរ ឬ​ចូលរួម​ក្នុង​យុទ្ធសាស្រ្តគាំពារ​និយម ក្រោមហេតុផល​សន្តិសុខ​ជាតិ នោះ។

នៅក្នុងអង្គប្រជុំសភាអាល្លឺម៉ង់​ដែលទាក់ទិននឹងបញ្ហា​សន្តិសុខ ប្រមុខទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់បរទេស និងក្នុងស្រុក​របស់អាល្លឺម៉ង់​បាននិយាយថា ពួកគេមិន​អាចធ្វើការ​វាយតម្លៃ​ជាសាធារណៈ​អំពីការដេញថ្លៃរបស់ក្រុមហ៊ុន​ដឹកជញ្ជូនចិន Cosco នេះបានទេ ប៉ុន្តែនឹងជំរុញឱ្យមានការប្រុងប្រយ័ត្នលើរឿងនេះ។

ប្រធានទីភ្នាក់ងារចារកម្មបរទេសអាល្លឺម៉ង់ (BND) លោក Bruno Kahl បានប្រាប់សភាថា «អាល្លឺម៉ង់ត្រូវតែពិនិត្យមើលដោយយ៉ាងយកចិត្តទុកដាក់ឲ្យមែនទែន ចំពោះការចូលរួមរបស់​ប្រទេសចិនក្នុងគម្រោងសាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេស។ លោកបានបន្ថែមថា អាល្លឺម៉ង់ត្រូវមាន​ការព្រួយបារម្ភថា ប្រទេសចិន​អាចនឹង​ប្រើប្រាស់​បច្ចេកវិទ្យា រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ 5G ឬថាមពលសេដ្ឋកិច្ច ដើម្បីអនុវត្ត​គំនិត​របស់ខ្លួន ដោយលោក​បានសង្កត់ធ្ងន់ថា​៖ «​ក្នុង​ករណី​មានជម្លោះ​នយោបាយ​​រវាង​ចិន​និង​អាល្លឺម៉ង់ ឧបករណ៍​ទាំងនេះ​នឹង​ត្រូវ​បាន​ប្រើ​»​។

ដោយឡែក ប្រធានស៊ើបការណ៍សម្ងាត់ក្នុងស្រុក​របស់អាល្លឺម៉ង់វិញ លោក Thomas Haldenwang បាននិយាយថា ភាគហ៊ុនចិននៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេស​ក៏អាចបើកទ្វារ ដែលនាំទៅរកការបំផ្លិចបំផ្លាញ និងជះឥទ្ធិពលលើមតិ​សាធារណៈផងដែរ។ លោកបាននិយាយយ៉ាងដូច្នេះថា «នៅពេលដែលលោកនិយាយជាមួយដៃគូបរទេស​អំពីប្រទេសចិន ពួកគេតែងតែលើកឡើងថា៖ រុស្ស៊ីប្រៀបបានជាព្យុះមួយ​ដែលកំពុងតែបោកបក់ ខណៈប្រទេសចិន​ប្រៀបដូចជាការប្រែប្រួល​អាកាសធាតុ ដូច្នេះហើយ​យើង​នឹង​ត្រូវ​ត្រៀមខ្លួនទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ​​ក្នុងរយៈពេលជាច្រើន​ឆ្នាំទៅ​មុខ​តែម្តង»៕




អត្ថបទបន្ទាប់


អាមេរិកថា ចិនកំពុងតែបង្កើនល្បឿនផែនការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឲ្យបានកាន់តែឆាប់

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តក្នុងការដណ្ដើមកាន់កាប់យកតៃវ៉…

ក្រុមហ៊ុនរថយន្ដអគ្គិសនីយក្សចិន BYD ហក់ចូលទីផ្សារអឺរ៉ុបប្រជែងជាមួយ VW និង Tesla

ព័ត៌មាន
ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD បានចាប់ផ្ដើមទន្ទ្រានចូលទៅប្រឡូកដណ្តើមទីផ្សារនៅតំបន់អឺរ៉ុបជាមួយគូប្រជែងធំៗរបស់ខ្លួនដូចជាក្រុមហ៊ុនយក្សអាមេរិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ