
តួយ៉ាង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនខ្មែរមួយនេះ បានចូលរួមសហការរៀបចំ ពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលមានការចូលរួមពីសំណាក់ប្រពលរដ្ឋរាប់ម៉ឺននាក់។ នៅក្នុងពិព័រផលិតផលខ្មែរនោះដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង ក៏បានអញ្ជើញចូលរួមធ្វើជាវាគ្មិន ដើម្បីចែករំលែកអំពីបទពិសោធន៍ដឹកនាំអាជីវកម្ម ដល់សហគ្រិនក្នុងស្រុក និងអ្នកចូលរួមជាច្រើនទៀតផងដែរ។

អ្នកឧកញ៉ា លាង ម៉េង បានអះអាងថា ក្នុងនាមជាក្រុមហ៊ុនខ្មែរ ជីប ម៉ុង តែងតែប្រកាន់ខ្ជាប់នូវគោលជំហរយ៉ាងរឹងមាំ ក្នុងការអភិវឌ្ឍផលិតផលក្នុងស្រុក ដែលមានគុណភាពខ្ពស់ ត្រឹមត្រូវតាមស្ដង់ដារអន្តរជាតិ ដើម្បីជំនួសការនាំចូលផលិតផលពីក្រៅប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ ជីប ម៉ុង នៅតែបន្ដជួយជ្រោមជ្រែងដល់សហគ្រិនខ្មែរនៅគ្រប់វិស័យ ដើម្បីជំរុញការផលិតក្នុងស្រុក និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។

បន្ថែមលើនេះ ដោយមានចក្ខុវិស័យជំរុញដល់ការផលិតក្នុងស្រុក អ្នកឧកញ៉ា លាង ម៉េង បានអះអាងថា ជីប ម៉ុង គ្រោងនឹងចំណាយប្រមាណ ១០០ ទៅ២០០លានដុល្លារអាម៉េរិក ដើម្បីវិនិយោគនៅក្នុងវិស័យកសិកម្ម ពិសេសការវិនិយោគលើការកែច្នៃផលិតផលស្វាយចន្ទី។
អ្នកឧកញ៉ា លាង ម៉េង បានបន្ដលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មក្នុងស្រុក ត្រូវតែស្រវាក្រសោបយកឱកាសនាពេលបច្ចុប្បន្ននេះ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង ពិសេសផលិតនូវផលិតផល ដែលមានគុណភាព ស្ដង់ដារ តម្លៃសមរម្យ និងមានការផ្គត់ផ្គង់ប្រកបដោយនិរន្ដរភាពសម្រាប់អ្នកប្រើប្រាស់។

ក្នុងស្មារតីគាំទ្រផលិតផលខ្មែរ សិល្បៈវប្បធម៌ និងការផ្សារភ្ជាប់ទៅនឹងវិស័យទេសចរណ៍ ក្រុមហ៊ុន ជីប ម៉ុង កាលពីពេលថ្មីៗនេះ បានបើកសាកល្បងនូវផ្សារទេសចរណ៍បែបខ្មែរដ៏ថ្មីសន្លាងមួយទៀត គឺ «ភូមិខ្មែរអ្នកធ្វើ» ដែលស្ថិតនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ ប្រមូលផ្ដុំទៅហាងលក់ទំនិញខ្មែរសរុបប្រមាណ ១២០ហាង ដោយក្នុងនោះ មានលក់ផលិតផលជាច្រើនដូចជា ចំណីអាហារ វត្ថុអនុស្សវរីយ៍ គ្រឿងអលង្កាបែបប្រពៃណីខ្មែរ ចម្លាក់ និងមានការសម្ដែងរបាំ ល្ខោន និងឧបករណ៍តន្ត្រីបុរាណខ្មែរផងដែរ។ ដោយមានសម្ទុះគាំទ្រពីប្រជាពលរដ្ឋកាន់តែខ្លាំង ផ្សារបែបទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥។


