វិស័យពាណិជញ្ជកម្ម

ក្រុមហ៊ុននាំចេញរបស់ចិន ភាគច្រើនមានផែនការបន្តប្រតិបត្តិការនៅវៀតណាម ក្រោយអាម៉េរិក ព្រមបញ្ចុះពន្ធលើទំនិញវៀតណាម


ក្រុមហ៊ុននាំចេញរបស់ចិន នៅប្រទេសវៀតណាម មានផែនការបន្តធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ក្រោយពីក្រុងវ៉ាស៊ីនតោន និងក្រុងហាណូយ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មល្អប្រសើរជាងការរំពឹងទុក ដែលសហរដ្ឋអាម៉េរិក ព្រមបញ្ចុះពន្ធគយមកនៅត្រឹម២០% លើទំនិញនាំចូលពីប្រទេសវៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយបញ្ចប់ស្ថានភាពមិនប្រាកដប្រជាដែលបានអូសបន្លាយពេលអស់៣ខែ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
វិស័យពាណិជញ្ជកម្ម
ដោយ

ក្រុមហ៊ុននាំចេញរបស់ចិន ភាគច្រើន មានផែនការបន្តធ្វើប្រតិបត្តិការនៅក្នុងប្រទេសវៀតណាម ក្បែរខាងកម្ពុជា បន្ទាប់ពីសហរដ្ឋអាម៉េរិក ព្រមបញ្ចុះពន្ធទាបមកនៅត្រឹម២០% លើទំនិញនាំចូលពីវៀតណាម ទៅកាន់សហរដ្ឋអាម៉េរិក ដោយក្រុមហ៊ុននានា ចាត់ទុកអត្រាពន្ធចុងក្រោយថា អាចគ្រប់គ្រងបាន។ នេះបើតាមក្រុមអ្នកវិភាគ និងពាណិជ្ជករនៅក្នុងប្រទេសវៀតណាម បានទម្លាយប្រាប់សារព័ត៌មាន South China Morning Post។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២ ខែកក្កដា តាមរយៈបណ្តាញសង្គមថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ២០% លើទំនិញនាំចូលពីប្រទេសវៀតណាម បូករួមពន្ធ៤០% លើទំនិញដែលត្រូវបានចាត់ទុកថា ជាទំនិញដឹកឆ្លងកាត់ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ លោក ដូណាល់ ត្រាំ បានចាត់ទុកកិច្ចព្រមព្រៀងថ្មីនេះថា ជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសសហរដ្ឋអាម៉េរិក និងវៀតណាម។

សូមបញ្ជាក់ថា អត្រាពន្ធ២០% នេះ គឺទាបជាងឆ្ងាយណាស់ បើធៀបនឹងអត្រាពន្ធ៤៦% ដែលលោក ត្រាំ បានប្រកាសដាក់លើប្រទេសវៀតណាម កាលពីដើមខែមេសា មុនពេលពន្ធគយនេះត្រូវបានពន្យារពេលអនុវត្តបណ្ដោះអាសន្នរយៈពេល៩០ថ្ងៃ។ ក្រុងហាណូយ និងក្រុងវ៉ាស៊ីនតោន បានចរចាគ្នាយ៉ាងស្វិតស្វាញចំនួន៣ជុំ ដោយក្នុងនោះវៀតណាម បានព្រមបញ្ចុះពន្ធលើទំនិញអាម៉េរិក មកនៅសូន្យភាគរយ ទម្រាំឈានដល់កិច្ចព្រមព្រៀងនេះ ពោលគឺកិច្ចព្រមព្រៀងនេះសម្រេចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការផ្អាកអនុវត្តពន្ធគយដាក់ដោយសហរដ្ឋអាម៉េរិក ផុតកំណត់នៅថ្ងៃទី៩ ខែកក្កដា។

ទន្ទឹមនេះ សហរដ្ឋអាម៉េរិក កំពុងចរចាពាណិជ្ជកម្មជាមួយប្រទេសធំៗជាច្រើននៅឡើយ រួមទាំងប្រទេសកាណាដា ជប៉ុន និងឥណ្ឌា ផងដែរ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអង់គ្លេស។

សហរដ្ឋអាម៉េរិក និងប្រទេសចិន ក៏បានព្រមព្រៀងបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញ និងផ្អាកការអនុវត្តពន្ធគយថ្មីផងដែរ ប៉ុន្តែរហូតមកទល់ពេលនេះប្រទេសមហាអំណាចទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងជាក់លាក់នៅឡើយទេ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមប្រទេសផលិតប្រេងធំៗ OPEC+ នឹងបង្កើនការផលិតប្រេង ដើម្បីរក្សាស្ថិរភាពតម្លៃ

ក្រុមប្រទេសផលិតប្រេងធំៗនៅលើពិភពលោក OPEC+ បានព្រមព្រៀងគ្នាកាលពីចុងសប្តាហ៍មុន នឹងបង្កើនផលិតកម្មប្រេងឱ្យដល់ជិត៥៥ម៉ឺនធុងបារ៉ែលក្នុង១ថ្ងៃ នៅក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ