ការដែលសិង្ហបុរីជាប់ចំណាត់ជាទីក្រុងដែលចំណាយខ្ពស់ជាងគេនៅតំបន់អាស៊ាន វាអត់មានអ្វីចម្លែកនោះទេ ប៉ុន្តែអ្វីដែលចម្លែក និងធ្វើឱ្យមានការជជែកដេញដោលនៅលើបណ្តាញសង្គមនោះ គឺរាជធានីភ្នំពេញរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់ទីពីរ នៅតំបន់អាស៊ាន ដែលជាទីក្រុងមានការចំណាយលើការរស់នៅខ្ពស់ជាងគេ។
តាមសេចក្តីរាយការណ៍ដែលចុះផ្សាយដោយ ASEAN Skyline ដោយដកស្រង់ Mercer's Cost of Living City Ranking 2024 បានឲ្យដឹងថា ទីក្រុងបាងកកប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី១២៩ ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាប់លំដាប់ទី១៣១ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ជាប់លំដាប់ទី១៥៧ ទីក្រុងហាណូយ ប្រទេសវៀតណាម ជាប់លំដាប់១៧២ ទីក្រុងហូជីមិញ នៅវៀតណាមដដែល ជាប់ទី១៧៨ ទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា និងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ជាប់លំដាប់ទី១៨៣ ទីក្រុងកូឡាឡាំពួរ ជាប់លំដាប់ទី២០០ និងទីក្រុងចូហួរបារូ ប្រទេសម៉ាឡេស៊ី ជាប់លំដាប់ទី២១៤។
Mercer’s Cost of Living City Ranking 2024 បានអះអាងថា ចំណាត់ថ្នាក់នេះ គឺគេបានធ្វើឡើងក្រោយពេលដែលគេបានស្ទាបស្ទង់តម្លៃនៃការរស់នៅក្នុងទីក្រុងសរុបចំនួន២២៦ នៅទ្វីបចំនួន៥ដែលមានតង់ស៊ីតេប្រជាពលរដ្ឋរស់នៅខ្ពស់ ដោយផ្សារភ្ជាប់នឹងប្រភេទនៃការចំណាយសរុបរហូតដល់ទៅ២០០ប្រភេទ ដោយរួមបញ្ចូលទាំងតម្លៃលំនៅដ្ឋាន ការដឹកជញ្ជូន អាហារ សម្លៀកបំពាក់ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងការកម្សាន្តនៅក្នុងរយៈពេលកំណត់១៤ថ្ងៃ។
ប្រភពដដែលបានអះអាងថា សម្រាប់អាហារវិញ គឺគេបានតាមដានវាយតម្លៃតាំងពីការចំណាយលើអាហារដ៏សាមញ្ញបំផុតដូចជាថ្លៃស៊ុត ថ្លៃប្រេងឆា រហូតដល់ថ្ងៃកាហ្វេនៅក្នុងមួយកែវ។ សម្រាប់ថ្លៃថាមពលវិញ គឺគេកំណត់រយៈពេលអង្កេតដូចគ្នា ដោយតាមដានតម្លៃនៃប្រេងឥន្ធនៈនៅតាមទីក្រុងទាំង២២៦។ ក្រៅពីនោះ សូម្បីតែការចំណាយលើថ្លៃកាត់សក់ ក៏ជាប្រភពនៃតម្លៃដែលត្រូវបានគេប្រើប្រាស់ជាសូចនាករមួយនៅក្នុងការទាញចេញជាមូលដ្ឋានកំណត់ជាមូលដ្ឋាននៅក្នុងការចេញរបាយការណ៍នេះផងដែរ។
របាយការណ៍ខាងលើបានឲ្យដឹងថា ទីក្រុងដែលមានការចំណាយថ្លៃជីវភាពរស់នៅប្រចាំឆ្នាំថោកជាងគេគឺទីក្រុង អាប៊ូចា (Abuja) និងទីក្រុងឡាហ្គូស (Lagos) នៅប្រទេសនីហ្សេរីយ៉ា បន្ទាប់មកគឺទីក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន និងទីក្រុង ប៊ីសខេក (Bishkek) ប្រទេសគីហ្ស៊ីស្ថាន និងទីក្រុង ការ៉ាជីប្រទេសប៉ាគីស្ថាន។ ដោយឡែក ទីក្រុងដែលមានការចំណាយថ្លៃជីវភាពរស់នៅប្រចាំឆ្នាំថ្លៃជាងគេបំផុត គឺមាន ហុងកុង ប្រទេសចិន សិង្ហបុរី ស៊ួរិច ហ្សឺណែវ និងទីក្រុងបាសែលនៅប្រទេសស្វីស៕
ដោយៈ សរ សុជាតិ