ព្យុះភ្លៀងដែលបង្កឡើងពីប្រទេសចិនលើវិស័យរថយន្តអគ្គិសនីអឺរ៉ុប

ប្រធានក្រុមហ៊ុនរថយន្ត Renault ព្រមានថា ព្យុះភ្លៀងដែលបង្កឡើងពីប្រទេសចិន ជិតបោកបក់លើវិស័យរថយន្តអគ្គិសនីអឺរ៉ុបហើយ


ប្រធានក្រុមហ៊ុនផលិតរថយន្តរឺណូ (Renault) លោក ហ្សង់ ដូមីនីក សេណា (Jean-Dominique Senard) បានបញ្ចាក់កាលពីថ្ងៃទី៨ខែកក្កដាថា «ព្យុះភ្លៀងដែលបង្កឡើងដោយប្រទេសចិន» ជិតវាយប្រហារលើវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់អឺរ៉ុបហើយ។ ការលើកឡើងបែបនេះគឺស្របពេលដែលប្រទេសមហាអំណាចនៅអាស៊ីមួយនេះ មានត្រួតត្រាវត្ថុធាតុដើមសំខាន់ៗក្នុងការផលិតអាគុយសម្រាប់រថយន្ត ដែលគ្មានការបំភាយឧស្ម័ន។
ប្រធានក្រុមហ៊ុនរថយន្តរឺណូព្រមានថា «ព្យុះចិន»ជិតបោកបក់លើវិស័យរថយន្តអគ្គិសនីអឺរ៉ុបហើយ

លោក ហ្សង់ ដូមីនីក សេណា បាននិយាយក្នុងសម្ភាសន៍មួយថា ការសម្រេចចិត្តរបស់ប្រទេសចិនថ្មីៗនេះ ក្នុងការរឹតត្បិតការនាំចេញលោហធាតុសំខាន់២ គឺហ្គាលីយ៉ូម និងជើម៉ានីញ៉ូម ដែលប្រើនៅក្នុងបន្ទះឈីប និងរថយន្តអគ្គិសនី គួរតែធ្វើឱ្យក្រុមមេដឹកនាំអឺរ៉ុបយកចិត្តទុកដាក់ខ្លាំង ព្រោះវាឆ្លុះបញ្ចាំងឱ្យឃើញការពឹងផ្អែកខ្លាំងជ្រុលរបស់ទ្វីបនេះលើប្រទេសចិន និងតម្រូវការក្នុងការកសាងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីដែលថ្លៃខ្លាំង។

លោក សេណា បាននិយាយថា នៅពេលលោកនិយាយពី«ព្យុះចិន»នោះ គឺលោកចង់និយាយអំពីសម្ពាធដ៏ខ្លាំងមួយដែលកំពុងកើតឡើងសព្វថ្ងៃនេះ ទាក់ទងនឹងការនាំចូលរថយន្តអគ្គិសនីរបស់ប្រទេសចិនទៅកាន់អឺរ៉ុប។

នាយកក្រុមហ៊ុនរឺណូបានសង្កត់ធ្ងន់ក្នុងសម្ដីដើមថា៖ «យើងមានសមត្ថភាពផលិតរថយន្តអគ្គិសនី ប៉ុន្តែយើងកំពុងតស៊ូដើម្បីធានាសុវត្ថិភាពនៃការផ្គត់ផ្គង់របស់យើង»។ លោកបានបន្ថែមថា ឧស្សាហកម្មរថយន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់វត្ថុធាតុដើម[ពីប្រទេសចិន] គឺបានមកពីការវិនិយោគជាច្រើនឆ្នាំ។ លោក សេណា យល់ឃើញថា គេនឹងចំណាយអស់រាប់ពាន់លានអឺរ៉ូ ដើម្បីធ្វើឡើងវិញ។

ការរឹតត្បិតរបស់ចិនចំពោះការនាំចេញ កំពុងបង្កើនសង្គ្រាមបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក ដែលអាចធ្វើឱ្យមានការរំខានបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ អឺរ៉ុបដឹងថា ខ្លួនស្ថិតនៅកណ្ដាលជម្លោះនេះ ជាហេតុទាមទារឱ្យអឺរ៉ុបស្វែងរកជម្រើសជំនួស សម្រាប់ត្រៀមទុកក្នុងករណីដែលមានព្រឹត្តិការណ៍អាក្រក់បំផុតកើតឡើង។

លោក សេណា បានព្រមានក្នុសម្ដីដើមថា៖ «ប្រសិនបើមានវិបត្តិភូមិសាស្ត្រនយោបាយពិតប្រាកដមែននោះ ការខូចខាតរបស់រោងចក្រផលិតអាគុយ ដែលពឹងផ្អែកតែលើវត្ថុធាតុដើមមកពីក្រៅ នឹងមានទំហំធំធេងណាស់» ហើយថា «នោះហើយជាបញ្ហា»៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បំណុលគ្រួសារនៅថៃកើនដល់ជាង៩០% នៃGDP ចំពេលមានក្ដីបារម្ភអំពីភាពជាប់គាំងផ្នែកគោលនយោបាយ

បំណុលគ្រួសារនៅក្នុងប្រទេសថៃ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ បានកើនដល់ប្រមាណ ៤៥៥ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណជាង ៩០% នៃទំហំផលិតផ…

កូរ៉េខាងត្បូង និងអារ៉ាប់រួម នឹងពន្លឿនគម្រោងវិនិយោគលើថាមពលនិងឧស្សាហកម្មទំនើបៗបំផុត

ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង ថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ