ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានគូសរំលេចអំពីទំនាក់ទំនងយូរអង្វែង និងវិជ្ជមានរវាងកម្ពុជានិងកាណាដា ចាប់តាំងពីឆ្នាំ១៩៥៣។ ទន្ទឹមនេះប្រទេសកាណាដា ក៏ជាដៃគូពាណិជ្ជកម្មលំដាប់ទី៦ និងជាប្រភពវិនិយោគលំដាប់ទី៣ របស់កម្ពុជា ជាពិសេសនៅក្នុងវិស័យហិរញ្ញវត្ថុ។ ឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះការបង្កើតបើកនិវេសនដ្ឋាននៃស្ថានទូតកាណាដាប្រចាំកម្ពុជាឡើងវិញ ដែលជាសញ្ញានៃដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅក្នុងបិរបទនៃភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយសកល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់អំពីគោលនយោបាយការបរទេសកម្ពុជាដែលផ្តោតលើពហុភាគីនិយម ច្បាប់អន្តរជាតិ និងការបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានា និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រទេសសេដ្ឋកិច្ចតូចៗដូចកម្ពុជា ក្នុងការកសាងភាពធន់ ពង្រឹងក្របខ័ណ្ឌអភិបាលកិច្ច និងធ្វើពិពិធកម្មភាពជាដៃគូជាមួយបណ្តាប្រទេស និងដៃគូនានា ក្នុងតំបន់ និងសកលលោក។
ឯកឧត្តមឯកអគ្គរដ្ឋទូត Christian DesRoches បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កាណាដាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ។ ឯកឧត្តមបានគូសបញ្ជាក់ពីវត្តមានការទូតឡើងវិញរបស់ប្រទេសកាណាដានៅកម្ពុជា និងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់វិនិយោគិនកាណាដា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងផងដែរ អំពីការកើនឡើងនៃកម្រិតជីវភាពនៃប្រជាជនកម្ពុជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពស្វាហាប់ ដែលបានបង្កើតជាឱកាសដ៏ល្អ សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងការបង្កើតការងារ និងប្រាក់ចំណូល។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា Online Scam ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីការជំរុញការធ្វើកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយផ្តោតទៅលើការពង្រឹងប្រព័ន្ធអភិបាលកិច្ច ក៏ដូចជាការធ្វើកំណែទម្រងប្រព័ន្ធច្បាប់ និងប្រព័ន្ធតុលាការ ព្រមទាំងការកែទម្រង់រដ្ឋបាលសាធាណៈ សំដៅពង្រឹងសមត្ថភាពស្ថាប័នឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសបញ្ជាក់ផងដែរ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការកែលំអរបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ដោយរួមទាំងការលើកកម្ពស់អភិបាលកិច្ចដែលជំរុញដោយការពង្រឹងប្រព័ន្ធស្ថិតិទិន្នន័យជាតិ ដើម្បីផ្តល់ព័ត៌មានសេដ្ឋកិច្ចដែលអាចទុកចិត្តបានដល់វិនិយោគិន។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់កាណាដាឱ្យបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសក្នុងវិស័យអាទិភាព។
ពាក់ព័ន្ធនឹងបញ្ហា Online Scam ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាប និងសម្អាត Online Scam នេះឱ្យអស់ ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់កម្ពុជាឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស, ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ថ្មីៗនេះ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានទទួលការអនុម័តពីគណៈរដ្ឋមន្ត្រី ហើយសេចក្តីព្រាងនេះបាន បញ្ជូនដល់រដ្ឋសភារួចហើយ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និង ឯកឧត្តមឯកអគ្គរដ្ឋទូត Christian DesRoches ក៏បានធ្វើការពិភាក្សាផងដែរ អំពីលទ្ធភាពនៃការបន្តកិច្ចសហប្រតិបត្តិការ ក្នុងការកសាងសមត្ថភាពមន្ត្រី និងការងារកែទម្រង់ច្បាប់ ព្រោះកន្លងមកកាណាដាធ្លាប់មានកិច្ចសហប្រតិបត្តិការនេះជាមួយទីស្តីការគណៈរដ្ឋមន្ត្រីនៅអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ និងម្យ៉ាងទៀត កម្ពុជា និងកាណាដា ក៏មានប្រព័ន្ធច្បាប់ចម្រុះ រវាងប្រព័ន្ធច្បាប់ស៊ីវិល និងប្រព័ន្ធច្បាប់អង់គ្លូសាក់សុង ដូចគ្នាផងដែរ។
មុននឹងបញ្ចប់ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឈរលើចក្ខុវិស័យរួម ក្នុងការលើកកម្ពស់ភាពជាដៃគូ ប្រកបដោយចីរភាព និងប្រយោជន៍រួម ហើយកិច្ចប្រជុំកំពូល Francophonie ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ក៏រំពឹងថានឹងជួយបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្ថែមទៀត។