មន្រ្តីជនជាតិចិន ដែលជាប់ពាក់ព័ន្ធនឹងរឿងនេះ បានបញ្ជាក់ប្រាប់ដល់ សារព័ត៌មាន The Wall Street Journal ថា ប្រធានាធិបតីចិន បានបញ្ជាឲ្យ និយ័តករចិន ស្រាវជ្រាវចំពោះការឡើងចុះនៃទីផ្សារភាគហ៊ុនរបស់ ក្រុមហ៊ុន Ant Group និងសម្រេចបិទប្រកបដោយប្រសិទ្ធភាព។
ការសម្រេចបញ្ឈប់ការបោះផ្សាយមូលបត្រធំជាងគេបង្អស់លើសកលលោកនេះ កើតឡើងមុនថ្ងៃបោះផ្សាយ តែ ២ថ្ងៃតែប៉ុណ្ណោះ ដោយហេតុផលថា មហាសេដ្ឋី JACK MA បានធ្វើការវាយប្រហារជាសាធារណៈដល់ ស្ថាប័នឃ្លាំមើលហិរញ្ញវត្ថុ និងធនាគាររបស់ប្រទេសចិន។
លោក JACK MA បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ក្នុងទីក្រុងស៊ាងហៃ កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះថា ប្រព័ន្ធបទប្បញ្ញត្តិរបស់ចិន បានធ្វើឲ្យរាំងស្ទះដល់ កាលានុវត្តន៍ភាព និងត្រូវតែកែសម្រួល ដើម្បីជម្រុញដល់កំណើនជាតិឡើងវិញ ហើយសុន្ទរកថានេះ ត្រូវបានកត់សម្គាល់ និងបញ្ជូននៅក្នុងសេចក្តីរាយការណ៍ដល់ ថ្នាក់ដឹកនាំប្រទេសតែម្តង។
គួររំឭកដែរថាក្រុមហ៊ុន Ant Group ក៏ត្រូវបង្វិលប្រាក់ជូនវិនិយោគិនវិញជិត ១៦៨ពាន់លានដុល្លារ ដោយសារការផ្អាកបោះផ្សាយលក់មូលបត្រនេះ ហើយបើតាមក្រុមហ៊ុន បានគូសបញ្ជាក់ថា ការផ្អាកបោះផ្សាយ IPO នាពេលនេះ គឺព្រោះតែ ក្រុមហ៊ុន Ant Group មិនអាចបំពេញតាមការតម្រូវនៃការចុះបញ្ជី និងឯកសារដាក់បង្ហាញ ដោយសារតែមានការផ្លាស់ប្តូរនៃ បរិយាកាសបទប្បញ្ញត្តិនៅក្នុងប្រទេសចិន៕