
ហើយទន្ទឹមនេះ លោក ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដោយលោកសន្យាថា នឹងរក្សាកំណើនថេរឱ្យបាន ទោះបីជាតម្លៃទំនិញធ្លាក់ចុះ និងជួបបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែមិថុនា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ស្នើប្រទេសនានា សហការគ្នាឱ្យបានល្អក្នុងការធ្វើពាណិជ្ចកម្ម ដ្បិតការចូលរួមជួយគាំទ្រសេដ្ឋកិច្ចអន្តរជាតិ គឺជាមធ្យោបាយមួយដើម្បីជួយកែសម្រួលច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោក ដោយលោកបានអំពាវនាវឱ្យប្រទេសនានា រក្សាទុកមាគ៌ា ដ៏ត្រឹមត្រូវនេះ។ ទោះជាយ៉ាងណា លោក លី ឈាង មិនបានធ្វើអត្ថាធិប្បាយទាក់ទិននឹងភាពតានតឹងពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ឬជម្លោះប្រដាប់អាវុធរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នោះទេ។
ទន្ទឹមនេះ លោក លី ឈាង ក៏បានច្រានចោលផងដែរនូវការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់មហាយក្សចិន ដោយលោកសន្យាថា នឹងរក្សាកំណើនថេរឱ្យបាន ទោះបីជាតម្លៃទំនិញធ្លាក់ចុះ និងជួបបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មក៏ដោយ។
លោក អាដាម ធូស (Adam Tooze) សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Columbia University នៅសហរដ្ឋអាម៉េរិក បានលើកឡើងថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង លើការកែសម្រួលច្បាប់ និងសណ្តាប់ធ្នាប់ពិភពលោកថា ពិតជាគួរឱ្យចាប់អារម្មណ៍។
លោក Adam Tooze បានលើកឡើងថា លោកយល់ថា អ្វីដែលពិភពលោកចង់បាននោះគឺប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម។ សាស្ត្រាចារ្យរូបនេះបានថ្លែងប្រាប់សារព័ត៌មាន CNBC ថា អ្វីដែលកាន់តែមានសារសំខាន់នៅក្នុងដំណើរការនេះ គឺមិនមែនផ្ដោតតែលើនរណាជាអ្នកកំណត់សណ្ដាប់ធ្នាប់ពិភពលោកនោះឡើយ៕
ដោយ: តែម សុខុម