ឥណ្ឌា-រុស្ស៊ី

នាយករដ្ឋមន្ត្រីឥណ្ឌាប្រាប់លោកពូទីន ថា «សម័យនេះមិនមែនជាពេលធ្វើសង្គ្រាមទេ»


ក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោកពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅកិច្ចប្រជុំអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសអ៊ូសបេគីស្ថានកាលពីសប្តាហ៍មុន មេដឹកនាំក្រុងញូដេលីបានប្រាប់លោកពូទីនថា ពេលនេះ មិនមែនជាពេលវេលាធ្វើសង្រ្គាមនោះទេ ខណៈមេដឹកនាំក្រុងម៉ូស្គូបានឆ្លើយតបវិញថា លោកចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ឲ្យបានឆាប់ជាទីបំផុត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឥណ្ឌាប្រាប់ប្រធានាធិបតីរុស្ស៊ីថាសម័យនេះមិនមែនជាពេលធ្វើសង្គ្រាម!

ជារឿងដែលគួរចាប់អារម្ម​ណ៍មួយដែរ ដែលលោកណារិនដ្រា ម៉ូឌី បានព្រលយសំដីបែបនេះនៅចំពោះ​មុខលោកពូទីន។ ក្នុង​ជំនួប​ទល់មុខជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោកពូទីន នៅក្រៅក្របខណ្ឌ​នៃ កិច្ចប្រជុំអង្គការសហប្រតិបត្តិការ​សៀងហៃ SCO លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាននិយាយ​ប្រាប់​សមភាគី​រុស្ស៊ីថា ពេលនេះ មិនមែន​ជា​ពេលវេលា​ធ្វើ​សង្រ្គាមឡើយ។ នាយករដ្ឋមន្រ្តីឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី ថែមទាំងបានបញ្ជាក់​ពីសារៈសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ និងការចរចា​តាមផ្លូវ​ការទូតថាជាជម្រើសដ៏ល្អបំផុត។

ឆ្លើយតប​នឹង​នាយករដ្ឋមន្រ្តីឥណ្ឌា ប្រធានាធិបតី​រុស្ស៊ីលោកពូទីន​​បាន​និយាយថា លោក​យល់ច្បាស់​ពី​ជំហរ​របស់​ឥណ្ឌានៅក្នុង​សំណុំរឿងអ៊ុយក្រែន ហើយរុស្ស៊ីក៏ដឹងដែរ​ពី​ក្តី​បារម្ភរបស់ឥណ្ឌា។ បុរសខ្លាំងរុស្ស៊ីមួយនេះ បានសន្យា​ព្យាយាម បិទបញ្ចប់​សង្រ្គាមនៅអ៊ុយក្រែន​ឲ្យបាន​ឆាប់​​ជាទីបំផុត តាមដែលអាចធ្វើបាន។

ប៉ុន្តែ លោកពូទីនចោទ​ប្រកាន់អ៊ុយក្រែន ថាបានបដិសេធ​រាល់​ដំណើរការ​ចរចា ហើយចង់ប្រើ​ផ្លូវយោធាប្រយុទ្ធគ្នាជាជាង​ចរចា។ នេះបើតាមសារព័ត៌មានរុស្ស៊ី​ចុះផ្សាយស្រង់សំដីលោកពូទីន។

គួរជម្រាបថា ឥណ្ឌា និង​រុស្ស៊ី​​មាន​ទំនាក់ទំនងជិតស្និទ្ធិនឹង​គ្នានៅក្នុងផ្នែកយោធា និង​ពាណិជ្ជកម្ម តាំងតែ​ពីសម័យ​សង្រ្គាម​ត្រជាក់មក។ រុស្ស៊ីជាអ្នកផ្គត់ផ្គង់​សម្ភារៈយោធា​ផ្នែករឹង​ដ៏សំខាន់ និងធំជាងគេសម្រាប់ឥណ្ឌាក្នុងមួយឆ្នាំៗ។ ដោយឡែក គេនៅចាំបានថា នៅក្នុង​ការបោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ ឥណ្ឌា​​បាន​បដិសេធ​មិន​ថ្កោលទោស​សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ទោះ​មានការដាក់សម្ពាធ​ពី​សម្ព័ន្ធមិត្ត​អាមេរិក និងលោកខាងលិច ខណៈដែលឥណ្ឌាបាន​ត្រឹមទទូចឱ្យបញ្ជៀសអំពើហិង្សាប៉ុណ្ណោះ។ លើសពីនេះ បច្ចុប្បន្នឥណ្ឌាក៏កំពុងបានផលចំណេញ​មិនតិចដែរ ពីការទិញប្រេងតម្លៃថោកពីរុស្ស៊ី។

ទោះយ៉ាងណា នៅមុនជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានប្រាប់សន្និសីទសារព័ត៌មានថា ការទិញប្រេងពីរុស្ស៊ីគឺសំដៅដោះស្រាយតម្រូវការសន្តិសុខថាមពល ដែលកំពុងរង្គោះរង្គើក្នុងពេលបច្ចុប្បន្ន និងស្របពេលដែលកំពុងមានតម្រូវការថាមពលច្រើន អំឡុងពេលរលកកំដៅខ្លាំង៕




អត្ថបទបន្ទាប់


សំណង់អគារកូនកាត់ធ្វើពីឈើខ្ពស់ជាងគេបំផុតនឹងលេចរូបរាងឡើងនៅប្រទេសអូស្ត្រាលី

ព័ត៌មាន
សំណង់អគារខ្ពស់ កូនកាត់ដែលសង់ឡើងដោយប្រើប្រាស់ឈើជាធាតុផ្សំជាចម្បង ជាមួយនឹងមានកម្ពស់ជិត២០០ម៉ែត្រ នឹងផុសឡើងនៅកណ្ដាលទីក្រុងស៊ីដនី ប្រទេសអូស្…

ពលរដ្ឋ១១លាននាក់នៅប៉ាគីស្ថាន ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់

ព័ត៌មាន
យ៉ាងហោចណាស់ពលរដ្ឋប៉ាគីស្ថានចំនួន ១១ លាននាក់ស្មើនឹង ៥% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ កំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងក្រៃល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ