ប្រធាន CIA លើកឡើងថា សហរដ្ឋអាមេរិកបានដឹងតាមរយៈការស៊ើបការណ៍សម្ងាត់ដែលថា លោក ស៊ី បានបញ្ជាឱ្យយោធារបស់គាត់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការវាយប្រហារលើកោះតៃវ៉ាន់នៅឆ្នាំ២០២៧។ ប៉ុន្តែលោកបានគូសបញ្ជាក់ទៀតថា វាមិនសំខាន់ថា លោក ស៊ី ជីនពីង នឹងសម្រេចធ្វើការវាយប្រហារនៅឆ្នាំ២០២៧ ឬឆ្នាំណាមួយនោះទេ អ្វីដែលសំខាន់នោះ គឺលោកស៊ីនឹងធ្វើវាមែន។
បើតាមការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្ម CIA សហរដ្ឋអាមេរិកមិនត្រូវមើលស្រាលពីមហិច្ឆការបស់ប្រធានាធិបតីចិនរូបនេះជាដាច់ខាត ចំពោះគោលបំណងឈ្លានពានកោះតៃវ៉ាន់។ លោកបានបន្ថែមថា អ្វីដែលធ្វើឱ្យមេដឹកនាំចិនមានការភ្ញាក់ផ្អើល និងមិនទាន់ទុក្ខចិត្ត នោះគឺការមើលឃើញនូវមេរៀនបរាជ័យដ៏អាម៉ាស់របស់រុស្ស៊ីច្រើនជាងជោគជ័យ នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។
ប្រតិកម្មរបស់ CIA ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី៣ ខែកុម្ភៈនេះ មានប្រភពព័ត៌មានមកថា ប៉េងប៉ោងបាឡុងហោះធំមួយ ត្រូវបានគេសង្ស័យថា ជាការបង្ហោះដោយប្រទេសចិន មកឈ្លបយកចារកម្មលើទឹកដីអាមេរិករយៈពេលពីរបីថ្ងៃ។ មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានណែនាំប្រធានាធិបតីលោក Joe Biden មិនឱ្យបាញ់ទម្លាក់វាចោលទេ ព្រោះខ្លាចកម្ទេចកម្ទីដែលគេមិនដឹងថាមានអ្វីខ្លះនៅក្នុងនោះ អាចគំរាមកំហែងសុវត្ថិភាពប្រជាជនអាមេរិក។
យ៉ាងណាមិញ ឧបទ្ទវហេតុប៉េងប៉ោងស៊ើបការណ៍របស់ចិននេះបានធ្វើឱ្យគេទាញការកត់សម្គាល់ឃើញថា ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រើប្រាស់ចារកម្មដាក់គ្នាទៅវិញទៅមកចំពេលដែលមានការកើនឡើងនៃភាពតានតឹងរវាងប្រទេសមហាអំណាចផុតលេខទាំងពីរនេះ។
សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅប្រទេសចិននៅសប្តាហ៍ក្រោយសម្រាប់ដំណើរទស្សនកិច្ច ដែលធ្លាប់បានព្រមព្រៀងគ្នាតាំងពីខែវិច្ឆិកាឆ្នាំមុន។ ហេតុនេះគេមិនច្បាស់ទេថា តើការរកឃើញនៃប៉េងប៉ោងចារកម្មចិននេះអាចប៉ះពាល់ដល់ផែនការទស្សនកិច្ចទាំងនោះដែរ ឬយ៉ាងណានោះទេ៕