ស្កេមអនឡាញ

តើកម្ពុជា ត្រូវធ្វើដូចម្តេចដើម្បីជម្រះមន្ទិល និងកសាងទំនុកចិត្តដល់សហគមន៍អន្តរជាតិឡើងវិញជុំវិញបញ្ហាស្កេមអនឡាញ?


ទោះបីជាកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការអនុវត្តការបោសសម្អាតឧក្រិដ្ឋកម្មស្កេមអនឡាញឱ្យអស់ពីកម្ពុជា និងបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំង​នឹងការ​​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីពេលថ្មីៗនេះយ៉ាងណាក្តី ប៉ុន្តែក្រសែភ្នែករបស់សហគមន៍អន្តរជាតិ មើលមកកម្ពុជា នាពេលនេះ នៅតែស្ថិតក្នុងផ្លូវអវិជ្ជមាន ពិសេសក្រោយពេលសារព័ត៌មាន Al Jazeera ចេញផ្សាយវីដេអូស៊ើបអង្កេតពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញនៅតំបន់តារាសាគរថ្មីៗនេះ។
កសាងទំនុកចិត្តដល់សហគមន៍អន្តរ
ដោយ

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានគូសបញ្ជាក់ថា បញ្ហាការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា នៅតែជាបញ្ហាដ៏រសើប ដែលសហគមន៍អន្តរជាតិ បានដាក់ក្រសែភ្នែកមើលមកក្នុងរូបភាពអវិជ្ជមាន ជាពិសេសក្រោយសារព័ត៌មាន Al Jazeera ចេញផ្សាយវីដេអូស៊ើបអង្កេតពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញនៅតំបន់តារាសាគរនៅខេត្តកោះកុងថ្មីៗនេះ។

បើតាមអ្នកជំនាញរូបនេះ បញ្ហាស្កេមអនឡាញមិនមែនជាទំនួលខុសត្រូវដាច់ខាតរបស់កម្ពុជា តែឯងនោះទេ ប៉ុន្តែវាជាបញ្ហាប្រឈមរួមរបស់ពិភពលោក ខណៈការចញផ្សាយវីដេអូស៊ើបអង្កេតរបស់សារព័ត៌មាន Al Jazeera គឺជាសកម្មភាពមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានខិតខំអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបោសសម្អាតបញ្ហាស្កេមចេញពីកម្ពុជា។ ដើម្បីលុបបំបាត់រាល់មន្ទិលសង្ស័យ និងពង្រឹងទំនុកចិត្តពីសហគមន៍អន្តរជាតិឡើងវិញ លោកបណ្ឌិតយល់ថា រាជរដ្ឋាភិបាលគួរតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងបង្ហាញសកម្មភាពអនុវត្តជាក់ស្តែងឱ្យកាន់តែច្បាស់ចំពោះរាល់អ្នកពាក់ព័ន្ធដោយគ្មានការលើកលែង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា កត្តាដែលនាំឱ្យសហគមន៍អន្តរជាតិ នៅតែមានមន្ទិល និងសម្លឹងមកកម្ពុជា ក្នុងរូបភាពអវិជ្ជមាន គឺដោយសារពួកគេមើលលើលទ្ធផលអនុវត្តជាក់ស្តែង និងតម្លាភាពច្រើនជាងសេចក្តីប្រកាសនយោបាយ ខណៈឥទ្ធិពលនៃការបំបែកខ្លួន និងផ្លាស់ប្តូររូបភាពរបស់ក្រុមស្កេម បានជំរុញឱ្យការបង្ក្រាបមិនទាន់អាចជម្រះបានដល់ឬសគល់នៅឡើយ។

ម្យ៉ាងទៀតសារព័ត៌មានអន្តរជាតិ និងប្រទេសជិតខាងបានទាញយកប្រៀបលើសង្គ្រាមព័ត៌មាន ដោយរំលេចតែរូបភាពអវិជ្ជមានពីកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ទំនុកចិត្តអន្តរជាតិមិនអាចទិញបានដោយពាក្យពេចន៍ការទូតឡើយ ប៉ុន្តែត្រូវបានកសាងឡើងតាមរយៈតម្លាភាពនៃការអនុវត្តច្បាប់ និងការកាត់ផ្តាច់សរសៃឈាមឧក្រិដ្ឋកម្មជាក់ស្តែងទាំងក្នុងស្រុក និងតាមព្រំដែន ពោលគឺរាជរដ្ឋាភិបាលត្រូវដាក់ចេញចំណាត់ការច្បាស់លាស់ និងបន្ទាន់លើការអនុវត្តច្បាប់ចំពោះមេខ្លោង និងមន្ត្រីពាក់ព័ន្ធដោយគ្មានការលើកលែង។

ជុំវិញបញ្ហាស្កេមអនឡាញនេះដែរ នៅក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើឱ្យបណ្តាប្រទេសជាសមាជិក CICA ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែសកម្មបន្ថែមទៀត។

សម្តេចបានសង្កត់ធ្ងន់ថា ស្របពេលពិភពលោកកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល នោះឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងៗក៏កាន់តែមានភាពស្មុគស្មាញ ហើយបញ្ហានេះមិនអាចដោះស្រាយដោយប្រទេសណាមួយតែឯកឯងបានឡើយ។

គួររំលឹកថា ថ្មីៗនេះកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមពីតំណាង នៃប្រទេសចំនួន២៦ និងអង្គការអន្តរជាតិចំនួន៧រួមមានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC) និងបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដោយបានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងសកម្មភាពរួមដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមឆ្លងដែនដែលកំពុងកើនឡើងនេះ៕




អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភបាតុភូតអែលនីញ៉ូ ទាញទម្លាក់ទិន្នផល​ និងគុណភាពដំឡូងមី​ និងស្វាយចន្ទី

បាតុភូតអែលនីញ៉ូ ត្រូវបានព្យាករថា នឹងគ្របដណ្ដប់ក្នុងកម្រិត១០០% ពីចុងខែតុលា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ស្របពេលដែលរដូវវស្សាប្រចាំឆ្នាំ២០២៦ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ