ឯកឧត្តមជឿជាក់ថា តាមរយៈទំនាក់ទំនងដោយស្មោះត្រង់ និងការប្តេជ្ញាចិត្តរួមគ្នា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនសម្រាប់ជាផលប្រយោជន៍ដល់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Bridgette Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយ នៃការកសាងភាពធន់របស់ប្រទេស ហើយកម្ពុជាចង់បានការវិនិយោគរបស់អាម៉េរិក ដែលមានគុណភាព និងមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។ ជាមួយគ្នានេះ ឯកឧត្តម បានលើកទឹកចិត្តឱ្យអាម៉េរិកពិភាក្សាត្រង់ទៅត្រង់មកជាមួយកម្ពុជា ដើម្បីស្វែងយល់អំពីតម្រូវការ និងឧបសគ្គរាំងស្ទះនានាពាក់ព័ន្ធបទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្ម។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានប្រាប់ភាគីអាម៉េរិក ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំយ៉ាងខ្លាំងក្លាក្នុងការបង្ក្រាបសកម្មភាពបោកប្រាស់តាមប្រព័ន្ធអនឡាញ ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាការឆបោកតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហារបស់កម្ពុជា តែឯងនោះទេ ប៉ុន្តែគឺជាបញ្ហារួមរបស់តំបន់ និងសកលលោក។
ជាការឆ្លើយតប លោកស្រី Bridgette Walker បានគូសបញ្ជាក់ថា ទោះបីកម្ពុជា បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាជម្លោះព្រំដែននាពេលថ្មីៗនេះ តែសហរដ្ឋអាម៉េរិក ចង់ឃើញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបន្តរីកចម្រើនទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។ លោកស្រីរំពឹងថា កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តនាពេលដ៏ខ្លីខាងមុខ នឹងជួយជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។ លោកស្រីរំពឹងផងដែរថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា ការទូត សង្គមកិច្ច ពាណិជកម្ម និងសន្តិសុខ៕