​វិស័យ​អចលនទ្រព្យ

ក្រោយរងផលប៉ះពាល់យ៉ាងដំណំពីឥទ្ធិពលស្កេមអនឡាញ តើវិស័យអចលនទ្រព្យកម្ពុជា អាចចាយពេលប៉ុន្មានឆ្នាំទើបអាចងើបឡើងវិញ?


វិស័យអចលនទ្រព្យអាចចាត់ទុកជាវិស័យមួយ ដែលបានរងសម្ពាធធ្ងន់ធ្ងរពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរបស់អាជ្ញាធរកម្ពុជា។ ការចាកចេញយ៉ាងគំហុករបស់ជនបរទេសបានធ្វើឱ្យទីផ្សារជួល និងការប្រើប្រាស់អគារពាណិជ្ជកម្មនានាមានសភាពស្ងប់ស្ងាត់ និងជាប់គាំងយ៉ាងខ្លាំង។
​វិស័យ​អចលនទ្រព្យ
ដោយ

ទោះជាយ៉ាងណាក្រុមអ្នកជំនាញ និងអ្នកវិភាគសេដ្ឋកិច្ចបានវាយតម្លៃថា ការស្ដារសណ្ដាប់ធ្នាប់ និងការកសាងកេរ្តិ៍ឈ្មោះជាតិឡើងវិញតាមរយៈការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងក្លាយជារបត់ផ្លាស់ប្តូរមួយក្នុងការស្តារទំនុកចិត្តវិនិយោគិនស្អាតស្អំ និងទាក់ទាញលំហូរទុនបរទេសប្រកបដោយចីរភាព។ តើវិស័យអចលនទ្រព្យកម្ពុជា អាចចាយពេលយូរប៉ុណ្ណាទើបអាចស្ទុះងើបឡើងវិញ?
ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុនបូទិកា និងបុរី ឡុងនី បានគូសបញ្ជាក់ថា វិធានការដ៏ម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាលលើការបង្រ្កាបការឆបោកតាមប្រព័ន្ធអនឡាញបានធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជា ប្រឈមមុខនឹងផលប៉ះពាល់អវិជ្ជមានក្នុងរយៈពេលខ្លីចន្លោះពី១ទៅ៣ឆ្នាំដោយសារសកម្មភាពទិញ-លក់ និងជួលអគារនានាមានការថមថយចុះ និងជាប់គាំង។ តែទោះយ៉ាងណាក្នុងរយៈពេលមធ្យមទៅវែង អ្នកជំនាញរូបនេះយល់ថា វិស័យអចលនទ្រព្យកម្ពុជានឹងមានពន្លឺល្អប្រសើរឡើងវិញ ដោយសារកម្ពុជា បានស្តារទំនុកចិត្តពីសហគមន៍អន្តរជាតិឡើងវិញ ជាពិសេសតាមរយៈការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗនេះ។ បើតាមអ្នកជំនាញរូបនេះ នៅមួយរយៈពេលចុងក្រោយនេះសហគមន៍អន្តរជាតិ ហាក់សម្លឹងមកកម្ពុជា ក្នុងផ្លូវវិជ្ជមានឡើងវិញ ជាពិសេសវិនិយោគិនមកពីប្រទេសអភិវឌ្ឍន៍ធំៗ។
ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate បានគូសបញ្ជាក់ថា ទោះក្នុងដំណាក់កាលអន្តរកាលនេះ តម្រូវការជួល និងការប្រើប្រាស់ទីតាំង ឬអគារពាណិជ្ជកម្មនានាមានការធ្លាក់ចុះខ្លាំង ក្រោយជនបរទេសពាក់ព័ន្ធនឹងបញ្ហាស្កេមអនឡាញចាកចេញពីកម្ពុជា ប៉ុន្តែបញ្ហានេះវាជាជំហានចាំបាច់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ និងកសាងបរិយាកាសធុរកិច្ចស្អាតស្អំរបស់កម្ពុជាឡើងវិញ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ការស្ដារឡើងវិញនៃវិស័យអចលនទ្រព្យ គឺមិនអាចធ្វើឡើងភ្លាមៗនោះទេ ពោលគឺអាចចាប់ផ្តើមប្រសើរឡើងវិញជាសន្សឹមៗក្នុងរង្វង់ប្រមាណ២ទៅ៣ឆ្នាំខាងមុខ។
ដោយឡែក លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីជាកម្ពុជា ជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងទទួលបានទំនុកចិត្តពីវិនិយោគិនបរទេសឡើងវិញក៏ដោយ ក៏វិស័យអចលនទ្រព្យកម្ពុជាមិនអាចងើបឡើងមកវិញបានភ្លាមៗនោះដែរ ពោលគឺអាចចាយពេលប្រមាណពី៥ឆ្នាំទៅ១០ឆ្នាំ ទើបអាចមានសម្ទុះងើបឡើងវិញជាថ្មី។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា ទីផ្សារអចលនទ្រព្យកម្ពុជា បច្ចុប្បន្នមានតម្រូវការទាបជាងបរិមាណផ្គត់ផ្គង់ ដែលបានហក់ឡើងដល់ចំណុចកំពូល ស្របពេលដែលការងើបឡើងវិញនៃវិស័យនេះពឹងផ្អែកទាំងស្រុងលើកំណើនសេដ្ឋកិច្ច និងការកើនឡើង នៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ថ្មីៗនេះ កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមគ្នាកាត់ផ្ដាច់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឱ្យដល់ឬសគល់រហូតទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិជាច្រើន ហើយគេរំពឹងថា ព្រិត្តិការណ៍ជាប្រវត្តិសាស្រ្តនេះនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការស្តារទំនុកចិត្តរបស់វិនិយោគិនបរទេសចូលមកកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យអចលនទ្រព្យផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


IMF ជំរុញឱ្យធ្វើកំណែទម្រង់ស៊ីជម្រៅលើកម្មវិធីឥណទាន ក្រោយបំណុលពិភពលោកកើនលើស៣៦៥ទ្រីលានដុល្លារ

ពិភពលោកកំពុងជាប់ផុងក្នុងបំណុលកាន់តែច្រើន ខណៈថ្លៃដើម នៃការខ្ចីប្រាក់ក៏កំពុងកើនឡើង​ដូចគ្នាដែរ។ បំណុលសរុបរបស់ពិភពលោកបានកើនលើស៣៦៥ទ្រីលា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ