ប្រធានាធិបតីកុងហ្គោ លោក ហ្វេលីក ស៊ីសេកេឌី (Felix Tshisekedi) បាននិយាយថា កិច្ចសន្យាក្នុងទំហំទឹកប្រាក់ប្រមាណ៦ពាន់លានដុល្លារ ដែលប្រទេសកុងហ្គោ និងចិន សម្រេចបានកាលពីឆ្នាំ២០០៨ នោះ បានផ្តល់អត្ថប្រយោជន៍តិចតួចណាស់ដល់កុងហ្គោ។ ដូច្នេះហើយលោក ក៏បាននិងកំពុងជំរុញឱ្យមានការរៀបចំរចនាសម្ព័ន្ធនេះឡើងវិញ។
បើតាមកិច្ចព្រមព្រៀងឆ្នាំ២០០៨ បានកំណត់ថា ក្រុមហ៊ុនចិន បានសន្យាផ្ដល់ថវិកាចំនួន៣ពាន់លានដុល្លារ ដល់ប្រទេសកុងហ្គោ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធការរុករករ៉ែស្ពាន់ និងរ៉ែកូបាល់ (Cobalt) តាមការស្នើសុំរបស់ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នា ដែលមានឈ្មោះថា សាយខូម៉ាញ (Sicomines)។
លោក ស៊ីសេកេឌី បាននិយាយកាលពីថ្ងៃសៅរ៍ ទី២៧ ខែមករា ថា ឥឡូវនេះក្រុមហ៊ុនចិន ដែលបានបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនរបស់កុងហ្គោ នោះនឹងបង្កើនការវិយោគរបស់ពួកគេឱ្យឡើងដល់៧ពាន់លានដុល្លារ ក្រោយពីលោកបានធ្វើដំណើរទៅកាន់ប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០២៣ ដើម្បីចរចាពីបញ្ហានេះ។
បើតាមសេចក្ដីថ្លែងការណ៍មួយឱ្យដឹងថា ភាគីទាំងពីរបានយល់ព្រមរក្សារចនាសម្ព័ន្ធបច្ចុប្បន្ននៃការកាន់កាប់ភាគហ៊ុនឱ្យនៅដដែល ខណៈដែលក្រុមហ៊ុនដៃគូចិន សាយណូហាយដ្រូ (Sinohydro) និងក្រុមហ៊ុន China Railway Group នឹងបង់ថ្លៃផលចំណេញចំនួន១,២%ជារៀងរាល់ឆ្នាំដល់ប្រទេសកុងហ្គោ៕
អត្ថបទ៖ សុខ ជា