សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បាននិយាយថា ក្រុមវិនិយោគិនចិនទាំងអស់នោះគ្រាន់តែចុះមកពិនិត្យនិងសិក្សាប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ក៏មិនទាន់មានចម្លើយឆ្លើយតបណាមួយពីអ្នកវិនិយោគចិនទាំងនោះដែរ ប៉ុន្តែ យ៉ាងណាក៏ដោយ លោកនឹងបន្តធ្វើកិច្ចការងារនេះ ពិសេសបន្តទាក់ទងវិនិយោគិនពីប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត រំពឹងថា ក្រោយពីបញ្ចប់កូវីដ១៩ នឹងមានរោងចក្រកែច្នៃអំបិលបង្កើតឡើងនៅខេត្តកំពត កែប។
សូមបញ្ជាក់ដែរថា សកម្មភាពផលិតអំបិលរបស់សហគមន៍ខេត្តកំពត កែប ពេលនេះ នៅតែបន្តផលិតអំបិលបាន និងបើគិតពីការប្រមូលផលវិញ ពេលនេះ សម្រេចបានចំនួនកើនឡើងប្រមាណជា ១០ម៉ឺនតោនហើយ ខណៈកាលពីខែឧសភា ប្រមូលបាន ៧ម៉ឺនតោន និងរំពឹងថា កម្ពុជាឆ្នាំនេះនឹងមានការខ្វះខាតអំបិលដូចកាលឆ្នាំ២០១៨ និងឆ្នាំ២០១៩ទៀតនោះឡើយ ខណៈការផលិតអំបិលឆ្នាំនេះទទួលបានទិន្នផលល្អ ដោយសារអំណោយផលពីកត្តាអាកាសធាតុ។
លោក ប៊ុន បារាំង សហប្រធានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប បានឲ្យដឹងបន្តថា មកដល់ខែនេះហើយ សហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប នៅតែអាចផលិតអំបិលបាន ដោយនៅកន្លែងផលិតខ្លះនៅមិនទាន់មានភ្លៀងនៅឡើយ ដែលជាហេតុធ្វើឲ្យដំណើរការផលិតអំបិលនៅបន្តផលិតបាន ដែលរំពឹងថា ការប្រមូលផលអំបិលនឹងមានការកើនឡើងថែមទៀតរង្វង់ជាង ១០ម៉ឺនតោន នៅឆ្នាំនេះ។
លោកថា ការនាំចូលអំបិលពីបរទេសដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅឆ្នាំនេះ ប្រហែលជាមិនកើតមានទៀតទេ ខណៈការប្រមូលផលអំបិលគិតមកដល់ពាក់កណ្តាលខែមិថុនានេះ សម្រេចបានប្រមាណ ១០ម៉ឺនតោនរួចទៅហើយ បូកបញ្ចូលទាំងអំបិលនាំចូលសល់កាលពីឆ្នាំមុនជិត ៥ពាន់តោន។
ជាមធ្យម ក្នុង១ឆ្នាំ កម្ពុជាត្រូវការអំបិលសម្រាប់បរិភោគចន្លោះពី ៨ ទៅ ១០ម៉ឺនតោន ដែលចំនួននេះគឺស្មើនឹងចំនួនដែលយើងផលិតបាន ដូច្នេះ នៅក្នុងឆ្នាំនេះ ពិតណាស់ នឹងមិនមានការខ្វះទៀតនោះឡើយ ហើយក៏មិនចាំបាច់នាំចូលទៀតដែរ។
បច្ចុប្បន្ន ផ្ទៃដីផលិតអំបិលខេត្តកំពត កែប មានជាង ៤ពាន់ ៥០០ហិកតា មានក្រុមអ្នកផលិត ជាង ២០០ក្រុម បើអាកាសធាតុអំណោយផល ក្នុង១ហិកតា អាចផលិតអំបិលបានប្រហែល ២០តោនសម្រាប់រយៈពេល ១ឆ្នាំ ដោយគិតចាប់ពីខែមករា ដល់ខែឧសភា។
លោក ប៊ុន បារំាង បានឲ្យដឹងទៀតថា អំបិលក្នុងឆ្នាំនេះមានតម្លៃប្រហាក់ប្រហែលនឹងឆ្នាំមុន ដោយអំបិលស្អាត លេខ១ មានតម្លៃប្រមាណ ១ម៉ឺន៥ពាន់រៀលក្នុង១ការ៉ុង ទម្ងន់ ៥០គីឡូក្រាម និងអំបិលលេខ២ អាចមានតម្លៃ ១ម៉ឺន២ពាន់រៀល៕