អន្តោប្រវេសន៍

វិបត្តិប្រជាសាស្ត្របង្ខំឱ្យជប៉ុនអនុញ្ញាតឱ្យជនបរទេសរស់នៅប្រទេសខ្លួនរហូតដល់ជាង៤លាននាក់


ចំនួនជនបរទេស ដែលទទួលបានសិទ្ធិរស់នៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសធ្លាប់តែមានគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹងបំផុតមួយក្នុងពិភពលោកបានកើនឡើងដល់កម្រិតកំពូលជាប្រវត្តិសាស្ត្រ រហូតដល់ជាង៤លាននាក់។ ជនបរទេសដែលមករស់នៅប្រទេសជប៉ុន ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៦នៅអាស៊ីច្រើនជាងគេរួមមានជនជាតិចិន វៀតណាម និងកូរ៉េខាងត្បូង។ ពួកគេភាគច្រើនជាពលករជំនាញ ដែលមានសមត្ថភាពច្បាស់លាស់ ដើម្បីមកបំពេញតម្រូវការទីផ្សារពលកម្មដែលកំពុងខ្វះខាតយ៉ាងធ្ងន់ធ្ងរ។
ជនបរទេសរស់នៅប្រទេសជប៉ុន
ដោយ

ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុនបានទម្លាយទិន្នន័យថា គិតត្រឹមដំណាច់ខែមិថុនា ចំនួនជនបរទេសដែលទទួលបានការអនុញ្ញាតឱ្យស្នាក់នៅរយៈពេលយូរនៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ជាង៤លាននាក់ ដែលស្មើនឹងជាង៣% នៃប្រជាជនសរុបរបស់ប្រទេស។ តួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ មិនរាប់បញ្ចូលអ្នកធ្វើដំណើររយៈពេលខ្លី ដូចជាអ្នកទេសចរនោះទេ។

យោងតាមការរាយការណ៍របស់សារព័ត៌មាន The Japan Times ចំនួនជនបរទេសស្នាក់នៅក្នុងប្រទេសជប៉ុនបានកើនឡើងជាង១៥ម៉ឺននាក់ បើធៀបនឹងដំណាច់ឆ្នាំ២០២៥។ បច្ចុប្បន្ន ប្រទេសជប៉ុនមានប្រជាជនសរុបប្រមាណជាង១២២លាននាក់ ដោយឈរនៅលេខរៀងទី៦ ជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាស៊ី។

ពាក់ព័ន្ធនឹងនិន្នាការកើនឡើងនេះ លោក តាកាស៊ី យ៉ាម៉ាស៊ីតា (Takashi Yamashita) រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៦ ខែតុលា ថា ជប៉ុននឹងបន្តអនុវត្តការគ្រប់គ្រងអន្តោប្រវេសន៍ប្រកបដោយភាពម៉ឺងម៉ាត់ ប៉ុន្តែមានភាពបត់បែន ដើម្បីធានាថា ទាំងពលរដ្ឋជប៉ុន និងជនបរទេសអាចរស់នៅជុំគ្នាក្នុងសង្គមដោយសុវត្ថិភាព និងសន្តិសុខពេញលេញ។

ក្នុងចំណោមជនបរទេសដែលកំពុងស្នាក់នៅរយៈពេលយូរទាំងអស់ ជនជាតិដែលឈានមុខគេរួមមានចិនមានចំនួនច្រើនជាងគេរហូតដល់ជាង៩៤ម៉ឺននាក់, វៀតណាមជាង៦៩ម៉ឺននាក់ និងកូរ៉េខាងត្បូងជិត៤១ម៉ឺននាក់។

ពួកគេភាគច្រើនជាពលករជំនាញ និងអ្នកឯកទេសដែលជប៉ុនទាក់ទាញមក ដើម្បីដោះស្រាយវិបត្តិខ្វះខាតកម្លាំងពលកម្មក្នុងវិស័យគន្លឹះៗដូចជាការថែទាំសុខភាព, កសិកម្ម, សេវាកម្មម្ហូបអាហារ, វិស្វកម្ម, អ្នកឯកទេសផ្នែកមនុស្សសាស្ត្រ និងសេវាកម្មអន្តរជាតិ ព្រមទាំងរួមបញ្ចូលទាំងក្រុមនិស្សិតបរទេសផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីបង្កវិបត្តិផ្សែងអ័ព្ទពុល គំរាមកំហែងសុខភាពប្រជាជនទូទាំងអាស៊ីអាគ្នេយ៍

ភ្លើងឆេះព្រៃនៅឥណ្ឌូនេស៊ីកំពុងបង្កផលប៉ះពាល់លើសពីការបំផ្លិចបំផ្លាញបរិស្ថាន ខណៈដែលផ្សែង និងអ័ព្ទពុលកំពុងរាលដាលឆ្លងព្រំដែនទៅកាន់ប្រទេសជាច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ